អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងពលរដ្ឋរស់នៅខេត្តព្រះសីហនុ បន្តបង្ហាញការព្រួយបារម្ភ ពីសុខសុវត្ថិភាព ក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ដោយសារបទល្មើសចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ប្លន់ប្រដាប់អាវុធ, ជួញដូរអាវុធ និងបទល្មើសបាញ់បោះសេរី ជាដើម នៅតែបន្តកើតមានកក្រើកក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ។
ជាងនេះទៅទៀតទាំងអាជីវករ ទាំងមន្ត្រីរាជការថ្នាក់ទាប បានរិះគន់ ចំពោះការដឹកនាំ របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថា អសមត្ថភាព ក្នុងការបង្ក្រាបបទល្មើស ឬល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
ជាក់ស្តែង កាលពីពាក់កណ្តាលអាធ្រាត្រម៉ោង ០០:៤៥នាទី ថ្ងៃទី២៦ ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីផ្ទុះអាវុធបាញ់តដៃគ្នា ដ៏កក្រើកមួយកើតឡើងចំកណ្តាលក្រុងព្រះសីហនុ បណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅកន្លែងកើតហេតុ និងរបួសមនុស្សមួយចំនួនទៀត។
ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅចំណុចអតីត ហាងនំហេបភីប័រហ្គរ័ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ (កែងស្តុបផ្សាពាណិជ្ជកម្ម) ក្រុងព្រះសីហនុ។
ករណីខាងលើនេះ បានបណ្តាលឲ្យបុរសម្នាក់ ជាមានមុខរបរអ្នករត់ម៉ូតូកង់បី ឬ Pass App បានស្លាប់ នៅនឹងកន្លែងកើតហេតុ និងរបួសសមត្ថកិច្ចនគរបាលចំនួន០២នាក់។
បច្ចុប្បន្ននេះ កម្លាំងជំនាញ នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដើម្បីធ្វើការសាកសួរ និងកំពុងបន្តស្រាវជ្រាវចាប់ខ្លួនមនុស្សមួយចំនួនទៀត។
រហូតមកដល់ល្ងាច ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ មិនទាន់បង្ហាញរបាយការណ៍ នៃការផ្ទុះអាវុធបាញ់តដៃគ្នា ដ៏កក្រើកស្បៃរាត្រីក្រុងព្រះសីហនុ និងមិនទាន់បង្ហាញ អត្តសញ្ញាណជនសង្ស័យជាខ្មាន់កាំភ្លើងទាំង ០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឲ្យដឹងលទ្ធផល ឬឲ្យប្រជាពលរដ្ឋបានស្គាល់ជាសាធារណៈនៅឡើយទេ។
យ៉ាងណាក៏ដោយចុះ ករណីផ្ទុះអាវុធនេះ នៅមិនទាន់ដឹងពីដំណើររឿងដើមហេតុ ដែលខ្មាន់កាំភ្លើង បើកការបាញ់រះ ដ៏កក្រើក និងមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងភ្ញៀវទេសចរ ស្ទើរមួយចំហៀងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ថា បណ្តាលមកពីបញ្ហាអ្វីឲ្យពិតប្រាកដនោះទេ ព្រោះសំណុំរឿងផ្ទះអាវុធបាញ់តដៃគ្នាដ៏កក្រើកនេះ ត្រូវបានសមត្ថកិច្ចស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងកងរាជអាវុធហត្ថខេត្តនេះ ហាក់មានចេតនាលាក់បាំងដល់ពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយនានា៕