31 C
Phnom Penh

តៃវ៉ាន់បារម្ភថាសង្រ្គាមនឹងជិតចូលមកដល់ហើយខណៈចិនធ្វើសមយុទ្ធកាន់តែញឹកញាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងទ័ពរំដោះប្រជាជនចិន បានចាប់ផ្ដើមធ្វើសមយុទ្ធទ្រង់ទ្រាយធំ លើកទី៣ ដោយកំណត់យកទីតាំង៣កន្លែងនៅមុទ្រចិនខាងត្បូងនិងមួយទីតាំងទៀតនៅសមុទ្រចិនខាងកើតទល់នឹងសមុទ្រជប៉ុន។

តែសមយុទ្ធលើកទី៣នេះ មើលទៅកាន់តែធ្វើអោយតៃវ៉ាន់ភ័យខ្លាចហើយគិតថាសង្រ្គាម ចិនឈ្លានពានតៃវ៉ាន់ កាន់តែជិតចូលមកដល់ហើយ។ គេហទំព័រសារព័ត៌មាន South China Morning Post បានចុះផ្សាយនៅថ្ងៃទី៣០កញ្ញានេះថាសមយុទ្ធនេះ មានរយៈពេល៣ថ្ងៃ ដោយបិទបញ្ចប់នៅថ្ងៃពុធទី៣០កញ្ញានេះ។

តាមប្រភពដដែល សមយុទ្ធរបស់ កងទ័ពរំដោះប្រជាជនចិន បានធ្វើឡើងមួយទីតាំងគឺនៅប្រជុំកោះ ប៉ារ៉ាហ្សែល នៅក្នុងលំហសមុទ្រចិនខាងត្បូង។ ប្រជុំកោះប៉ារ៉ាហ្សែល ត្រូវបានកងទ័ពចិន ចូលលុកលុយ ពីប្រទេសវៀតណាមកាលពីក្នុងសង្រ្គាមសមុទ្រឆ្នាំ១៩៧៤។ សមយុទ្ធរបស់កងទ័ពចិនដែលសម្រេចធ្វើឡើងដល់ទៅ៤ទីតាំង គឺជាលើកទី២ក្នុងរយៈពេលពីរខែមកនេះ។

ប៉ុន្តែសមយុទ្ធរបស់កងទ័ពចិនជាថ្មីម្ដងទៀតនេះ ក៏ផ្ដើមប្រឈមនឹងសហរដ្ឋអាមេរិក ដែល ពង្រាយកងនាវាសចម្បាំងរបស់ខ្លួននៅ ក្នុងលំហសមុទ្រចិនខាងត្បូងនោះដែរ។

តែបើបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters  សមយុទ្ធ៤ទីតាំងនេះមួយប្រព្រឹត្តទៅជិតកោះប៉ារ៉ាហ្សែល មួយទៀត ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងផងដែរ។ តែមួយទៀត នៅសមុទ្រចិនខាងកើត និង មួយទៀតនៅឆ្ងាយបន្ដិចគឺនៅភាគខាងជើងឆ្នេរបូហៃនៃសមុទ្រលឿង ។

សមុទ្រនៅភាគខាងត្បូងនៃសមុទ្រលឿង គឺជាសមយុទ្ធបាញ៉គ្រាប់ពិតដែលនឹងប្រព្រឹត្តពីថ្ងៃចន្ទដល់ថ្ងៃពុធទី៣០កញ្ញានេះ។

រដ្ឋបាលសុវត្តិភាពដែនសមុទ្រចិន បានចេញបំរាម ដល់នាវាចរណ៍ទាំងអស់ត្រូវហាមមិនអោយចូលមកកាន់តំបន់សមយុទ្ធនោះឡើយ។

តាមប្រភពរបស់ Reuters សមយុទ្ធចំនួនបួនផ្សេងគ្នានេះចិនបានប្រកាសអោយដឹងតាំងតែពីមួយខែមុន។

ជាការឆ្លើយតបនឹងសមយុទ្ធរបស់ចិនកន្លងមក សហរដ្ឋអាមេរិកបានបញ្ចូនយន្ដហោះស៊ើបការណ៍ជាច្រើនគ្រឿងហោះទៅកាន់តំបន់គ្មានការហោះហើរនៅពីលើសមយុទ្ធរបស់ចិនខណៈដែលចិនបង្ហាញជំហររឹងមាំប្រឈមនឹងសហរដ្ឋអាមេរិក។ គេសង្កេតឃើញមួយរយៈនេះ ចិននិងអាមេរិកជំទាស់គ្នាជាខ្លាំងលើករណីនៃដែនដីតៃវ៉ាន់។

កាលពីថ្ងៃអាទិត្យទី២៧កញ្ញា  ក្រសួងការបរទេសអាមេរិកបានចេញសេចក្ដីថ្លែងការណ៍ដ៏កម្រមួយដែលមានន័យខ្លឹមសារថាចិនក្បត់សម្ដីរបស់ខ្លួនគឺលោកស៊ីជីងពីងនិយាយជាមួយអាមេរិកនៅសេតវិមានផ្សេងពីអ្វីដែលអាមេរិកមើលឃើញនៅថ្ងៃនេះ។

ក្រសួងការបរទេសអាមេរិកថា ចិនបានបន្ដធ្វើយោធាភាវូបនីយកម្មបង្កហេតុនិងប្រកបដោយហានិភ័យនៅតំបនស់ប្រជុំកោះស្រ្ពាតលី ហើយជាការបង្កហានីភ័យដល់ច្រកសមុទ្រតៃវ៉ាន។

ចំណែកការធ្វើសមយុទ្ធរបស់កងទ័ពចិនជារឿងៗនៅជិតតៃវ៉ាន់គឺជាសមយុទ្ធដែលមានគោលដៅចង់បញ្ជាក់ថាក្រុងប៉េកាំងមានអធិបតេយ្យដែនដីរបស់ខ្លួនពេញលេញ។

របាយការណ៍ដែលចេញផ្សាយដោយ ក្រសួងការពារជាតិតៃវ៉ាន់បានអោយដឹងថា ចិនបានគម្រាមកំហែងតៃវ៉ាន់ដោយបង្ហោះយន្តហោះរំលោភចូលដែនអាកាសនៃដែនកោះនេះចំនួន៤៦លើកក្នុងរយៈពេល៩ថ្ងៃមកនេះ។

រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ លោក Joseph Wu បានចោទថា ចិនកំពុងបង្កើនការដាក់សម្ពាធការទូត និងការគំរាមកំហែង ផ្នែកយោធា ដែលជំហររបស់ក្រុងប៉េកាំងចង់ទាញទៅជម្លោះ ប្រដាប់អាវុធ នៅច្រកសមុទ្រតៃវ៉ាន់។

លោក Joseph Wu បានថ្លែងទៅកាន់គណៈកម្មាធិការ ការពារជាតិ នៃរដ្ឋសភាតៃវ៉ាន់ ថា កងនាវាចម្បាំងនៃកងទ័ពរំដោះប្រជាជនចិនបានបើកចូលព្រំដែនទឹកតៃវ៉ាន់ ហើយ ចំណែកកងនាវាចម្បាំងវិញក៏បានបង្ហោះយន្តហោះច្បាំងរបស់ខ្លួន ជាច្រើនគ្រឿង ហោះហើរ ជាញឹកញាប់លើ ដែន អាកាសតៃវ៉ាន់ គឺជាការបង្កជម្លោះដ៏គ្រោះថ្នាក់។

តែបែបនេះក្ដី Joseph Wu បាននិយាយថាតៃវ៉ាន់បានបញ្ចេញយន្តហោះចម្បាំង ដេញប្រសាចនឹងយន្តហោះរបស់ចិន ដែល បានហោះរំលោភលើដែនអាកាសរបស់តៃវ៉ាន់។

បើតាមJoseph Wu តៃវ៉ាន់មើលឃើញថាភាពតានតឹងនេះ គឺមិនអាចរកទីបញ្ចប់បានទេ។ ក្រសួងការបរទេសតៃវ៉ាន់ប្រកាសថា បើយោងតាមកិច្ចព្រមព្រៀងអាមេរិក-តៃវ៉ាន់គឺសហរដ្ឋអាមេរិកនៅតែមានលទ្ធភាព ជួយធ្វើសង្រ្គាមជាមួយតៃវ៉ាន់ ព្រោះ កិច្ចព្រមព្រៀង និងច្បាប់របស់អាមេរិក និយាយពីទំនាក់ទនងជាមួយកោះតៃវ៉ាន់នៅតែជួយតៃវ៉ាន់ក្នុងវិស័យការពារជាតិសម្រាប់ដែនកោះតៃវ៉ាន់។

លោក Joseph Wu បញ្ជាក់ថា បើសង្រ្គាមតៃវ៉ាន់ នឹងចិនផ្ទុះឡើងគឺមិនមែនសង្រ្គាមខ្ចីដៃនោះទេ ព្រោះតៃវ៉ាន់គឺជារដ្ឋអធិបតេយ្យ ជាប្រទេសមួយឯករាជ្យ ហើយអាមេរិកនឹងមិនបិទភ្នែកមើលកងទ័ពចិន ឈ្លានពានតៃវ៉ាន់ឡើយ។ រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ Joseph Wu បានអះអាងថា ការពិតអាមេរិកបានចុះហត្ថលេខា ក្នុងសន្ធិសញ្ញា ការពារជាតិជាមួយតៃវ៉ាន់មានតាំងពី ឆ្នាំ១៩៥៤។ តៃវ៉ាន់បានបំបែកចេញពីប្រទេសចិន ដោយសារសង្រ្គាមស៊ីវិល ឆ្នាំ១៩៤៩។

តៃវ៉ាន់ក៏ធ្លាប់ជាសមាជិកនៃអង្គការសហប្រជាជាតិច្រើនឆ្នាំដែរ ដោយមានឈ្មោះថា សាធារណៈរដ្ឋចិន។ ប៉ុន្តែអាសនៈរបស់តៃវ៉ា់ន់ក៏បានបាត់បូតទៅលើ ប្រទេសចិនបច្ចុប្បន្ននេះគឺតាំងពីឆ្នាំ១៩៧១។

ក្នុងស្ថានភាពចុងក្រោយនេះ តៃវ៉ាន់ដែលមានគ្រឿងសព្វាវុធទំនើបៗពីសហរដ្ឋអាមេរិក បានបើកធ្វើសមយុទ្ធជាញឹកញាប់ ដោយប្រើប្រាស់អាវុធទាំងនោះ។ សមយុទ្ធភាគច្រើនធ្វើឡើងក្រោមការ ឃ្លាំមើលដោយផ្ទាល់ពីអ្នកស្រីប្រធានាធិបតីសាយអ៊ឹងវិន។

អ្នកស្រី សាយអ៊ឹងវិន បានហៅការធ្វើសមយុទ្ធនេះ គឺជាការពង្រឹងសមត្ថភាពជំនាញរបស់កងទ័ពតៃវ៉ាន់ ក្នុងការពារដែនអធិបតេយ្យ របស់ដែនកោះមួយនេះ។ ទោះបែបនេះក្ដី អ្នកស្រី ក៏បានព្រមានចិនវិញដែលថា តៃវ៉ានតូចក្ដីតែពលរដ្ឋតៃវ៉ាន់ មានឆន្ទៈខ្លាំងក្លាដើម្បីតៃវ៉ាន់មានសេរីភាព និងមានប្រជាធិបតេយ្យមួយរឹងមាំហើយតែវ៉ាន់មិនអាចក្លាយជាហុងកុងទី២បានឡើយ។

យ៉ាងណា តៃវ៉ាន់ នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ កាន់តែរងការគំរាមខ្លាំងឡើងៗពីសំណាក់ប្រទេសចិន។ មេទ័ពចិន និងថ្នាក់ដឹកនាំ ចិនតែតែងព្រមានថា នឹងវាយយកតៃវ៉ាន់ មកគ្រប់គ្រងវិញ បើដែនកោះមួយនេះហ៊ានប្រកាស ឯករាជ្យ បើទោះជាមានការគាំទ្រពី សហរដ្ឋអាមេរិក និងប្រទេសច្រើនទៀតក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស