នយោបាយ

ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ដល់ជាង -៥%

By ឌឹ ខេមបូឌា ដេលី

September 24, 2020

មន្ត្រីជាន់ខ្ពស់របស់ធនាគាអភិវឌ្ឍន៍អាស៊ីបានអះអាងថា ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាកពីការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២០ ក្នុងរង្វង់ពី -៤.០% បើធៀបទៅនឹងការព្យាករណ៍ កាលពីខែមិថុនាកន្លងទៅក្នុងរង្វង់ -៥.៥% នោះ ។

អ្នកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី អះអាងថា ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ ហិរញ្ញប្បទានសម្បទានចំនួន២៥០ លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលពង្រីកការគាំពារសង្គម និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។

អ្នកស្រីបញ្ជាក់ថា ជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅកម្ពុជា ដូច្នេះវិស័យមួយនេះបានធ្លាក់ចុះ ៩៨.១% បានបង្ខំឱ្យអាជីវកម្មជាង ៣ពាន់ ត្រូវបិទទ្វារ ហើយកម្មករប្រមាណ ៤ម៉ឺន ៥ពាន់នាក់ បានបាត់បង់ការងារទាំងស្រុង។

អ្នកស្រីបន្តថា ហានិភ័យនៅតែមានដូចជាការបន្តធ្លាក់ចុះ នៃ   ឧស្សាហកម្ម កាត់ដេរ សំណង់ និងការថយចុះ នៃកសិផលជាដើម ហើយជាងនេះទៀតការធ្លាក់ចុះយ៉ាងខ្លាំង នៃការបញ្ជាទិញពីអឺរ៉ុប និងអាម៉េរិកខាងជើង បាននាំដល់ការបិទទ្វារនៃ រោងចក្រសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងប្រហែល ១ភាគ៣ ក្នុងឆមាសទី១ នៃឆ្នាំ ២០២០ នេះ។

ការអះអាងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី បច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook Update) សម្រាប់ឆ្នាំ២០២០ ដែលរៀបចំឡើងនៅទីស្នាក់ការរបស់ ADB ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ព្រឹកម៉ិញនេះ។

យ៉ាងណាក៏ដោយ ការព្យាករណ៍នេះ គឺខុសគ្នាឆ្ងាយពីការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចកម្ពុជាដែលបានចុះផ្សាយកាលពីខែមិថុនា កន្លងទៅថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថយចុះត្រឹម -១,៩% នៅឆ្នាំ២០២០នេះ។

យ៉ាងនេះក្តីកាលពីថ្ងៃទី១២ ខែសីហា កន្លងទៅ គណៈកម្មការអឺរ៉ុបបានសម្រេចដកការលើកលែងពន្ធ ២០% តាមប្រព័ន្ធអនុគ្រោះពន្ធEBA (everything but arm) ក្នុងនោះទំនិញរបស់កម្ពុជា៤០ប្រភេទ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុងតម្លៃ១ពាន់លានអ៊ឺរ៉ូ ជារៀងរាល់ឆ្នាំ នឹងត្រូវបង់ពន្ធប្រមាណ១រយលានដុល្លារអាមេរិក ដើម្បីអាចនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

យ៉ាងណាក៏ដោយការដក EBA ២០%នេះ ជាជំហានដំបូងរបស់សហភាពអឺរ៉ុប តែប៉ុណ្ណោះ តែអឺរ៉ុបក៏នៅតែបានបើកផ្លូវឱ្យកម្ពុជាអាចទទួលបានមកវិញផងដែរ ប្រសិនបើកម្ពុជាធ្វើតាមការតម្រូវរបស់អឺរ៉ុប នោះគឺ កម្ពុជាត្រូវធានាឲ្យបាននូវការស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងបញ្ឈប់ការបិទសិទ្ធិសេរីភាពអ្នកតវ៉ាបញ្ចេញមតិជាដើម។