29 C
Phnom Penh

សមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន UDG ចំនួន៤នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន៤នាក់ នៅពេលដែលពួកគេនិងពលរដ្ឋជាច្រើននាក់ផ្សេងទៀត បាននាំគ្នាតវ៉ា ដោយបោះតង់ស្នាក់នៅមុខសាលាខេត្ត ដើម្បីទាមទាររកដំណោះស្រាយរឿងដីធ្លី ជាមួយក្រុមហ៊ុនចិន UDG។ ក្រោយសាកសួរនាំអស់ជាង១០ម៉ោង ទើបអាជ្ញាធរព្រមដោះលែងពួកគេវិញនៅរសៀលថ្ងៃពុធនេះ ។

ពលរដ្ឋដែលបញ្ហាដីធ្លី បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថាការតវ៉ាដោយបោះតង់នៅមុខសាលាខេត្តនេះធ្វើឡើងចាប់តាំងពីថ្ងៃចន្ទ ដោយមានពលរដ្ឋប្រមាណ ៦០នាក់ បានចូលរួមដើម្បីរងចាំការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនចិន ញូញៀនឬ UDG (Union Development Group ) ពីសំណាក់អាជ្ញាធរខេត្ត។

ក្រោយមកនៅទៀបភ្លឺយប់ថ្ងៃទី៣០ខែកញ្ញានេះ ស្រាប់តែមានសមត្ថកិច្ចខេត្តកោះកុងបានចុះមករុះរើតង់ និងឃាត់ខ្លួនពលរដ្ឋ៤នាក់ រួមមាន អ្នកស្រី ព្រំ គង់ អ្នកស្រី ព្រាប រដ្ឋា លោក សុខ ពេជ្រ និងម្នាក់ទៀតឈ្មោះ ថាវ ។

ទោះជាយ៉ាងនេះក្តី ក្រុមពលរដ្ឋអះអាងថានឹងបន្តតវ៉ាទៀត រហូតដល់មានដំណោះស្រាយ។

យ៉ាងណាកាលពីថ្ងៃទី ២១ ខែកញ្ញា ក្រសួងរៀបចំដែនដី បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា សំណើររបស់ពលរដ្ឋ៥ក្រុម ដែលមានជំម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ, ក្រុមហ៊ុន Koh Kong Plantation, ក្រុមហ៊ុនKoh Kong Sugar Industry និងក្រុមហ៊ុនចិន Union Development Group ឬ UDG នៅខេត្តកោះកុង ក្រសួងមិនទទួលដោះស្រាយឡើយ ព្រោះមិនមានមូលដ្ឋានផ្លូវច្បាប់សម្រាប់ធ្វើការដោះស្រាយឡើយ។

កាលពីថ្ងៃទី ១៥ខែកញ្ញា ក្រសួងរតនាគារអាមេរិកសម្រេចដាក់ទណ្ឌកម្ម ក្រុមហ៊ុន UGD ដែលកំពុងវិនិយោគលើគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍តារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង ។

ការសម្រេចបែបនេះធ្វើឡើងតាមច្បាប់ Global Magnitsky Act ក្រោយពេលរកឃើញថា ក្រុមហ៊ុនចិនមួយនេះកំពុងរំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធ និងមានភាពមិនប្រក្រតីមួយចំនួនទៀត ប៉ុន្តែការចោទនេះត្រូវបានរដ្ឋាភិបាលកម្ពុជា និងចិន ទាត់ចោល ដោយថាជារឿងអយុត្តិធម៌ និងជារឿងនយោបាយ។

កាលពីឆ្នាំ២០០៨ ក្រុមហ៊ុនចិន UDG ទទួលបានដីសម្បទានពីរដ្ឋាភិបាលកម្ពុជា ទំហំជិត៤ម៉ឺនហិកតា ខេត្តកោះកុង ដោយជួលក្នុងរយៈពេល ៩៩ឆ្នាំ ដើម្បីអភិវឌ្ឍន៍ជាមណ្ឌលកម្សាន្តទេសចរណ៍ធម្មជាតិតារាសាគរ ក្នុងទឹកប្រាក់ជិត៤ពាន់លានដុល្លារ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស