33 C
Phnom Penh

ពលរដ្ឋម្នាក់ ប្តឹងប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ដែលស្រវឹងស្រាដកកាំភ្លើងគំរាមបាញ់សម្លាប់មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក រាជធានីភ្នំពេញ លោក ជុយ សុខហេង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានសម្រេចដាក់ពាក្យបណ្តឹងប្តឹង លោកវរសេនីយ៍ឯក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ និងជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ មានអត្តលេខ៩៩៦ ទៅកាន់ស្ថាប័នធំៗចំនួន៣ ដើម្បីឲ្យជួយរកយុត្តិធម៌ រួមមាន៖ សម្តេចក្រឡាហោម ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងប្រធានគណៈមេធាវីនៃព្រះរាជណាចក្រកម្ពុជា។

ពាក្យបណ្តឹងនោះ លោក ជុយ សុខហេង ដែលជាដើមបណ្តឹងបានប្តឹង លោក ថ្លាង ភិនរ៉ា ថាបានជេរប្រមាថ និងគំរាមបាញ់សម្លាប់រូបលោកជាម្ចាស់ហាង និងភរិយា កាលពីវេលាថ្ងៃត្រង់ទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចហាងគុយទាវអង្គរជុំសាខាទួលគោកតែម្តង។

ពាក្យបណ្តឹងដដែលនេះ បានរៀបរាប់ថា នៅថ្ងៃកើតហេតុ ម្ចាស់ហាងខាងលើ បានរៀបចំអាហារហូបចុកជួបជុំគ្នា ជាមួយមិត្តភក្តិប្រមាណ ៨នាក់ ជាលក្ខណៈមិត្តភាព នៅទីតាំងហាងគុយទាវរបស់ខ្លួន ព្រោះមិនមានការបើកលក់នោះទេ ដោយជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។

លោក សុខហេង ឲ្យដឹងទៀតថា លុះការហូបចុកបានមួយសន្ទុះ ក៏ស្រាប់ឃើញវត្តមាន លោក ថ្លាង ភិនរ៉ា ដើរចូលមកកន្លែងហូបចុករបស់លោក ដោយមិនមានការអញ្ជើញនោះឡើយ តែដោយសារធ្លាប់ស្គាល់គ្នាទើបអ្នករួមតុ បានអនុញ្ញាតឱ្យលោក ថ្លាង ភិនរ៉ា រួមតុតែម្តង។

លោក សុខហេង បន្តថា ការហូបចុកក៏បានបន្តរហូតដល់ម៉ោងប្រមាណ ២រសៀល ហើយមិត្តភក្តិមួយចំនួន ក៏បានវិលត្រឡប់ទៅផ្ទះអស់ គឺនៅសល់មនុស្សប្រមាណ ៥នាក់ប៉ុណ្ណោះ គឺមានរូបលោក និងភរិយាផង ដែរ បានអង្គុយហូបចុកមួយតុរួមគ្នា។

ក្រោយមក លោក ថ្លាង ភិនរ៉ា ដែលមានអាការៈស្រវឹងស្រាផងនោះ ក៏បានចាប់ផ្តើមប្រើពាក្យសម្តីព្រមានពីការបិទហាង ឬដាក់នគរបាលចាំត្រួតពិនិត្យជាតិអាល់កុល នៅមុខហាងគុយទាវជាដើម។ មិនត្រឹមប៉ុណ្ណោះទេ លោក ថ្លាង ភិនរ៉ា ថែមទាំងបានអួតអាងថា ខ្លួនអាចទូរស័ព្ទទៅលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យបិទហាងគុយទាវអង្គរជុំ ពេលណាក៏បានថែមទៀតផង។

លោក សុខហេង បានរៀបរាប់ក្នុងពាក្យបណ្តឹងបន្តទៀតថា ក្រោយមានការលើកឡើងបែបនេះ រូបលោកក៏បានតមាត់ទៅវិញថា ហាងរបស់លោកលក់គុយទាវ កាហ្វេ មិនបានលក់គ្រឿងញៀនអីនោះទេ ហេតុអ្វីក៏ចង់បិទហាងរបស់លោក។ បើតាមការរៀបរាប់របស់លោក សុខ ហេង ក្រោយពីប៉ះសម្តីគ្នាបែបនេះ លោក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃរូបនេះ ក៏បានដកកាំភ្លើងខ្លីពីចង្កេះ រួចអាមេបញ្ចូលគ្រាប់ភ្ជង់ទៅលើរូបលោក និងភរិយា។

ជាងនេះទៀត លោក ថ្លាង ភិនរ៉ា មិនត្រឹមតែបានដកកាំភ្លើងមកភ្ជង់នោះទេ បុគ្គលរូបនេះ ក៏បានប្រើសម្តីធ្ងន់ៗគំរាមសម្លាប់រូបលោក និងភរិយាថែមទៀតផង។

ជនរងគ្រោះបានទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក និងបានស្នើសូមឲ្យច្បាប់ផ្តន្ទាទោសលើមន្ត្រីនគរបាលរូបនេះ ឲ្យបានធ្ងន់ធ្ងរ បំផុត ដោយមិនអាចលើកលែងបានទេ។

យ៉ាងនេះក្តី The Cambodia Daily មិនទាន់អាចមានប្រភពទាក់ទង លោកវរសេនីយ៍ឯក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ និងជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ ដើម្បីបំភ្លឺជុំវិញការដាក់ពាក្យបណ្តឹង ឬការចោទប្រកាន់ ខាងលើបានទេនៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស