34 C
Phnom Penh

អាមេរិកនឹងផ្តល់កម្ចីមានអត្រាការប្រាក់ទាបដើម្បីជួយដល់វិស័យ ឯកជននៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា អាមេរិកតាមរយៈសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិកហៅកាត់ថា DFC នឹងផ្តល់ហិរញ្ញប្បទាន ឬកម្ចី ដែលមានអត្រាការប្រាក់ទាបដល់វិស័យឯកជននៅកម្ពុជា ពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលហៅកាត់ថា SME ដើម្បីជួយសម្រាលការលំបាកដោយសារបញ្ហាប្រឈមនៃជំងឺកូវីដ១៩។

ក្រសួងសេដ្ឋកិច្ចបានអះអាងថា ទាំងនេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Parick Murphy ក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជាមួយលោក Parick Murphy  កាលពីថ្ងៃទី២៣កញ្ញា ។ ប៉ុន្តែមានការអះអាងថា ពួកគេនៅមិនទាន់ដឹងថាអាមេរិកនឹងផ្តល់កម្ចីប៉ុន្មាននៅឡើយទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចលើកឡើងថា ក្រៅពីការផ្តល់កម្ចីការប្រាក់ទាបដល់វិស័យ SEM នៅកម្ពុជា លោក Parick Murphy អះអាងថាសហរដ្ឋអាមេរិក ក៏ជំរុញនិងលើកទឹកចិត្តដល់ធុរជនអាមេរិក ឱ្យបោះទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនក្នុងគោលបំណង ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ រួមចំណែកជួយដល់ជីវភាពរបស់ពលរដ្ឋកម្ពុជាផងដែរ។

សម្រាប់ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានរបស់អាមេរិកបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ពិសេសក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម បរិស្ថាន និងអភិបាលកិច្ច។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដដែល ថាសហរដ្ឋអាមេរិក ក៏ដូចដៃគូអភិវឌ្ឍដទៃទៀតបានរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កាលពីថ្ងៃទី១៤ ខែកញ្ញា សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានលើកឡើងថា អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេបំផុតមួយរបស់កម្ពុជា។

អាមេរិកបន្តថា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ចំនួនជាង៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ។ ក្នុងនោះ ទំនិញក្នុងតម្លៃជិត១ពាន់លានដុល្លារ ជាទំនិញសម្រាប់ការធ្វើដំណើរដែលរួមមាន កាបូបដៃ វ៉ាលី និងកាបូបស្ពាយ ដែលត្រូវបានលើកលែងការបង់ពន្ធគយនៅក្រោមប្រព័ន្ធអនុគ្រោះទូទៅរបស់សហរដ្ឋអាមេរិក ហៅកាត់ថា GSP។

ប៉ុន្តែដោយសារបញ្ហាបំផ្លាញគោលការណ៍លទ្ធិប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្ស នៅតែមាននៅកម្ពុជា អាមេរិកធ្លាប់គំរាមហើយថា នឹងដកប្រព័ន្ធអនុគ្រោះពន្ធទូទៅនេះ ប្រសិនបើកម្ពុជានៅមិនព្រមកែខ្លួនងាកទៅរកគន្លងប្រជាធិបតេយ្យត្រឹមត្រូវវិញនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស