31 C
Phnom Penh

អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងលើកយកករណីបំភិតបំភ័យលើក្រុមអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងលើកយកករណីបំភិតបំភ័យ និងសងសឹកប្រឆាំងទៅនឹងអ្នកដែលចូលរួមធ្វើការងារការពារសិទ្ធិមនុស្សជាមួយអង្គការកំពូលមួយនេះក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។

ទំព័រហ្វេសប៊ុករបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាហៅកាត់ថា UNHRC បានអះអាងថា នៅថ្ងៃពុធទី៣០ខែកញ្ញាស្អែកនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងធ្វើបទបង្ហាញអំពីរបាយការណ៍ប្រចាំឆ្នាំរបស់លោក ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ស្តីពីការបំភិតបំភ័យ និងការសងសឹក ដែលបានធ្វើឡើងប្រឆាំងនឹងអ្នកដែលបានសហការជាមួយអង្គការសហប្រជាជាតិ និងយន្តការរបស់ខ្លួន នៅក្នុងវិស័យសិទ្ធិមនុស្ស។

UNHRC បន្តថា នៅកម្ពុជា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ពីឧទាហរណ៍នៃការសងសឹក និងការបំភិតបំភ័យដែលធ្វើឡើងដោយមន្ត្រីសន្តិសុខរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ប្រឆាំងនឹងអ្នកដែលចូលរួមធ្វើការងារជាមួយអង្គការសហប្រជាជាតិ។

ប្រភពដដែលបន្ថែមថា កាលពីខែសីហា និងខែវិច្ឆិកា ឆ្នាំ២០១៩ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានកត់សម្គាល់តាមរយៈរបាយការណ៍ជាច្រើន រូបភាពបំភិតបំភ័យនិងយាយីដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស។

រូបភាពយាយីទាំងនោះ ដូចជាមានករណីមន្ត្រីនគរនបាលមូលដ្ឋាន ដែលមិនបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាល ឬការប្រជុំមួយចំនួន រៀបចំដោយសង្គមស៊ីវិល និងពលរដ្ឋ ដោយអាជ្ញាធរទាំងនោះ បានទៅថតរូប និងសាកសួរព័ត៌មាន ព្រមទាំងសួររកលិខិតអនុញ្ញាត ឬផ្អាកកិច្ចប្រជុំទាំងនោះ ជាដើម។

ជាមួយគ្នានេះ អគ្គលេខាធិការអង្គការកំពូលមួយនេះ បានជំរុញដល់រដ្ឋទាំងឡាយឱ្យសម្តែងជាសាធារណៈនូវការគាំទ្រដោយច្បាស់លាស់ចំពោះសិទ្ធិ និងការប្រាស្រ័យទំនាក់ទាំងអស់ ជាមួយស្ថាប័នអន្តរជាតិដោយមិនមានការរារាំង។ លើសពីនេះ លោកក៏អំពាវនាវផងដែរ ដល់រដ្ឋជាសមាជិកឱ្យយកចិត្តទុកដាក់លើមន្ត្រីសាធារណៈ និងតួអង្គរដ្ឋដទៃទៀត អំពីការសងសឹក និងការបំភិតបំភ័យ រួមទាំងតាមរយៈការ               បណ្តុះបណ្តាល និងចេញសេចក្តីណែនាំផ្ទៃក្នុងជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស