37 C
Phnom Penh

សាធារណជន និងមន្ត្រីរាជការស្នើដល់ លោក ហ៊ុន សែន និង ACU ស៊ើបអង្កេត លោក គួច ចំរើន បានលុយពីណាទិញដីសង់វីឡាធំស្កឹមស្កៃជាង ១០លានដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណជន និងមន្ត្រីរាជការថ្នាក់មូលដ្ឋាន ស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ឬ (ACU) ចុះ ស៊ើបអង្កេតសកម្មភាពដឹកនាំ របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបច្ចុប្បន្ន ថាតើបានលុយមកពីណា ដើម្បីសង់វីឡាដ៏ប្រណិតធំស្កឹមស្កៃ មានទីតាំងនៅតំបន់អូរត្រេះ ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ដោយចំណាយលុយសាងសង់យ៉ាងហោចណាស់ជាង ១០លានដុល្លារសហរដ្ឋអាមេរិក។ ជាក់ស្តែងគ្រាន់តែចំណាយទៅលើការធ្វើសួនដាំស្មៅ ផ្កា និងដាំដើមឈើ អស់ជិត៣០ម៉ឺនដុល្លារថែមទៀត។

ពួកគេមានចម្ងល់ថា លោក គួច ចំរើន បានចូលមកធ្វើជាអភិបាលខេត្តព្រះសីហនុ តែជាងមួយឆ្នាំប៉ុណ្ណោះ មានលុយច្រើនសន្ធឹកសន្ធាប់ទិញដី និងសង់ផ្ទះវីឡាដ៏ធំស្កឹមស្កៃ រាប់លានដុល្លារ នៅជិតឆ្នេរសមុទ្រ និងមានបរិស្ថានល្អប្រណិតបែបនេះ។

ទាំងមន្ត្រីរាជការ និងសាធារណជនសំណូមពរដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនមន្ត្រីស្អាតស្អំ ចុះស៊ើបអង្កេត ទៅលើសកម្មភាពដឹកនាំរបស់លោក គួច ចំរើន ដើម្បីឲ្យប្រាកដថា លុយដែលលោកទិញផ្ទះតម្លៃជាង១០លានដុល្លារនោះបានមកពីសំណូកពុករលួយ ឬជាលុយគេងប្រវ័ញ្ញឃុបឃិតរំលោភយកដីធ្លី របស់ពលរដ្ឋទៅឲ្យឈ្មួញ ឬក៏បានមកពីប្រើអំណាចចៅហ្វាយខេត្ត ដើម្បីគាបសង្កត់អ្នកវិនិយោគទុន ជាថ្នូរទទួលសំណូកពុករលួយរាប់លានដុល្លារនោះ។

ប្រភពពីមន្ត្រីរាជការមួយចំនួន នៃរដ្ឋបាលខេត្តព្រះសីហនុបច្ចុប្បន្ន ដែលបានផ្ញើឯកសារជូន The Cambodia Daily តាមបណ្តាញសង្គម FaceBook នៅដើមសប្តាហ៍នេះ បានហៅសកម្មភាពដឹកនាំ របស់ លោក គួច ចំរើន អភិបាលខេត្តបច្ចុប្បន្ន ថាធ្វើឡើងតាមរបៀបបក្ខពួកនិយម និងជាអភិបាលខេត្តជើងកាងម្នាក់ប្រចាំប្រទេសកម្ពុជា ជាពិសេសប្រចាំខេត្តព្រះសីហនុតែម្តង។

ការអះអាងដូច្នេះធ្វើកើតឡើង ក្រោយពេល លោក គួច ចំរើន ទទួលបានការទុកចិត្តពីលោក ហ៊ុន សែន ឲ្យមកដឹកនាំជាអភិបាលខេត្តព្រះសីហនុ ជាងមួយឆ្នាំកន្លងមកនេះ។

