26 C
Phnom Penh

លោក ហ៊ុន សែន ប្រកាសអបអរសាទរខួប២៧ឆ្នាំនៃរដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខដឹកនាំរដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសអំពីមោទនភាពនៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ដែលបានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ និងតុលាការ និងចែងអំពីការគោរពសិទ្ធិជា មូលដ្ឋានរបស់ពលរដ្ឋថែមទៀត។

លោក ហ៊ុន សែន បានបង្ហោះសារ អបអរសាទរខួប ២៧ ឆ្នាំនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា នេះថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។

លោក ហ៊ុន សែន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ រួមមាន កម្ពុជាត្រូវគោរពដាច់ខាតនូវ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស និង គោលការណ៍នីតិរដ្ឋជាដើមទៀតផង។

ការអះអាងរបស់មេដឹកនាំដែលល្បីល្បាញខាងការរំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិនយោបាយ ឬរំលោភសិទ្ធិជួបប្រជុំរូបនេះធ្វើឡើងក្នុងទិវា អបអរសាទរខួបទី ២៧ ឆ្នាំ នៃការប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចាប់កំណើតនៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ហើយអតីតព្រះមហាក្សត្រគឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានឡាយព្រះហត្ថលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ កន្លងទៅ ។

យ៉ាងនេះក្តី លោក គឹម សុខ អ្នកវិភាគនយោបាយសង្គមបានចោទថា ខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ២៤ ខែកញ្ញា ឆ្នាំ១៩៩៣ បានកប់បាត់ក្នុងក្រអូមមាត់ នៃជនល្មោភអំណាចនិយមទៅហើយ ជាក់ស្ដែងពលរដ្ឋខ្មែរ ដែលគ្រាន់តែប្រើសិទ្ធិអហិង្សា ទាមទារយុត្តិធម៌ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ត្រូវក្រុមបក្ខពួកលោក ហ៊ុន សែន ចាប់បញ្ជូនចូលគុកទាំងគ្មានកំហុសដែរ។

លោកអះអាងថា ខ្លឹមសារច្បាប់ខ្លះ ដូចជាបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសក្នុងផ្នែកទី៣ នៃក្រមព្រហ្មទណ្ឌ បានផ្ទុយនឹងខ្លឹមសាររដ្ឋធម្មនុញ្ញ ដែលចែងអំពីការបើកលំហសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ។

នេះមិនទាន់និយាយឲ្យលំអិតដល់ច្បាប់ផ្សេងទៀតដែលក្រុមលោក ហ៊ុន សែន កែសម្រួល និងរៀបចំធ្វើឡើង ទាំងមិនស្របនឹងខ្លឹមសាររដ្ឋធម្មនុញ្ញ ដើម្បីសង្កត់សិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរទូទៅ ដើម្បីគ្រាន់តែការពារផែនការអំណាចគ្រួសារត្រកូល ហ៊ុនតែប៉ុណ្ណោះ ។

ចាប់តាំងពីឆ្នាំ១៩៩៤ មករដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្ម ឬកែប្រែចំនួន ៩លើកហើយ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងក្នុងទិវាអបអរសាទរ ធម្មនុញ្ញនេះដែរថា មាត្រា៥១ ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ដូច្នេះ អំណាចរដ្ឋមិនមែនជាកម្មសិទ្ធិរបស់មនុស្សមួយក្រុមតូចទុកចែកបន្តទៅកូនទៅចៅ ដូចផ្ទះសម្បែង ឬដីធ្លីនោះទេ។

ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា ក្រុមបក្ខពួកលោក ហ៊ុន សែន បាននាំគ្នាកែសម្រួល និងរៀបចំបង្កើតច្បាប់ថ្មីៗបន្ថែមទៀតមានដូចជា ច្បាប់បាតុកម្ម ច្បាប់ស្ដីពីរបបសារពត៌មាន ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោត ច្បាប់ស្ដីពីសហជីព ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ជាដើម គឺក្នុងចេតនាដើម្បីគៀបសង្កត់សិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរ ឆ្ពោះទៅសម្រេចមហិច្ឆតាបន្តអំណាចគ្រួសារត្រកូលហ៊ុនតែប៉ុណ្ណោះ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស