នយោបាយ

ក្រុមអ្នកសារព័ត៌មានក្នុងស្រុកជំរុញឲ្យរដ្ឋាភិបាលធានាសុវត្ថិភាពរបស់អ្នកយកព័ត៌មានគ្រប់រូប

By ឌឹ ខេមបូឌា ដេលី

October 01, 2020

មន្ត្រីជាន់ខ្ពស់នៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ដែលហៅកាត់ថា ខេមបូចា) ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាធានានូវសុវត្ថិភាព សន្តិសុខ និងសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ដល់អ្នកសារព័ត៌មានគ្រប់រូបដើម្បីឲ្យពួកគេអាចអនុវត្តសិទ្ធិសេរីភាព និងរាយការណ៍ពីបទល្មើសនានា ក្នុងសង្គមជាតិដោយមិនមានការភ័យខ្លាច។

លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា អះអាងថា អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរាយការណ៍អំពី បទល្មើសព្រៃឈើ ឃាតកម្មលើបណ្ឌិតបញ្ញវន្តខ្មែរ អំពើពុករលួយ និងបទល្មើសធំៗជាច្រើនទៀតនៅក្នុងសង្គម កំពុងរងការគម្រាមកំហែងលើសិទ្ធិសេរីភាព និងរងការវាយដំលើរូបរាងកាយយ៉ាងធ្ងន់ធ្ងរ។

លោកបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានឯករាជទាំងនេះត្រូវបានឈ្មួញទុច្ចរិត និងមន្ត្រីខិលខូចឆ្លៀតឳកាសប្រទេសជួបវិបត្តជំងឺកូវីដ១៩ បានប្រព្រឹត្តល្មើសតាំងពីកម្រឹតតូចរហូតឈានទៅដល់ការកាប់សម្លាប់ដោយមិនញញើតច្បាប់ទាល់តែសោះ ជាងនេះទៀតពួកគេបានចាត់ទុកអ្នកសារព័ត៌មានជាសត្រូវរបស់ពួកគេដែលត្រូវកំចាត់ចោលថែមទៀតផង។

ការអះអាងនេះធ្វើឡើងក្រោយសមាជិកសម្ព័ន្ធអ្នកសារព័ត៌មាន ៤ រូបរងការវាយដំដោយហិង្សាបណ្តាលឲ្យរងរបួសធ្ងន់ ពីជនមិនស្គាល់មុខដែលមានបក្ខពួកចំនួន ៧នាក់ ប្រដាប់ដោយកាំបិត ពូថៅ និងដំបង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ស្ថិតនៅចំនុចប៉ុស្តិ៍ទិស ច្រកទ្វារព្រំដែនបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងរយពេល៣ខែចុងក្រោយនេះ រាប់ចាប់ពីខែកក្កដា ដល់ខែ កញ្ញា ឆ្នាំ២០២០  អ្នកសារព័ត៌មានសរុបចំនួន ១៥នាក់ ក្នុងរាជធានីខេត្តចំនួន៨  រួមមាន តាកែវ កំពង់ឆ្នាំង ព្រះសីហនុ មណ្ឌលគីរី សៀមរាប ក្រចេះ និងភ្នំពេញ កំពុងរងការធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរ និងគ្រប់រូបភាពតាមរយៈការគម្រាមកំហែង ការប្រើអំពើហិង្សា ការចាប់ខ្លួន និងពាក្យ បណ្តឹងពីតុលាការផងដែរ។

ក្នុងទិវាអបអរសាទរ អន្តរជាតិ ស្តីពីសិទ្ធិទទួលព័ត៌មាន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ សហព័ន្ធសហភាពអ្នកសារព័ត៌មានបានអះអាងថា រដ្ឋាភិបាលកម្ពុជាបានបើកទូលាយអំពីលំហរសិទ្ធិសេរីភាពសារព័ត៌មានក្នុងការទទួល និងផ្តល់ព័ត៌មាន ដើម្បីផ្សព្វផ្សាយពី តម្លៃសន្តិភាព ទៅកាន់ពិភពលោក។

យ៉ាងនេះក្តីក្រុមសកម្មជនាការពារសិទ្ធិមនុស្សបានអះអាងថា បច្ចុប្បន្ននេះអាជ្ញាធរក្រុងភ្នំពេញកំពុងឃុំខ្លួនសកម្មជនការពារព្រៃឈើ សកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នកសារព័ត៌មានចំនួនប្រមាណជាង៥០នាក់ហើយ បើរាប់បញ្ចូលទាំងអ្នកតវ៉ាទាមទារសិទ្ធិសេរីភាពបញ្ចេញមតិ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនក្នុងរយពេល៣ខែចុងក្រោយនេះសរុបមានចំនួនដល់ទៅ ៧០នាក់ ឯណោះ។

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ លោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន TVFB ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួន ក្រោយពេលលោកបានចុះផ្សាយសម្តីលោក ហ៊ុន សែន ដែលបានលើកឡើងថា«បើអ្នករត់ម៉ូតូឌុបក្ស័យធនលក់ម៉ូតូចាយសិនទៅ! រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ» ជាងនេះទៀតក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណអនុញ្ញាតការផ្សាយរបស់សារព័ត៌មាន TVFB ដោយលើកឡើងថាបណ្ដាញសារព័ត៌មាននេះ បានផ្សាយព័ត៌មានដែលមានចរិតញុះញង់បង្កឱ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

របាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ ខែមេសា អះអាងថាសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ ២០២០ នេះ បានថយចុះមួយលេខទៀតហើយ ពោលគឺទទួលបានចំណាត់ថ្នាក់លេខ១៤៤ក្នុងចំណោមប្រទេសចំនួន១៨០។ របាយការណ៍ដដែលនេះបន្តថា ការអន់ថយនៃចំណាត់ថ្នាក់នេះ គឺបន្ទាប់ពីមានការចាប់ខ្លួនអ្នកកាសែតរួមនិង ការអនុម័តច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្នជាដើម។

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) អះអាងថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបានបន្តធ្លាក់ចុះមួយលេខទៀតបើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលជាប់ចំណាត់ថ្នាក់លេខ១៤៣ខណៈឆ្នាំ២០១៨ជាប់ចំណាត់ថ្នាក់១៤២ ពោលសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នា។

រដ្ឋធម្មនុញ្ញកម្ពុជាតាមមាត្រា ៤១ ដែលបានចែងថាប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួនសេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។

ក្រុមអ្នកវិភាគនយោបាយសង្គមរិះគន់ថាសេរីភាពសារព័ត៌មានសម្រាប់កម្ពុជារងការគម្រាមកំហែងធ្ងន់ធ្ងរជាប់ៗគ្នាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ត្បិតស្ថាប័នសារព័ត៌មាន និងស្ថានីយ៍វិទ្យុជារាប់សិបត្រូវបានរដ្ឋាភិលលោក ហ៊ុន សែន បិទជាបន្តបន្ទាប់៕