វៀតណាម និងចិនជាប្រទេសប្រកាន់របបកុមុ្មយនិស្តដូចគ្នា ប៉ុន្តែប្រទេសពីរនេះ ក៏ជាសត្រូវ នឹងគ្នា ជាប្រវត្តិសាស្រ្តដែរ។ ចិនបានលើកទ័ពចូលទៅឈ្លានពានវៀតណាម ច្រើនលើកមកហើយ។ នៅឆ្នាំ១៩៧៤ ចិន លើកទ័ពចូលកាន់កាប់កោះមួយចំនួន នៅប្រជុំកោះប៉ារ៉ាហ្សែល ដែល វៀតណាមអះអាងថា ជាដែនកោះរបស់ខ្លួន។ នៅឆ្នាំ១៩៧៩ ចិនលើកទ័ពម្ដងទៀត តាមព្រំដែនវាយលុកខេត្តតាមព្រំដែននៃប្រទេសវៀតណាម ប៉ុន្តែបានដកត្រឡប់មកវិញ។
មូលហេតុដែលកងទ័ពចិនចូលលុកលុយទឹកដីវៀតណាម មិនត្រូវបានប្រកាសថា មកពីជម្លោះអ្វីពិតប្រាកដនោះទេ។ បែបណា គេដឹងថា ចិន មានការសោកស្ដាយជាខ្លាំងដោយសារតែរបប កម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ត្រូវបានកងទ័ពវៀតណាម ផ្ដួលរំលំនៅថ្ងៃទី៧មករា ១៩៧៩។ ជាថ្មីម្ដងទៀតនេះ វៀតណាម និងចិនកំពុងបន្តជម្លោះនឹងគ្នាទៀត ក្នុងការដណ្ដើមកាន់កាប់ដែនសមុទ្រនៅក្នុងប្រជុំកោះ ប៉ារ៉ាហ្សែលនៃសមុទ្រចិនខាងត្បូង។
សារព័ត៌មានវៀតណាម VNS បានចុះផ្សាយនៅថ្ងៃទី១តុលានេះថា ក្រុងហាណូយ ចង់ស្នើអោយ ចិនមកចរចាជាមួយប្រទេសនៃសមាគមអាស៊ាន ដើម្បីបង្កើតក្រមប្រតិបត្តិសមុទ្រ អំពីសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Lê Thị Thu Hằng បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មួយនៅទីក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍ទី១ ខែតុលានេះថា រដ្ឋាភិបាល ហ្វីលីពីនបានសួរចិត្តវៀតណាមដែលឆ្នាំ២០២០នេះគឺជាប្រធានប្ដូរវេននៃសមាគមអាស៊ានមានគិតថា នឹងចង់ឲ្យចិន ជួយពន្លឿនក្រមប្រតិបត្តិសមុទ្រដែរឬទេ ព្រោះឆ្នាំ ក្រោយនេះ នឹងដល់វេនប្រទេសភូមា ធ្វើជាប្រធានប្ដូរវេននៃសមាគមអាស៊ានវិញម្ដង។
បើតាមអ្នកនាំពាក្យ ការដែលភាគីចិន មកចរចាជាមួយ ក្រុមសមាជិកអាស៊ាន អំពីការបង្កើត ក្រមប្រតិបត្តិសមុទ្រនៃ សមុទ្រចិនខាងត្បូង គឺជាអាទិភាពរបស់វៀតណាម និងសមាគមអាស៊ានដែល ពិតណាស់ចង់អោយ អាស៊ាន និងចិន មានច្បាប់សមុទ្រមួយដាច់ដោយឡែក។ប៉ុន្តែ ត្រូវស្របនឹង ច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២។ ការពិតអាស៊ាន និងចិន បានពង្រាយរួមគ្នា អំពីក្រមប្រតិបត្តិសមុទ្រ ជាច្រើនឆ្នាំមកហើយ ដោយសន្យាថានឹងអោយចេញជារូបរាងនៅឆ្នាំ ២០២១។
ប៉ុន្តែជម្លោះ ចិន និងប្រទេសក្នុងសមាគមជាពិសេសចិនជាមួយវៀតណាមនិងហ្វីលីពីន មានសភាពធ្ងន់ជាងគេ ព្រោះចិន ត្រូវបានប្រទេស២នេះចោទថា បានលើកទ័ពចូលកាន់កាប់ដែនកោះរបស់ ពួកគេជាច្រើននៅ សមុទ្រចិនខាងត្បូង។
នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានកត់សំគាល់ថា ចិនដែលបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅ ប្រជុំកោះប៉ារ៉ាហ្សែល ហើយទើបបានបិទបញ្ចប់កាលពីថ្ងៃពុធទី៣០កញ្ញា គឺចិនជាអ្នកបង្កអសនិ្តសុខ ក្នុងតំបន់។ អ្នកនាំពាក្យរូបនេះបន្តថា ទង្វើរបស់ចិន បែបនេះគឺជាការរំលោភលើ សេចក្ដីប្រកាស អំពីក្រមប្រតិបត្តិ ដែលភាគីពាក់ព័ន្ធ បានប្រកាសរួមគ្នាកន្លងមកនេះដែលថា រួមគ្នាបន្តរក្សាសន្តិភាព ស្ថិរភាព ដែនសមុទ្រចិនខាងត្បូង ដែលជាផលប្រយោជន៍តំបន់។
អ្នកស្រី Lê Thị Thu Hằng បញ្ជាក់ថា វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ និងមានមូលដ្ឋានច្បាប់រឹងមាំ ថាតំបន់នោះ ជាដែនអធិបតេយ្យរបស់វៀតណាម គឺមានដូចជាកោះ Hoàng Sa និង Trường Sa ដែល រត់លើខ្សែបន្ទាត់ដូចមាននៅក្នុងច្បាប់ សមុទ្រអន្តរជាតិ។ វៀតណាម ប្រកាសថា កោះទាំងពីរនេះ ត្រូវបានចិនលើកទ័ពចូលកាន់កាប់តាំងពីឆ្នាំ១៩៧៤។
អ្នកស្រី Lê Thị Thu Hằng ក្នុងនាមរដ្ឋាភិបាល វៀតណាម សូមប្រកាសទាមទារអោយ ចិន បញ្ឈប់ជាបន្ទាន់ និងគោរព ដែនអធិបតេយ្យ របស់វៀតណាម ។ នៅក្នុងកិច្ចប្រជុំក្រុមរដ្ឋមន្ដ្រីការបរទេសសមាគមន៍អាស៊ានកាលពីថ្មីៗនេះនាយករដ្ឋមន្ដ្រីវៀតណាមង្វៀន ស៊ុនហ្វុក បានប្រាប់ទៅរដ្ឋមន្ដ្រីការបរទេសអាស៊ានឲ្យងើបឡើងព្រមៗគ្នាជួយការពារសន្ដិសុខសន្ដិភាពនៃសមុទ្រចិនខាងត្បូងដែលលោកថាពេលនេះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ហើយ។
នាយករដ្ឋមន្ដ្រីវៀតណាមរូបនេះមិនបាននិយាយយោងទៅលើឈ្មោះប្រទេសចិននោះទេ ប៉ុន្ដែរដ្ឋមន្ដ្រីការបរទេសចិនវ៉ាងយី ក៏មានក្នុងវត្តមាននៃកិច្ចប្រជុំតាមវិឌីអូOnline នោះដែរ។
មេដឹកនាំវៀតណាមរូបនេះបានទទួចថាដែនសមុទ្រចិនខាងត្បូងត្រូវតែមានក្រមប្រត្តិបត្តិសមុទ្រព្រោះវាជាឧបករណ៍ដែលនាំឲ្យភាគីពាក់ព័ន្ធត្រូវអនុវត្តហើយវាជាបទបញ្ញត្តិតំបន់ទៀតផង។
សមុទ្រចិនខាងត្បូងមិនត្រឹមតែមានជំលោះរវាង វៀតណាមនិងចិននោះទេ គឺចិនក៏កំពុងបង្កជំលោះជាមួយហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និង ឥណ្ឌូនេស៊ី ដែរ។ សមុទ្រចិនខាងត្បូងមានក្រឡាផ្ទៃ៣លានគីឡូម៉ែត្រក្រឡា។
ប៉ុន្ដែសារព័ត៌មានរបស់អាមេរិកThe National Interest បានចុះផ្សាយថាចិនបានកាន់កាប់ស្ទើរ៨០% ទៅហើយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ សហរដ្ឋអាមេរិកដែលពុំមានកម្មសិទ្ធនៅក្នុងសមុទ្រចិនខាងត្បូងប៉ុន្ដែបានប្រកាសថាខ្លួនក៏មានសិទ្ធធ្វើនាវាចរណ៍លើលំហសមុទ្រដ៏ធំល្វឹងល្វើយនេះផងដែរព្រោះវាជាផ្លូវនាវាចរណ៍អន្ដរជាតិ។
ឥលូវនេះកងនាវាសហរដ្ឋអាមេរិកបានដាក់ពង្រាយរួចរាល់ហើយនៅក្នុងសមុទ្រចិនខាងត្បូងជាពិសេសគឺនៅក្នុងដែនសមុទ្រនៃប្រទេសហ្វីលីពីន។
វៀតណាមថ្មីៗនេះបានចុះអនុសារណៈ យោគយល់ជាមួយអាមេរិកដោយស្នើសុំអាមេរិកជួយការពារដែនទឹករបស់ខ្លួននៅប្រជុំកោះប៉ារ៉ាហ្សែល ដែលកងទ័ពចិនបានស្ថាប័នាកោះសប្បនិម្មិត្តជាង១០កោះ។
ហើយក្នុងនោះចិនបានពង្រាយ យន្ដហោះចម្បាំង កាំភ្លើងធំ និង កាំជ្រួចទៀតផង។វៀតណាមបានប្រកាសថាកោះរបស់ខ្លួនភាគច្រើននៅតំបន់នោះត្រូវចិនកាន់កាប់ដោយបានទាមទារថាចិនត្រូវតែប្រគល់កោះទាំងនោះមកឲ្យវៀតណាមវិញហើយគំរាមថាវៀតណាមអាចនឹងប្ដឹងចិនទៅកាន់មជ្ឈិត្តការអន្ដរជាតិ៕