សហរដ្ឋអាមេរិកតាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានអះអាងថា ប្រទេសមហាអំណាចមួយនេះ ប្តេជ្ញាឈរជាមួយកម្ពុជា ដើម្បីឈានទៅបញ្ចប់ការគំរាមកំហែងដោយសារគ្រាប់មីនឱ្យអស់នៅឆ្នាំ២០២៥ និងស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ការអះអាងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញានេះ ក្នុងដំណើរទស្សនៈកិច្ចពិនិត្យមើលការងារបោសសម្អាតគ្រប់បែកចង្កោមរបស់អង្គការ MAC និងអង្គការ NPA នៅខេត្តរតនគិរី ជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានិងជាអនុប្រធានទី១អាជ្ញាធរមីន លោក លី ធុជ។
ទំព័រហ្វេសប៊ុករបស់អាជ្ញាធរមីន នៅថ្ងៃពុធនេះបានឱ្យដឹងថា កម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមជាង ៧៤៣គីឡូម៉ែត្រក្រឡា ក្នុងខេត្តចំនួន១៩នៅទូទាំងប្រទេសកម្ពុជា។
ដោយឡែកក្នុងដំណើរទស្សនៈរវាងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy នៅខេត្តរតនគិរីវិញ ភាគីទាំងពីរបានពិនិត្យម៉ាស៊ីនគាំទ្រប្រតិបត្តិការបោសសម្អាតគ្រាប់របស់អង្គការ MAC ដែលជាជំនួយរបស់អាមេរិកនៅក្រុងបានលុង និងលទ្ធផលនៃការបោសសម្អាតគ្រប់បែកចង្កោមរបស់អង្គការ NPA នៅវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ ព្រមទាំងបានមើលការប្រកួតបាល់ទាត់នារីរវាងអ្នកដោះមីន និងគ្រាប់របស់អង្គការ ទាំងពីរផងដែរ។
នាឱកាសនោះ ក្នុងនាមតំណាងឱ្យរដ្ឋាភិបាលកម្ពុជា លោក លី ធុជ បានស្នើភាគីសហរដ្ឋអាមេរិក តាមរយៈឯកអគ្គរដ្ឋទូតអាមេរិក ឱ្យបន្តជួយគាំទ្រលើការងារនេះ ដោយបង្កើននូវកញ្ចប់ថវិការបស់ខ្លួនក្នុងការចូលរួមលើការងារបោសសម្អាតមីន និងគ្រាប់បែកចង្កោមនៅកម្ពុជាបន្តទៀត។
លើសពីនេះ ជួយកសាងសមត្ថភាពថ្នាក់ជាតិក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះរយៈពេលវែង ក្រោយឆ្នាំ២០២៥ និង ស្នើអាមេរក ឱ្យគាំទ្រការបង្កើតបន្ថែមក្រុមការងារបច្ចេកទេសស្រាវជ្រាវចម្ការគ្រាប់បែកចង្កោមផងដែរ។
ប្រភពដដែលបន្ថែមថា ជាការឆ្លើយតបនៅពេលនោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy អះអាងថាអាមេរិក គឺជាអ្នកផ្គត់ផ្គង់ជំនួយមនុស្សធម៌លើការងារបោសសម្អាតមីន និងគ្រាប់នៅ កម្ពុជាធំមួយ ក្នុងគោលដៅចូលរួមផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា។ លោកបន្តថា សហរដ្ឋអាមេរិក ប្តេជ្ញាបន្តឈរជាមួយកម្ពុជាក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីនឱ្យអស់នៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្ររបស់កម្ពុជាផង។
អាជ្ញាធរមីន ឱ្យដឹងថាផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវទិន្នន័យមូលដ្ឋានចាប់ពីឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០២០ កម្ពុជារងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមមានផ្ទៃដីជាង៨៩៤ គីឡូម៉ែត្រក្រឡា។ ក្នុងនោះ កម្ពុជាបានបោសសម្អាតផ្ទៃដី បានជាង១៨៤គីឡូម៉ែត្រក្រឡា ហើយផ្ទៃដីនៅសល់មានទំហំជាង៧០០គីឡូម៉ែត្រក្រឡាទៀត។
អនុប្រធានទី១ នៃអាជ្ញាធរមីន លោក លី ធុជ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាដ៏សប្បុរស ដែលផ្តល់ដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក និងពលរដ្ឋអាមេរិក ក្នុងការរួមចំណែកកាត់បន្ថយការគំរាមកំហែងដោយគ្រាប់មីន និងគ្រាប់បែកចង្កោម ព្រមទាំងសង្រ្គោះជីវិតមនុស្សនៅកម្ពុជា។
លោក បញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២ មកសកម្មភាពមនុស្សធម៌នេះ រដ្ឋាភិបាល និងពលរដ្ឋអាមេរិកបាន ផ្តល់ថវិកាចំនួន១៦០ លានដុល្លារ តាមរយៈកម្មវិធី Weapon Removal and Abatement ហៅកាត់ថាWRA និង កម្មវិធី Humanitarian Demining Research and Development ហៅកាត់ថា HDR&D ៕