លោក គួច ចំរើន កន្លងមកក៏ធ្លាប់បានតាំងខ្លួនលោកថា ជាចៅហ្វាយខេត្តឈ្លើយ ឬជាអភិបាលខេត្តបងធំ។ ហើយថា ការប្រកាសតាំងខ្លួនជាចៅហ្វាយខេត្តបងធំ របស់លោក គួច ចំរើន បានធ្វើឡើងនៅចំពោះមុខក្រុមអ្នកកាសែត  ដែលចុះយកព័ត៌មាន ហើយស្នើជួបសម្ភាសរូបលោក ប៉ុន្តែត្រូវលោកបដិសេធ មិនផ្តល់ព័ត៌មាន នៅក្នុងអំឡុងពេលរូបលោក ចុះតាមមូលដ្ឋានមួយចំនួន ក្នុងក្រុងព្រះសីហនុ មានទីតាំងនៅជិតរង្វង់មូលតោពីរ កាលពីឆ្នាំ២០១៩។

យ៉ាងនេះក្តី ប្រភពបន្តថា បន្ទាប់ពីលោក គួច ចំរើន ទទួលបានដាវអាជ្ញាសឹកពី ប្រមុខដឹកនាំរួចមក គឺអភិបាលខេត្តរូបនេះ បានធ្វើព្យុះធ្វើភ្លៀង មិនស្តាប់មន្ត្រីចាស់ៗ អត្តនោម័តការងារតែម្នាក់ឯង និងបង្កើតឲ្យមានបក្ខពួកនិយម ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ឬបណ្តាញ សង្គម ដែលខ្លួនបង្កើតឡើង ដើម្បីបិទបាំងពីអសមត្ថភាពខ្លួន បំភ័ន្តភ្នែកសាធារណជន ឲ្យយល់ច្រឡំថាខ្លួនជាអ្នកមានការចេះដឹង និងមានការដឹកនាំល្អជាដើម ប៉ុន្តែធាតុពិតគឺផ្ទុយស្រឡះ។

ចំណែកប្រភពដាច់ដោយឡែកផ្សេងទៀត ក៏បានប្រាប់ The Cambodia Daily ថា ក្នុងពេលថ្មីៗនេះ ក៏មានការលេចឮព័ត៌មានដ៏រសើបមួយ ពីវិស័យឯកជន ឬពីក្រុមអ្នករកស៊ីជនជាតិចិនថា មានករណីឃុបឃិតគ្នា ក្នុងការដោះដូរទឹកប្រាក់ជិត៧០ម៉ឺនដុល្លារអាមេរិក ផ្តល់ជូនទៅមនុស្ស ឬសហការីរបស់ លោក គួច ចំរើន ជាថ្នូរអាចបង្ហូរទឹកស្អុយចូលសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះ របស់សណ្ឋាគារ និងភោជនីយ៍ដ្ឋានមួយចំនួន នៅក្រុងព្រះសីហនុ ដែលមានថៅកែជាជនជាតិចិន។

យ៉ាងណាក៏ដោយទាំងក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម, មន្ត្រីរាជការ និងសាធារណជន ហាក់គ្នានជំនឿទៅលើប្រសិទ្ធភាព របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្រោមការដឹកនាំ របស់ លោក ឱម យ៉ិនទៀង ថានឹងហ៊ានទៅបញ្ជូនមន្ត្រីស្អាតស្អំ ចុះអង្គេតសកម្មភាព របស់ លោក គួច ចំរើន នោះទេ ដោយសារលោក ឱម យ៉ិនទៀង ក៏ជាបក្ខពួក របស់ លោក គួច ចំរើន យ៉ាងស្និទស្នាល ចាក់ទឹកមិនលិចនោះដែរ ពោលគឺមិនខុសនឹងឃ្លាមួយដែលគេតែងនិយាយថា “ទន្សោងគោព្រៃក៏អញ្ចឹងដែរ តូចស៊ីដោយតូច ធំស៊ីដោយធំ រកស៊ីជើងភ្នំ ផឹកទឹកដងអូរជាមួយគ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស