41.3 C
Phnom Penh

មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិសម្តែងមោទនភាពចំពោះការដឹកនាំរបស់លោក ហ៊ុន សែន ខណៈក្រុមអ្នកឃ្លាំមើលចាត់ទុកការដឹកនាំរបស់លោក ហ៊ុន សែន កំពុងបំផ្លាញជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា អះអាងថា លោក ហ៊ុន សែន បានតស៊ូពុះពារលះបង់សព្វបែបយ៉ាង ដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់គ្នា ជាពិសេសមានឆន្ទៈមោះមុតរឹងដូចដែកថែបក្នុងកិច្ចការពារឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានអះអាងលើគេហទំព័រ ហ្វេស ប៊ុក របស់លោកកាលពីព្រឹកម៉ិញនេះថា ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់លោក ហ៊ុន សែន បាននាំឱ្យ កម្ពុជារស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ចំពោះសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសម្រេចបានក្នុងរយៈពេលកន្លងមកតាមរយៈនយោបាយ ឈ្នះ ឈ្នះ។

លោកបញ្ជាក់ថា កម្ពុជាកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយជីវភាពរស់នៅរបស់ពលរដ្ឋ កាន់តែមានភាពប្រសើរឡើងជាលំដាប់ មានសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាទទួលបានយ៉ាងលំបាកសម្រាប់ប្រជាជនខ្មែរគ្រប់ៗគ្នា។

ការអះអាងនេះធ្វើឡើង ក្រោយពេលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងបន្តគម្រាមកំហែង និងចាប់ខ្លួនក្រុមអ្នកតវ៉ាទាមទារសិទ្ធិបញ្ចេញមតិ អ្នកតវ៉ាអំពីបញ្ហាព្រំដែន អ្នកសារព័ត៌មានឯករាជ្យ សកម្មជនគណបក្សប្រឆាំង និងសកម្មជនការពារបរិស្ថានពីបទញុះញង់បង្ករភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយសារអ្នកទាំងនោះគ្រាន់តែស្រែកតវ៉ាទាមទារសិទ្ធិសេរីភាពប៉ុណ្ណោះ ។

ចាប់ពីដើមខែសីហាមកទល់នឹងចុងខែកញ្ញានេះមានរយៈពេល២ខែប៉ុណ្ណោះ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជនការពារបរិស្ថាន និងក្រុមអ្នកតវ៉ាដើម្បីសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋចំនួន ២៨ នាក់ ក្នុងនោះមាន ៨ នាក់ត្រូវបានដោះលែងវិញ។

កាលពីដើមខែកញ្ញានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ចោទថា គម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាមិនទាន់បញ្ចប់នៅឡើយទេ ជាងនេះទៀតខ្សែបណ្តាញរបស់ក្រុមបដិវត្តន៍ពណ៌ទាំងនោះមានគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតដែលតែងទទួលបានការគាំទ្រពីបរទេស។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានប្រាប់ The Cambodia Daily  ថា នយោបាយឈ្នះឈ្នះ របស់ក្រុមលោក ហ៊ុន សែន គឺជ័យជន្នះបានមកពីការលក់ជាតិកើបលុយសម្រាប់គ្រួសារត្រកូលហ៊ុន លើភាពក្រីក្រវេទនារបស់ពលរដ្ឋខ្មែរ។ លោកបន្តថា ការដឹកនាំរបស់លោក ហ៊ុន សែន ធ្វើឲ្យហិនហោចខ្ទេចខ្ទីដល់ជាតិ និងដើម្បីបំពេញចិត្តវៀតណាមក្នុងការឈ្លានពានក្ដោបក្ដាប់ទឹកដីខ្មែរកម្ពុជាគ្រប់ទម្រង់។ លោកថា ក្រុមរបស់លោក ហ៊ុន សែន កំពុងអួតអាង និងរកតែវិធីកម្ទេចជាតិខ្លួនឯង ហើយបង្ខំឲ្យពលរដ្ឋខ្មែរសូត្រពាក្យ«អរគុណសន្តិភាព» ក្រោមចុងការណុងប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ថា បានប្រើកំលាំងបង្ក្រាបរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ និងគ្រប់វិធីទៅលើក្រុមអ្នកតវ៉ាទាមទារសិទ្ធិសេរីភាព ទោះពួកគេធ្វើការជួបជុំដោយសន្តិវិធីយ៉ាងណាក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស