34 C
Phnom Penh

ក្រសួងធនធានទឹក បន្តប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នទៅនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងធនធានទឹក និងឧតុនិយម បន្តអំពាវនាវដល់ពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិរួមមាន ផ្គរ រន្ទះ និងភ្លៀងខ្យល់។

ការអំពាវនាវនេះ ស្របពេលដែលស្ថានភាពជំនន់ទឹកភ្លៀង និងបាតុភូតធម្មជាតិ រន្ទះបាញ់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១១នាក់ ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែកញ្ញា ស្តីពីស្ថានភាពអាកាសធាតុពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឱ្យដឹងថាប្រព័ន្ធសម្ពាធទាបបានអូសបន្លាយឆ្លងកាត់ភាគខាងជើងកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា។  ប្រព័ន្ធសម្ពាធទាបនេះ នឹងធ្វើឱ្យស្ថានភាពអាកាសធាតុនៅបណ្តាខេត្តតាមតំបន់ទំនាបកណ្តាលនិង តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន។

ដោយឡែក បណ្តាខេត្តនៅតាមតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ ក្រសួងបន្តថា អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាដើម។

ដោយឡែក ពលរដ្ឋរស់នៅតំបន់មាត់សមុទ្រ អ្នកនេសាទ និងអ្នកដំណើរសមុទ្រវិញ សូមប្រុងប្រយ័ត្នចំពោះភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា។

កាលពីថ្ងៃម្សិលមិញ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញរបាយការណ៍ដោយបង្ហាញថា ឥទ្ធិពលនៃព្យុះទី១១ ដែលកើតឡើងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យប៉ះពាល់ដល់ក្រុង ស្រុកចំនួន១០ ក្នុងខេត្តចំនួន៥នៅកម្ពុជា រួមមានខេត្តព្រះសីហនុ ឧត្តរមានជ័យ ពោធិ៍សាត់ កោះកុង និងខេត្តបៃលិន។ ប្រភពដដែលបន្តថា ក្នុងចំណោមខេត្តទាំង៥នេះ ខេត្តព្រះសីហនុ ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។

របាយការណ៍បន្ថែមថា គិតត្រឹមម៉ោងជាង៧យប់ ថ្ងៃទី២០ ខែកញ្ញាម្សិលមិញ មានពលរដ្ឋចំនួន ១១នាក់ បានស្លាប់ ក្នុងនោះពលរដ្ឋ                      ៨នាក់បានស្លាប់ដោយសាររន្ទះបាញ់។

ដោយឡែកពលរដ្ឋ៣នាក់ទៀត ស្លាប់ដោយសារលង់ទឹក ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង។ លើសពីនេះ ផ្ទះសម្បែងពលរដ្ឋជិត២ពាន់ខ្នងបានលិចលង់ និងមានពលរដ្ឋជិត៥០០នាក់ បានជម្លៀសចេញពីភូមិដោយសារឥទ្ធិពលនៃព្យុះនេះផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស