38 C
Phnom Penh

មហាក្សត្រម៉ាឡេស៊ី មិនទាន់ឆ្លើយតបនឹងមេបក្សប្រឆាំងសុំចូលគាល់សុំដោះដួរនាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខុទ្ទកាល័យព្រះមហាក្សត្រ នៃប្រទេសម៉ាឡេស៊ី បានប្រកាសកាលពីថ្ងៃចន្ទទី២៨ ខែកញ្ញាថា  ព្រះមហាក្សត្រ Sultan Abdullah  កំពុងស្ថិតក្នុងការតាមដានសុខភាពរបស់ព្រះអង្គនៅឡើយទេ។

សារព័ត៌មានម៉ាឡេស៊ី The Strait Times  បានចុះផ្សាយនៅថ្ងៃអង្គារទី២៩ ខែកញ្ញានេះថា ព្រះអង្គមិនទាន់យាងចេញពីមន្ទីរពេទ្យបានទេ ព្រោះគ្រូពេទ្យត្រូវបន្តតាមដានសុខភាពរបស់ព្រះអង្គ បន្តទៀត ដែលព្រះអង្គមានស្ថានភាពជំងឺពុលអាហារ។

ខុទ្ទកាល័យរបស់ព្រះបរមរាជវាំង បញ្ជាក់ថា សុខភាពរបស់ព្រះអង្គនៅរឹងមាំ ល្អប្រសើរ ហើយថា ព្រះអង្គនឹងយាងចេញពីមន្ទីរពេទ្យ ឆាប់ៗនេះហើយ។

ព្រះមហាក្សត្រ Sultan Abdullah  បានយាងទៅព្យាបាលព្រះរោគកាលពីថ្ងៃចន្ទសប្ដាហ៍មុននេះ គឺមួយថ្ងៃមុនព្រះអង្គគ្រោងបើកសវនាការជាមួយ មេបក្សប្រឆាំង លោកអាន់វ៉ាអ៊ីប្រាហ៊ិម ដើម្បីសុំការអនុម័តពីព្រះអង្គចាត់តាំងរូបលោក ធ្វើជានាយករដ្ឋមន្ត្រីជំនួសលោក Muhyiddin Yassin ដែលលោក អានវ៉ាទូលថ្វាយព្រះអង្គថារដ្ឋាភិបាលរបស់លោក Yassin បានក្រឡាប់ចាក់ទៅហើយ។

លោកអាន់វ៉ាបានទូលថ្វាយព្រះអង្គតាមរយៈលិខិតរបស់លោកថា លោកពិតជាមានការគាំទ្រគ្រាប់គ្រាន់នៃសំឡេងរបស់សមាជិកសភា ដើម្បីគាំទ្រលោកបង្កើតគណៈរដ្ឋមន្ត្រីថ្មី។

សេចក្ដីថ្លែងការណ៍ចេញពីព្រះបរមរាជវាំងដែលនិយាយអំពីសុខភាពរបស់ព្រះមហាក្សត្រ មិនបាននិយាយយោងអំពីការអះអាងរបស់ លោកអាន់វ៉ា ដែលថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីYassin បានក្រឡាប់ហើយនោះ។

តែអ្នកសង្កេតការណ៍មួយចំនួន គិតថា ព្រះមហាក្សតអាចពិបាកហឬទ័យក្នុងការធ្វើសេចក្ដីសម្រេច ដើម្បីរាជានុញ្ញាតអោយលោកអាន់វ៉ាចូលគាល់ហើយបើកសវនាការអំពីអនាគត រដ្ឋាភិបាល ថ្មីតាមសំណើរបស់មេបក្សប្រឆាំងរូបនេះ។ តែបែបណា ការលាក់ការណ៍រឿងនយោបាយម៉ាឡេស៊ីនៅក្រោយវាំងនន នឹងមិនអាចបិទបាំងបានយូរនោះទេ។ 

រដ្ឋធម្មនុញ្ញម៉ាឡេស៊ីចែងថា ព្រះរាជា មានសិទ្ធិចាត់តាំង ឥស្សរជនម្នាក់ ជានាយករដ្ឋមន្ត្រី អោយតែអ្នកនយោបាយនោះ ពិតជាមានការគាំទ្រពីសមាជិកសភា ក្នុងការបង្កើតគណៈរដ្ឋមន្ត្រី។ ព្រះអង្គក៏មានសិទិ្ធរំលាយអាណត្តិរបស់រដ្ឋ សភា ហើយចុះព្រះរាជក្រិត ប្រកាសបោះឆ្នោតសភា ឡើងវិញទៅតាមសំណើរបស់នាយករដ្ឋមន្ត្រី។

ល្បែងនយោបាយរបស់មេបក្សប្រឆាំងអាន់វ៉ាអ៊ីប្រាហ៊ីម បានចាប់លេង បន្ទាប់ពី រដ្ឋាភិបាល របស់ លោកនាយករដ្ឋមន្ត្រីYassin សំឡេងភាគតិចក្នុងរដ្ឋសភា ទើបមានអាយុ៧ខែ គឺក្រោយពីលោក Yassin បានផ្ដួលគួប្រកួតរបស់លោកគឺអតីតនាយករដ្ឋមន្ត្រីចាស់វស្សាមហាធាមហាម៉ាត់ នៅក្នុងការប្រកួតប្រជែង ខាងក្រៅរដ្ឋសភាកាលពីចុងខែកុម្ភៈឆ្នាំ២០២០ ។

ស្ថានភាពនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ី បានកើតឡើងសាជាថ្មីម្តងទៀតនេះ ចាប់តាំងពីមានការ ដណ្តើមអំណាចគ្នានៅខាងក្រៅ                  រដ្ឋសភាបានធ្វើឲ្យលោកYassin ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ស្ថិតក្នុងភាពចម្រូងចម្រាស់និងតានតានក្នុងរដ្ឋសភា។ ហើយនៅពេលនោះលោកមហាធា បានចាញ់លោក Yassin ដោយមិនអាចរកសំឡេងគាំទ្រ របស់សមាជិកសភា ដើម្បីអះអាងប្រាប់ព្រះមហាក្សត្រ សុំការចាត់តាំងអោយបង្កើតគណៈរដ្ឋមន្ត្រីថ្មីឡើងវិញ។

ចំណែកលោកអាន់វ៉ានៅពេលនោះ បានសុំដកបេក្ខភាពរបស់លោក។
បើនិយាយអំពី សភាម៉ាឡេស៊ីវិញគឺពេលនេះកំពុងជួបវិបត្តិព្រោះនាយករដ្ឋមន្ត្រីYassin ពុំមានការទុកចិត្តគ្រប់គ្រាន់ពីសមាជិកសភាគឺមានន័យថា នាយករដ្ឋមន្ត្រីរូបនេះ នៅសល់តែពេលចាកចេញពីតំណែងតែប៉ុណ្ណោះ។

ខណៈសភាកំពុងជួបវិបត្តិ ស្រាប់តែលោកអាន់វ៉ា ប្រកាសថា លោកនឹងឈ្នះក្នុងការបោះឆ្នោតគាំទ្រលោកនៅក្នុងរដ្ឋសភា គឺអោយតែព្រះមហាក្សត្រ យល់ព្រមចាត់តាំងរូបលោកជាបេក្ខជននាយករដ្ឋមន្ត្រីទៅសុំសេចក្ដីទុកចិត្តពីសមាជិកសភាដើម្បីបង្កើតគណៈរដ្ឋមន្ត្រី។

លោក Yassin ដែលមានសំឡេងកាន់តែតិចទៅៗនៅក្នុងរដ្ឋសភា បានច្រានចោលការអះអាងរបស់លោកអាន់វ៉ាដែលទូលថ្វាយព្រះមហាក្សត្រថា រដ្ឋាភិបាលរបស់លោក ស្លាប់ហើយនោះ។ លោកបានចោទត្រឡប់ទៅវិញថា លោកអាន់វ៉ាកំពុងបង្កការភ្ញាក់ផ្អើល ប៉ុន្តែលោកទាមទារអោយលោកអាន់វ៉ាបង្ហាញភស្តុតាងអំពីសមាជិកសភាដែលបានគាំទ្រលោកអាន់វ៉ា។

អ្នកសង្កេតការណ៍ព្រមានថា បើសភាម៉ាឡេស៊ីមិនអាចរកពេលជួបប្រជុំគ្នាបានគឺអាចនឹងប្រឈមមុខនឹងការរំលាយ អោយតែនាយករដ្ឋ មន្ត្រីសុំគោលការណ៍ពីព្រះមហាក្សត្រហើយនឹងនាំទៅរកបោះឆ្នោតសភាឡើងមុនអាណត្តិ។

ដោយឡែក អតីតនាយករដ្ឋមន្ត្រីវ័យ៩៥ឆ្នាំដែលចង់បន្តកាន់អំណាចថែមទៀតនេះ គឺលោក មហាធាមហាម៉ាត់ ហាក់នៅស្ងប់ស្ងាត់ដែលអ្នកសង្កេតការណ៍មើលឃើញថា អ្នកនយោបាយជើងចាស់រូបនេះអស់ក្រឡាដើរហើយ។ លោកមហាធាបានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកនឹងលែងឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីទៀត ហើយបើការបោះឆ្នោតនោះធ្វើឡើង នៅក្នុង ឆ្នាំ២០២៣ ដែលនៅពេលនោះលោកមានអាយុ៩៨ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស