31 C
Phnom Penh

មន្ត្រីរដ្ឋាភិបាលកម្ពុជាសម្តែងមោទនភាពលើផែនទីខ្នាត១លើ២៥ពាន់ ខណៈអ្នកឃ្លាំមើលចោទថាជាផែនទីបម្រើវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយសង្គមព្រមានថា លោក ហ៊ុន សែន ប្រឹងលុបដានប្រវត្តិសាស្ត្រព្រំដែន កម្ពុជា-វៀតណាម ក្នុងការលួចបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី ដោយរំលោភបំពានលើរដ្ឋធម្មនុញ្ញកម្ពុជា កិច្ចព្រមព្រៀងក្រុងប៉ារីស៍ និងច្បាប់អន្តរជាតិ។

អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានរិះគន់ថា ការព្យាយាមលុបដានប្រវត្តិសាស្ត្រ បំបាត់ទឹកដីខ្មែរ ហើយប្រឹងរៀបចំផ្សព្វផ្សាយបំភ័ន្តជាតិឯង របស់រដ្ឋាភិបាលកម្ពុជាជាទង្វើក្បត់ប្រជារាស្ត្រខ្មែរ មិនអាចប្រកែកបាន។

លោកអះអាងថា គន្លឹះដែលត្រឹមត្រូវដើម្បីការពារកម្ពុជាពីមហន្តរាយនោះទឹកដី គឺលោក ហ៊ុន សែន ត្រូវប្រើប្រាស់ច្បាប់អន្តរជាតិជាធរមាន និងស្នើរសុំអ្នកបច្ចេកទេសអង្គការសហប្រជាជាតិ សហប្រធានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ ហើយជាពិសេស អ្នកបច្ចេកទេសបារាំង ដែលជាម្ចាស់គំនូសដើមនៃផែនទីរបស់កម្ពុជា។

ការរិះគន់នេះធ្វើឡើងក្រោយពេលរដ្ឋាភិបាលកម្ពុជា រៀបចំវេទិកាផ្សព្វផ្សាយស្ដីពី ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ព្រឹកម៉ិញនេះ នៅឯទីស្តីការគណរដ្ឋមន្ត្រី បន្ទាប់រដ្ឋាភិបាលកម្ពុជាសម្រេចប្រើប្រាស់ផែនទីថ្មី ខ្នាត ១/២៥.០០០ ដើម្បីកំណត់ព្រំដែនរបស់ខ្លួនជាមួយប្រទេសវៀតណាមនាពេលកន្លងមក។

ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥.០០០ ត្រូវបានប្រទេសទាំងពីរ កម្ពុជា- វៀតណាម រៀបចំពិធីពិធីប្រគល់និងទទួល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ ប្រទេសវៀតណាម រវាងគណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនវៀតណាម។

ការរៀបចំប្រគល់ទទួលផែនទីនេះ បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤% កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ លោក ហ៊ុន សែន បានអួតថា ក្រោមការបង្កើតខ្សែបន្ទាត់ព្រំដែនថ្មីដោយប្រើផែនទីខ្នាត ១/២៥.០០០ នេះ កម្ពុជាចំណេញដីពីខាងភាគីវៀតណាមដល់ទៅ ២ពាន់ ហិកតា  ឯណោះ ដូច្នេះលោកចោទថាអ្នករិះគន់រដ្ឋាភិបាលរបស់លោកដែលកំពុងដឹកនាំសព្វថ្ងៃនេះគឺជាក្រុម ញុះញង់បង្ករភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបង្ករឲ្យមានសង្គ្រាមជាមួយប្រទេសជិតខាងក្នុងតំបន់។

លោក អ៊ំ សំអាន តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ ទទួលបន្ទុកកិច្ចការព្រំដែនបានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា វេទិកាផ្សព្វផ្សាយស្ដីពី ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន កម្ពុជា-វៀតណាមគ្រាន់តែជាល្បិចកលរបស់លោក ហ៊ុន សែន ធ្វើឡើងដើម្បីបន្លំភ្នែកពលរដ្ឋប៉ុណ្ណោះ ត្បិតកម្ពុជាមិនបានចំណេញដីពីវៀតណាមដូចការអួតអាងរបស់លោក ហ៊ុន សែន នោះឡើយ។

លោកអះអាងថាដើម្បីឲ្យមានតម្លាភាពលើកិច្ចព្រំដែននេះ ត្រូវតែមានការចូលរួមដឹងលឺពីគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជជាតិ និងអន្តរជាតិ ព្រមទាំងធ្វើឡើងឲ្យស្របទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនលោក វ៉ា គឹមហុង ធ្លាប់អះអាងនៅក្នុងពិធីប្រគល់ផែនទីទៅក្រសួងនិងស្ថាប័នរដ្ឋមួយចំនួនរបស់កម្ពុជាដើម្បីប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៧ ខែសីហា ថា រដ្ឋាភិបាលកម្ពុជាគ្រោងយកផែនទីថ្មី ខ្នាត ១/២៥.០០០ នេះ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដើម្បីទុកជាផែនទីប្រវត្តិសាស្ត្ររបស់កម្ពុជាទៅជំនាន់ក្រោយ។

ប៉ុន្តែក្រុមចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យបានទាត់ចោលផែនទីថ្មីរបស់កម្ពុជា ខ្នាត ១/២៥.០០០ ថា ជាផែនទីខុសច្បាប់ក្នុងចេតនាកាត់ដីខ្មែរឲ្យវៀតណាមបន្ថែមទៀត ត្បិតផែនទីនេះកើតចេញពីផែនទីខ្នាត១/១០០.០០០ ដែលបោះពុម្ពនៅប្រទេសវៀតណាម និងផែនទី UTM ខ្នាត ១/៥០.០០០ ដែលទាហានអាមេរិកកាំងប្រើសម្រាប់តែសម័យសង្គ្រាមវៀតណាមតែប៉ុណ្ណោះ យ៉ាងនេះក្តីរដ្ឋាភិបាលលោក ហ៊ុន សែន តែងប្រើពាក្យបន្លំថា ដូចមានក្នុងផែនទីខ្នាត ១/១០០.០០០ ជាប្រចាំ។

ក្រុមអ្នកឃ្លាំមើលព្រំដែនអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបោះបង់ចោលរាល់សន្ធិសញ្ញាខុសច្បាប់នានាដែលខ្លួនបានចុះហត្ថលេខាជាមួយវៀតណាមកន្លងមក និងងាកទៅរកច្បាប់ និងយន្តការអន្តរជាតិ ដើម្បីបញ្ជៀសសង្គ្រាមពីដោះស្រាយបញ្ហាព្រំដែននេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស