31 C
Phnom Penh

មេដឹកនាំតៃវ៉ាន់ហៅអ្នកបើកយន្តហោះចម្បាំងតៃវ៉ាន់បណ្ដេញយន្តហោះចម្បាំងចិនថាជាវិរជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងរយៈពេលចុងក្រោយនេះ ចិនត្រូវបានមើលឃើញថាបានបង្កការគំរាមកំហែងជាខ្លាំងមកលើដែនកោះតៃវ៉ាន់ ដោយធ្វើសមយុទ្ធកងនាវានិងទ័ពអាកាស ជាញឹកញាប់បើកបរក្រឡឹងច្រកសមុទ្រតៃវ៉ាន់ ហើយបង្ហោះយន្តហោះចម្បាំង ហោះហើរលើដែនអាកាសតៃវ៉ាន់ ដែលមើលទៅហាក់ដូចជាការគំរាមលុកលុយដែនកោះមួយនេះនៅពេលណាមួយ។

កាលពីធ្ងៃទី ១៧ ខែកញ្ញា ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា យន្ដហោះចម្បាំងចិនសរុបចំនួន ១៨គ្រឿងក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែក២គ្រឿងបានហោះហើរលើដែនអាកាសកោះតៃវ៉ាន់ ដោយ ហោះកាត់ខ្សែស្របពាក់កណ្តាល នៃច្រកសមុទ្រតៃវ៉ាន់ ហើយមួយចំនួនទៀតបានហោះកាត់តំបន់ការពារដែនអាកាស នៅឆ្នេរសមុទ្រភាគនិរតីរបស់ដែនកោះនេះ។

តែបែបនេះក្ដី តៃវ៉ាន់ត្បិតជា ដែនកោះតូចមួយ គឺមិនបានទុកឱកាសអោយចិន រំលោភដែនអាកាសរបស់ខ្លួនបានឡើយ ។

ដែនកោះនេះ បានបញ្ជាយន្តហោះចម្បាំងជាច្រើនគ្រឿង ហោះក្រឡឹងយន្តហោះចិន ហើយបណ្ដេញយន្តហោះចិនចេញពីដែនអាកាសរបស់តៃវ៉ាន់ ។

ក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យទ័ពជើងអាកាស នៅថៃ្ងនេះ ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី សាយអ៊ឹងវិន បានកោតសរសើរយ៉ាងខ្លាំងចំពោះវីរភាព របស់អាកាសយានិកយន្ដហោះចម្បាំងតៃវ៉ាន់ ដែលបានហោះដេញតាមស្ទាក់យន្ដហោះចម្បាំងចិន ដែលបានហោះចូលក្នុងដែនអាកាសនៃដែនកោះមួយនេះ ។ អ្នកស្រីចាត់ទុកពួកគាត់ជាវិរជនតៃវ៉ាន់។

 តាមការចេញផ្សាយ ដោយសារព័ត៌មាន The Strait Times  នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា នេះអ្នកស្រី សាយអ៊ឹងវិនបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីប្រជុំកោះ Penghu ស្ថិតនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។

អ្នកស្រី សាយបានប្រាប់ក្រុមអាកាសយានិកថា អ្នកស្រីបានដឹងពីវីរភាពរបស់ពួកគេ នៅពេលហោះតាមស្ទាក់ និងបណ្ដេញយន្ដហោះចម្បាំងចិន ឱ្យចេញពីដែនអាកាសតៃវ៉ាន់។

ស្ត្រីប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ថា តៃវ៉ាន់នឹងមិនបណ្ដោយអោយ មានការបង្ហាញក្បួន ឬកម្លាំងកងទ័ពប្រទេសណាមួយមកលើដែនអាកាសតៃវ៉ាន់ឡើយ។ អ្នកស្រីប្ដេជ្ញា ការពារដែនកោះតៃវ៉ាន់ ប្រឆាំងនឹងកម្លាំងឈ្លានពានពីប្រទេសក្រៅណាមួយក៏ដោយ។

ក្នុងស្ថានភាពដែល កងទ័ពអាកាសតៃវ៉ាន់ បានបង្ហាញការប្រឆាំងទៅលើ កងយន្តហោះចម្បាំងចិនដូចនេះ អ្នកស្រីសាយ មានទំនុកចិតជាខ្លាំងលើសមត្ថភាព អ្នកបើកយន្តហោះ ចម្បាំងឬក្រុមអាកាសយានិក និងកងទ័ពតៃវ៉ាន់ទាំអស់ក្នុងការពារដើម្បីដែនកោះតៃវ៉ាន់។ អ្នកស្រីថ្លែងអំណរគុណជាខ្លាំង ដែលកងទ័ពតៃវ៉ាន់ បានបង្ហាញសក្ដានុពលកងទ័ព ដើម្បី ដែនកោះមួយនេះដ៏រឹងមាំ។

បន្ទាប់ពីបណ្ដេញយន្តហោះចម្បាំចិន ចំនួន១៨គ្រឿងអោយត្រឡប់ ចូលដែនអាកាសចិនវិញ  ក្រសួងការពារជាតិតៃវ៉ាន់ ប្រកាស គំរាមថានឹងវាយប្រហារ លើកងទ័ពចិន បើសង្រ្គាមផ្ទុះឡើង។

ប្រភពយោធាតៃវ៉ាន់បានបញ្ជាក់ប្រាប់Channel News Asiaអោយដឹងនៅថ្ងៃទី២០ ខែកញ្ញាថា តៃវ៉ាន់នឹងមិនបង្កើតអោយមាន ចលនាបង្ករឿងណាមួយនោះទេ។ ប៉ុន្ដែ តៃវ៉ាន់នឹងធ្វើការវាយ បកឥតត្រាប្រណីបើសិនកងទ័ពចិនវាយប្រហារមកលើតៃវ៉ាន់មុននោះ។

តែបែបនេះក្ដី គេដឹងថា សកម្មភាពយន្ដហោះចម្បាំងរបស់ចិនទាំង១៨គ្រឿងដែលហោះហើរលើដែនអាកាសតៃវ៉ាន់ គឺជាការបង្ហាញប្រតិកម្ម យ៉ាងខ្លាំងរបស់ទីក្រុងប៉េកាំង ចំពោះ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចលោក Keith Krach ដែលបានមកជាន់ទីក្រុងតៃប៉ិ កាលពីថ្ងៃទី១៧កញ្ញា  មួយថ្ងៃបន្ទាប់ពីប្រទេសចិនបានប្រកាសថា កងទ័ពប្រជាជនចិននឹងធ្វើសមយុទ្ធយោធា នៅជិតច្រក សមុទ្រតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងមន្ត្រីរបស់សហរដ្ឋអាមេរិករូបនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស