33 C
Phnom Penh

រដ្ឋាភិបាលប្រកាសផ្អាកពិធីបុណ្យសមុទ្រ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ដោយថាដើម្បីបង្ការ និងការពារពលរដ្ឋ និងភ្ញៀវទេសចរពីជំងឺកូវីដ-១៩។

តាមការគ្រោងទុក រដ្ឋាភិបាលនឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅតំបន់ឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ខាងមុខ។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៥ ខែកញ្ញា បានឱ្យដឹងថា ការសម្រេចស្នើផ្អាករៀបចំពិធីបុណ្យសមុទ្រនេះ ដោយរាជរដ្ឋាភិបាលពិនិត្យឃើញថា សភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅប្រទេសខ្លះក្នុងតំបន់ និងពិភពលោកនៅពុំទាន់បង្ហាញភាពធូរស្រាលនៅឡើយ។

ពិធីបុណ្យសមុទ្រត្រូវបានធ្វើឡើងចំនួន៨លើក រួចមកហើយ ដោយផ្លាស់ប្តូរវេនគ្នានៅតាមបណ្តាខេត្តទាំងបួនជាប់ឆ្នេរសមុទ្រកម្ពុជា រួមមានខេត្តកែប កំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។ 

ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃសុក្រនេះបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី២៤ ខែកញ្ញា  មានរយៈពេល១២ថ្ងៃហើយ ដែលរកមិនឃើញមានករណីឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជា។

កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៥នាក់ ក្នុងនោះស្រី ៥៤នាក់ និងបុរស ២២១នាក់។ ក្នុងចំណោមអ្នកជំងឺទាំងអស់ អ្នកជំងឺព្យាបាលជាសះស្បើយសរុប មានចំនួន២៧៤នាក់  និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានតែម្នាក់ប៉ុណ្ណោះ។

យ៉ាងនេះក្តី កាលពីថ្ងៃម្សិលមិញក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សីប្រចាំកម្ពុជាលោក អាណាថូលី បូរូវីក (ANATOLY BOROVIK) នៅវិមានសន្តិភាព លោក ហ៊ុន សែន បានស្នើសុំជំនួយវ៉ាក់សាំងជំងឺកូវីដ-១៩ពីប្រទេសរុស្ស៊ី ក្រោយពេលប្រទេសអតីតកុម្មុនីស្តមួយនេះរកឃើញវ៉ាក់សាំងប្រឆាំងជំងឺឆ្លងដ៏សាហាវមួយនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស