33 C
Phnom Penh

អ្នកស្រី រ៉ូណា ស្មីត នឹងលើកយកបញ្ហាសិទ្ធិមនុស្សទៅបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៃអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត អះអាងថា អ្នកស្រីនឹងបង្ហាញរបាយការណ៍របស់អ្នកស្រីស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងសម័យប្រជុំលើកទី៤៥ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍ទី ១ខែតុលា នេះ។

ទំព័រហ្វេសប៊ុក របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៅថ្ងៃពុធនេះ បានឱ្យដឹងថា របាយការណ៍របស់អ្នកស្រី រ៉ូណា ស្មីត នឹងនិយាយពីស្ថានភាពនយោបាយនៅកម្ពុជា បញ្ហាសិទ្ធិមនុស្ស ព្រមទាំងសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបជុំដោយសន្តិវិធី រួមទាំងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ផងដែរ។ ការបង្ហាញរបាយការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សរូបនេះស្របគ្នា នឹងការធ្វើបទបង្ហាញអំពីរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ស្តីពី ការបំភិតបំភ័យ និងការសងសឹក ដែលបានធ្វើឡើងប្រឆាំងអ្នកដែលបានសហការជាមួយអង្គការសហប្រជាជាតិ និងយន្តការរបស់ខ្លួន នៅក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃពុធនេះផងដែរ។

ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាហៅកាត់ថា UNHRC បានអះអាងកាលពីថ្ងៃម្សិលមិញថា កាលពីខែសីហា និងខែវិច្ឆិកា ឆ្នាំ២០១៩ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានកត់សម្គាល់តាមរយៈរបាយការណ៍ជាច្រើន អំពីរូបភាពបំភិតបំភ័យនិងយាយីដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស។

រូបភាពយាយីទាំងនោះ ដូចជាសមត្ថកិច្ចបានទៅថតរូប និងសាកសួរព័ត៌មាន ព្រមទាំងសួររកលិខិតអនុញ្ញាត ឬផ្អាកកិច្ចប្រជុំទាំងនោះជាដើម។ យ៉ាងណា ស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា ក្នុង             រយៈពេលចុងក្រោយនេះ ត្រូវបានអង្គការជាតិ និងអន្តរជាតិមួយចំនួនវាយតម្លៃថា កាន់តែអាក្រក់ជាងមុនថែមទៀត។

ជាក់ស្តែងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងក្រុមយុវជនបរិស្ថានយ៉ាងហោចណាស់២០នាក់ត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់ឃុំខ្លួន ដោយចោទប្រកាន់ពួកគេពីបទញុះញង់ ខណៈពួកគេបានសម្តែងមតិដោយសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។

លើសពីនេះ អតីតមន្ត្រីមូលដ្ឋានជាប់ឆ្នោតគណបក្សសង្រ្គោះជាតិខេត្តត្បូងឃ្មុំ និងខេត្តកំពត ជិត១០នាក់ ត្រូវបានតុលាការខេត្តទាំងពីរនេះ សើរើសំណុំរឿងចាស់របស់ពួកគេ ដោយសម្រេចផ្តន្ទាទោសពួកគេឱ្យជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ ៧ឆ្នាំ ពីបទរួមគំនិតក្បត់ជាតិ ក្នុងផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី ៩ខែវិច្ឆិកា ឆ្នាំ២០១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស