31 C
Phnom Penh

ធនាគារពិភពលោក មើលឃើញថាកំណើនសេដ្ឋកិច្ចអវិជ្ជមាននៅកម្ពុជា បង្កផលប៉ះពាល់ដល់សុខុមាភាពពលរដ្ឋក្នុងគ្រួសារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារពិភពលោកឬ World Bank បានព្យាករថាសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២០ នឹងមានកំណើនអវិជ្ជមាន ពោលគឺដក២ភាគរយ(-២%) ដែលជាការធ្លាក់ចុះយ៉ាងគំហុកបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ របស់កម្ពុជា។ បញ្ហានេះ ជាហេតុបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសុខុមាលភាពគ្រួសារ និងអាចធ្វើឱ្យភាពក្រីក្រនៅកម្ពុជាកើនឡើងទៀតផង ដោយការបាត់បង់ការងារធ្វើ ការធ្លាក់ចុះចំណូលគ្រួសារ និងការឡើងថ្លៃទំនិញស្បៀងអាហារជាដើម។

ធនាគារពិភពលោក កាលពីថ្ងៃទី២៨ខែកញ្ញា បានចេញរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានរកឃើញថាភាពក្រីក្រនៅកម្ពុជា នឹងអាចកើនឡើងវិញ ព្រោះកំណើនសេដ្ឋកិច្ចមានសភាពអាក្រក់ ដោយសារតែការរីករាលដាលជាសកលនៃជំងឺកូវីដ១៩។ ស្របពេលគ្នានេះ ស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់កំពុងរងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩នេះផងដែរ។ 

របាយការណ៍របស់ធនាគារពិភពលោក បង្ហាញទៀតថាវិស័យ                    សំខាន់ៗ របស់ក្បាលម៉ាស៊ីន ដែលជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស វិស័យសំណង់ទេសចរណ៍, និងការនាំចេញទំនិញ កំពុងស្ថិតនៅក្នុងស្ថានភាពអាក្រក់និង ធ្លាក់ចុះជាខ្លាំង ដោយសារការរីករាលដាលជំងឺសុខភាពជាសកលនេះ។

ជាមួយគ្នានេះ ក្នុងរបាយការណ៍របស់ខ្លួន ធនាគារពិភពលោកបានផ្ដល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវសម្រួលដល់       ការវិនិយោគក្នុងស្រុក និងបរទេសដោយបង្កើនតម្លៃបន្ថែមក្នុងស្រុក និងបង្កើតការងារឱ្យបានច្រើន។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ សម្រាប់ជួយដល់ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះជាង៦០ម៉ឺនគ្រួសារ អំឡុងវិបត្តិកូវីដ១៩ ក្នុងរង្វង់ទឹកប្រាក់ចំនួន ២៥លានដុល្លារ។

ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ពេលនោះប្រាប់ឱ្យពលរដ្ឋក្រីក្រនាំគ្នាទៅស្នើសុំបណ្ណសមធម៌ ឬបណ្ណក្រីក្រ ដោយលោកអះអាងថាពលរដ្ឋជាច្រើនម៉ឺនគ្រួសារទៀតនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយសារវិបត្តិជំងឺកូវីដ១៩នេះ៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស