33 C
Phnom Penh

សមាជិកសភាអាមេរិក ថ្កោលទោសរដ្ឋាភិបាលលោកហ៊ុន សែន ចំពោះការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកសភាសហរដ្ឋអាមេរិក បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះការចាប់ឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានជាច្រើននាក់ក្នុងរយៈពេលចុងក្រោយនេះ ពីសំណាក់អាជ្ញាធរលោកហ៊ុន សែន។

ក្នុងសេចក្តីថ្លែងការណ៍របស់សមាជិកសភានៃរដ្ឋម៉ាហ្សាហ្សូហ្សេតអ្នកស្រី Lori Trahan  បានលើកឡើងកាលពីសប្តាហ៍មុនថាការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងយុវជនបរិស្ថានកន្លងមកនេះ បង្ហាញឱ្យឃើញថារដ្ឋអំណាចលោកហ៊ុន សែន កំពុងធ្វើទុក្ខមុកម្នេញក្រុមអ្នករិះគន់ ឈានទៅបំបិទសំឡេងប្រឆាំងនៅកម្ពុជា។

សមាជិកសភារូបនេះ បានទាមទារឱ្យរដ្ឋាភិបាលដោះលែងពួកគេ ព្រមទាំងអ្នកជាប់ជុំនយោបាយទាំងអស់ជាបន្ទាន់ និងឥតលក្ខខណ្ឌ ដើម្បីធានាដល់ការគោរពសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ ដែលស្របទៅតាមរដ្ឋធម្មនុញ្ញផងដែរ។

នេះជាប្រតិកម្មរបស់តំណាងរាស្រ្តប្រទេសលោកសេរីបន្ថែមទៀត ដែលបានបង្ហាញការមិនពេញចិត្តជុំវិញការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស ព្រះសង្ឃ សកម្មជននយោបាយ ព្រមទាំងយុវជនបរិស្ថានប្រមាណ២០នាក់ ចាប់តាំងពីចុងខែកក្កដា មក។

កន្លងមកសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ ប្រទេសអូស្ត្រាលី និងអង្គការអន្តរជាតិផ្សេងៗបានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ជុំវិញករណីនេះ និងបានទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ដោះលែងពួកគេឱ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ។

យ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព ធ្លាប់បានអះអាងថា ការចាប់ខ្លួនបុគ្គលណាមួយ ដោយសមត្ថកិច្ច គឺធ្វើឡើងស្របទៅតាមច្បាប់របស់កម្ពុជា ប៉ុណ្ណោះ។

លោកបន្តថា សិទ្ធិសេរីភាពបុគ្គលត្រូវយកមកអនុវត្តក្នុងក្របខណ្ឌច្បាប់ ហើយបើការអនុវត្តហួសព្រំដែនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬបំពានច្បាប់ គឺត្រូវប្រឈមចំពោះមុខច្បាប់ ព្រោះមិនមែនជាការអនុវត្តសិទ្ធិសេរីភាពបុគ្គលនោះឡើយ៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស