30.1 C
Phnom Penh

លោក កឹម សុខា ថាការចូលរួមសកម្មភាពមនុស្សធម៌ ប្រសើរជាងច្រណែនឈ្នានីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា បានលើកឡើងថាការចូលរួមដោយឆន្ទៈក្នុងការធ្វើសកម្មភាពមនុស្សធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា គឺជាសម្បជញ្ញៈរបស់អ្នកមានគុណធម៌ និងមានកតញ្ញូតាធម៌ចំពោះប្រជាជន និងប្រជាជាតិ ប្រសើរជាងភាពច្រណែនឈ្នានីសទាំងឡាយ។

ការលើកឡើងនេះ បន្ទាប់បីប្រធានគណបក្សប្រឆាំងរូបនេះ បាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ទៅចែកជូនដល់ ពលរដ្ឋដែលរងគ្រោះដោយសារតែទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុជាបន្តបន្តាប់។

លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី ២៨ ខែកញ្ញាថា ជំនួយឧបត្ថម្ភខ្លះ ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តព្រះសីហនុ  លោក កឹម សុខា បានលើកឡើងថា ការចូលរួមដោយឆន្ទៈក្នុងការធ្វើសកម្មភាពមនុស្សធម៌ គឺជាសម្បជញ្ញៈរបស់អ្នកមានគុណធម៌ និងមានកតញ្ញូតាធម៌ចំពោះប្រជាជន និងប្រជាជាតិ។

លោកថា ការធ្វើដូច្នេះ គឺប្រសើរជាងការច្រណែន ឈ្នានីស ឬការចោទប្រកាន់មួលបង្កាច់ ឬ ការបង្កជម្លោះ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ និងសង្គមជាតិផងដែរ។

កាលពីថ្ងៃម្សិលមិញ ក្នុងពេលយកជំនួយសប្បុរសធម៌ទៅជូនពលរដ្ឋនៅខេត្តពោធិ៍សាត់ ប្រធានគណបក្សសង្រ្គោះជាតិរូបនេះ លើកឡើងថា អំណោយរបស់លោកនេះ គឺតិចតួច តែវាអាចនឹងជួយរំលែកទុក្ខលំបាក និងការខ្វះខាតខ្លះៗរបស់ពលរដ្ឋដែលរងគ្រោះព្រោះទឹកជំនន់នៅក្នុងខេត្តពោរធិ៍សាត់។

លោក កឹម សុខា បានអះអាងថា អ្វីដែលអាចធ្វើបាន មិនប៉ះពាល់ដល់ផលប្រយោជន៍ជាតិ មិនរំលោភសិទ្ធិអ្នកដទៃ ហើយច្បាប់មិនហាមឃាត់ បើទោះបីជាសេរីភាពរបស់លោកត្រូវបានតុលាការកម្រិតក៏ដោយ ប៉ុន្តែលោកនៅតែព្យាយាមធ្វើទៅតាមលទ្ធភាព និងកាលៈទេសៈ ដើម្បីចូលរួមជាប្រយោជន៍ដល់សង្គមជាតិ ពិសេសប្រជាពលរដ្ឋខ្មែរ។

កាលពីខែធ្នូឆ្នាំ២០១៩ តុលាការបានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌឃុំខ្លួនលោក កឹម សុខា ក្នុងផ្ទះ ដោយផ្តល់សេរីភាពជូនលោកច្រើនជាងមុន ប៉ុន្តែតុលាការមិនអនុញ្ញាតឱ្យលោកធ្វើសកម្មភាពនយោបាយ និងចេញទៅក្រៅប្រទេសឡើយ។

ក្រោយទទួលបានសេរីភាពច្រើនជាងមុននោះ ប្រធានមេបក្សប្រឆាំងរូបនេះ តែងចុះទៅតាមបណ្តាខេត្តមួយចំនួន ជួបពលរដ្ឋ និងចេញទៅបុណ្យទានតាមប្រពៃណី សាសនា   ព្រមទាំងទទួលជួបជាមួយឯកអគ្គរដ្ឋទូត និងរាជទូតបណ្តាទេសលោកសេរីជាហូរហែ បើទោះបីជាសកម្មភាពចុះតាមមូលដ្ឋានជួបពលរដ្ឋរបស់លោក កន្លងមក ត្រូវបានតុលាការចេញលិខិតព្រមានម្តងរួចទៅហើយក្តី។

លោកកឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ឬក្បត់ជាតិតាមការចោទប្រកាន់របស់លោកហ៊ុន សែន ប៉ុន្តរហូតមកដល់ពេលនេះតុលាការនៅតែមិនទាន់រកឃើញភស្តុតាងបង្ហាញពីភាពក្បត់ជាតិរបស់លោកនៅឡើយទេ។

តុលាការក្រុងភ្នំពេញសម្រេចផ្អាកសវនាការជំនុំជម្រះរឿងក្តីរបស់លោកជាបណ្តោះអាសន្ន កាលពី២៥ មីនា ដោយសារតែការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមកទល់ពេលនេះពុំទាន់មានការសម្រេចថ្មីពីតុលាការនៅឡើយទេ បើទោះបីជាក្រុមមេធាវីលោក កឹម សុខា បានស្នើឱ្យពន្លឿសវនាការរឿងក្តីនយោបាយមួយនេះឱ្យបានឆាប់រហ័សយ៉ាងណាក្តី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស