30.1 C
Phnom Penh

ប្រធានាធីបតីហ្វីលីពីនប្រាប់មហាសន្និបាតUNថា ហ្វីលីពីនគឺជាឈ្នះក្ដីលើចិន ក្នុងជម្លោះសមុទ្រចិនខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានសម្រេចលើកយកករណីសាលក្រមនៃមជ្ឈឹត្តការអន្តរជាតិ ដោយប្រាប់ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា សាលក្រមរបស់សាលាក្ដីអន្តរជាតិនេះ បានកាត់សេចក្ដីអោយហ្វីលីពីនជាអ្នកឈ្នះក្នុងការគ្រប់គ្រង ដែនទឹកនិងដែនកោះមួយចំនួនរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង។

នេះជាលើកដំបូងហើយដែល មេដឹកនាំហ្វីលីពិនម្នាក់នេះ បានថ្លែងដូចនេះ ប្រាប់ទៅគណៈប្រតិភូនៃប្រទេសនានាដែលបានចូលរួមស្ដាប់មហាសន្និបាតអង្គការសហប្រជាជាតិ ធ្វើតាមប្រព័ន្ធ Online  នៅថ្ងៃពុធ ទី២៣ ខែកញ្ញានេះ។

តាមបណ្ដាញផ្សាយព៏ត៌មាន CNB News  លោក Duterte បាននិយាយថា រដ្ឋបាលរបស់លោក បានសច្ចាថា នៅតែប្ដេជ្ញាអនុវត្ត ទៅតាមសាលក្រម របស់មជ្ឈឹត្តការអន្តរជាតិដែលផ្ដល់សិទ្ធិឲ្យហ្វីលីពីន ចូលកាន់កាប់ដែនទឹករបស់ខ្លួន នៅសមុទ្រហ្វីលីពីនខាងលិច ដែលគេហៅជាទូទៅថាសមុទ្រចិនខាងត្បូង។

ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ថា ក្រុងម៉ានីលសូមសន្យាថាគោរពនិងអនុវត្តតាមសាលក្រមនេះ ហើយនិងអនុវត្តច្បាប់សមុទ្រអន្តរជាតិ ។

សាលក្រមនៃមជ្ឈឹត្តការអចិន្ត្រៃយ៍អន្តរជាតិ កាលពីឆ្នាំ២០១៦ ដែលបានផ្ដល់សិទ្ធិទៅអោយហ្វីលីពីនឈ្នះក្ដី មិនត្រូវបានរដ្ឋាភិបាលកុម្មុយនិស្តចិន ទទួលស្គាល់ នោះទេ។

មហាយក្សអាស៊ីមួយនេះ បានទាត់ចោល ហើយបានបង្ខំអោយក្រុងម៉ានីលបោះបង់ចោលសាលក្រមនេះទៀតផង។ ចិនបានបញ្ចូននាវាចម្បាំងរបស់ខ្លួនទៅបំពាន និងចូលកាន់កាប់កោះរបស់ហ្វីលីពីនថែមទៀត។ ក្រុងប៉េកាំងប្រកាសអោយក្រុងម៉ានីលមកចរចាជាមួយខ្លួន ជាជាងអាងតែសាលក្រមនេះដើម្បីគំរាមចិន។

លោកប្រធានាធិបតី Duterte បានចាត់ទុក សាលក្រមនៃមជ្ឈឹត្តការអចិន្ត្រៃយ៍អន្តរជាតិនេះគឺជាផ្នែកមួយនៃច្បាប់អន្តរជាតិ ដែលប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ត្រូវអនុវត្ត គឺគ្មានភាគីណាមួយ ប្រកែក ឬបដិសេធមិនអនុវត្ត បានឡើយ។ លោកបានទាត់ចោលការដែលលើកឡើងថា លោកចង់បំផ្លាញសាលក្រមនេះ។

លោកDuterte មិនបានវាយប្រហារឬថ្លែងចំអក ចំៗទៅលើប្រទេសចិននោះទេ តែលោកសង្ឃឹមថា សេចក្ដីថ្លែងការណ៍របស់លោក  អាចធ្វើឲ្យភាគីពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង ទទួលយកបាន ។

ភាគីចិន ដែលមិនបានចូលខ្លួនក្នុងអំឡុងមជ្ឈឹត្តការអចិន្ត្រៃយ៍អន្តរជាតិជំនុំជម្រះក្ដី មិនបានឃើញប្រតិកម្មភ្លាមៗនឹងសេចក្ដីថ្លែងការណ៍របស់មេដឹកនាំហ្វីលីពីនរូបនេះទេ។

សម្រាប់លោកDuterte ថ្លែងថាហ្វីលីពីន នៅមានភាពកក់ក្ដៅនៃចំណងទាក់ទង ជាមិត្តភាពជាមួយនឹងចិន។ ប៉ុន្តែប្រយោគមួយដ៏មុជស្រួចរបស់ លោកDuterte គឺ លោកចង់ប្រាប់ទៅភាគីចិនថា ហ្វីលីពីនមិនចង់ប្រឈមមុខនឹងចិនទេ។ ចំណែកចំណងទាក់ទងការទូត ត្រូវតែមាន តែបើមហាអំណាចណាមួយបង្កអោយមានសង្គ្រាម គឺហ្វីលីពីន ត្រូវតែធ្វើសង្រ្គាមជាមួយមហាអំណាចនោះព្រោះបានឈ្លានពានដែនអធិបតេយ្យរបស់ហ្វីលីពីន។

សេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីហ្វលីពីន ដែលត្រូវបានកត់សំគាល់ថា ជាការវាយបំបាក់មុខ មេដឹកនាំចិនប្រធានាធិបតីស៊ីជីនពីង នៅចំពោះមុខប្រតិភូនៃមហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០២០នេះ គឺសម្រាប់ប្រទេសនៃសមាគមអាស៊ានមួយនេះ ត្រូវថ្លែងជាវាគ្មិននៅលេខរៀងទី១២ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន កូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀត។

ប្រទេសដែលកំពុងមានជម្លោះ ជាមួយចិន នៅក្នុងជម្លោះដែនទឹកនៃ  សមុទ្រចិនខាងត្បូង គឺក្នុងនោះសមាគមអាស៊ាន មានប្រាំប្រទេស ដែលរួមមាន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងចុងក្រោយ គឺឥណ្ឌូនេស៊ី ។ មានការរំពឹងថា សេចក្ដីថ្លែងការណ៍របស់ មេដឹកនាំវៀតណាម និងប្រទេស ៣ទៀតនៃសមាគមអាស៊ាន ដែលមានជម្លោះជាមួយចិន ក៏នឹងថ្លែងអំពីជម្លោះសមុទ្រចិនខាងត្បូងនេះដែរ ហើយអាចនិយាយយោងទៅលើប្រទេសចិនផងដែរ។  

ដោយឡែកដែនកោះតៃវ៉ាន់ ដែលបារម្ភអំពីការបាត់កោះរបស់ខ្លួនទៅប្រទេសចិន គឺដែនកោះមួយនេះមិនមានឱកាសឡើងថ្លែងដូច ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិនោះទេ ព្រោះតែពុំមាន ឋានៈជាសមាជិករបស់អង្គការពិលោកមួយនេះទេ។

ដែនកោះមួយនេះដែលមានប្រជាជនជាង២៣លាននាក់ បានសម្រេចអោយសហរដ្ឋអាមេរិកជួយការពារពារដែនកោះរបស់ខ្លួនដែលស្ថិតនៅសមុទ្រចិនខាងត្បូងហើយកំពុងស្ថិតក្នុងសភាពងាយបាត់បង់ទៅលើប្រទេសចិនជាសត្រូវសាច់ឈាមតែមួយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស