29 C
Phnom Penh

សមត្ថកិច្ចចុះបិទ KTV ជនជាតិយីហោ ស៊ីនខាយសៀនមិន និងឃាត់មនុស្សប្រុសស្រីជាង ៤០០នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ក្នុងខារ៉ាអូខេ របស់ជនជាតិចិនមួយកន្លែងឈ្មោះស៊ីនខាយសៀនមិន  នៅម្តុំឆ្នេរអូឈើទាល ក្នុងភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ  ចាប់តាំងពីម៉ោងជាង ២យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រឆាំង នឹងបម្រាម និងសង្ស័យជួញដូរគ្រឿងញៀន។

សេចក្តីរាយការណ៍បឋម របស់សមត្ថកិច្ច បង្ហាញថា កម្លាំងជំនាញ បានឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង៤០០នាក់ និងខ្មែរមួយចំនួនផង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅក្នុងខារ៉ាអូខេខាងលើនេះ ហើយនាំមកស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ និងសាកសួរ។

សមត្ថកិច្ចបន្តថា រហូតមកដល់ថ្ងៃនេះ ការត្រួតពិនិត្យ និងសាកកំពុងធ្វើបន្ត ហើយមិនទាន់មានរបាយការណ៍ផ្លូវការពីសមត្ថកិច្ច ថាក្លឹបខារ៉ាអូខេ ឈ្មោះ របស់ថៅកែជនជាតិចិន ស៊ីនខាយសៀនមិន ខាងលើនេះ មានជាប់ពាក់ព័ន្ធបទល្មើសអ្វីខ្លះ និងមានមនុស្សប៉ុន្មាននាក់ នឹងជាប់ពាក់ព័ន្ធបទល្មើសនោះទេ។

មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បន្តថា ការចុះឆែកឆេរ នៅទីតាំង KTV ឬភោជនីយ៍ដ្ឋាន ស៊ីនខាយសៀនមិន កម្មសិទ្ធិ របស់ឈ្មោះ BAO FANGZE ជនជាតិចិន ខាងលើនេះ ស្ថិតនៅក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។ យុទ្ធនាការនេះ សម្រលសម្រួលនីតិវិធី ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។ ប្រតិបត្តការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ជនជាតិចិនចំនួន៤១៥នាក់ ក្នុងនោះ (ស្រី១៤៣នាក់) ជនជាតិខ្មែរ ០៤នាក់ (ស្រី០១នាក់)។

ចំណែកវត្ថុតាងចាប់បានរួមមាន៖ កាំភ្លើងខ្លី ចំនួន០២ដើម; ប្រភេទ (សូរ៉ាក់គី) ចំនួន០១ដើម បង់០១គ្រាប់ ចំនួន០៦គ្រាប់,  ប្រភេទ (ប៉េអាតា) ចំនួន០១ដើម បង់០១, គ្រាប់ចំនួន៤១ ព្រមទាំងអាវុធវែងប្រភេទ AK47 ស្វ័យបត់ចំនួន០១ដើម បង់០១, គ្រាប់៦១ កាបូបខ្មៅ ចំនួន០១ និងរបស់របរជិត៣០ប្រភេទទៀត។

បច្ចុប្បន្ន  កម្លាំងគណ:បញ្ជាការឯកភាពខេត្តព្រះសីហនុ បានប្រគល់ជនសង្ស័យ និងវត្ថុតាង ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយមន្ត្រីនគរបាលជំនាញកំពុងសាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនអ្នកជាប់ពាក់ព័ន្ធបទល្មើស ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមនីតិវីធីច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស