38.1 C
Phnom Penh

អ្នកវិភាគថា កម្ពុជាគួរមានការទទួលខុសត្រូវលើការគោរពសិទ្ធិមនុស្ស ដើម្បីកុំឱ្យខ្មាសពិភពលោកបន្តទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា ដើម្បីកុំឱ្យខ្មាស់ពិភពលោកបន្តទៀត កម្ពុជាគួរជាប្រទេសធំពេញវ័យ និងមានការទទួលខុសត្រូវខ្ពស់ដោយខ្លួនឯង ហើយគោពរធ្វើតាមអ្វីដែលជាការសន្យារបស់ខ្លួនកាលពីជិត៣០ឆ្នាំមុន។

លើកឡើងនៅគណនីហ្វេសប៊ុកនៅថ្ងៃទី១ ខែតុលានេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថាប្រទេសកម្ពុជា មានលក្ខណៈពិសេសជាងគេក្នុងពិភពលោក។ ភាពពិសេសជាងគេនេះ ដោយសារជារដ្ឋអធិបតេយ្យ ឯករាជ្យ ប៉ុន្តែស្ថិតនៅក្រោមអាណាព្យាបាលរបស់អង្គការសហប្រជាជាតិនៅឡើយ ក្នុងវិស័យសិទ្ធិមនុស្ស តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១មក។

លោកបន្តថា កម្ពុជាមានបេសកជនពិសេស របស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ហើយក្រោយមកទៀតក៏មានអ្នករាយការណ៍ពិសេស ដែលទទួលបន្ទុកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស និងជួយឱ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

ជាងនេះទៀត មានការិយាល័យឧត្តមស្នងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលមានស្នាក់ការនៅកម្ពុជា ដើម្បីឃ្លាំមើល និងជួយជំរុញឱ្យមានការគោរពសិទ្ធិមនុស្សផ្ទាល់ នៅនឹងកន្លែងតែម្តង។

អ្នកវិភាគចាស់វស្សារូបនេះបន្តថា ដើម្បីកុំឱ្យខ្មាស់ពិភពលោកបន្តទៀត កម្ពុជាគួរជាប្រទេសធំពេញវ័យ និងមានការទទួលខុសត្រូវខ្ពស់ដោយខ្លួនឯង ហើយគោពរធ្វើតាមអ្វីដែលជាការសន្យារបស់ខ្លួនកាលពីជិត៣០ឆ្នាំមុន ដែលថាខ្លួនគោរព និងការពារសិទ្ធិមនុស្ស របស់ប្រជាពលរដ្ឋខ្លួនឯង។

លោកបន្តថា កម្ពុជា ល្មមឈប់ឱ្យអ្នកដទៃនៅតាមមើល ឬតាមស្តីបន្ទោស និងឈប់ឈ្លោះប្រកែកជាមួយគេក្នុងរឿងគោរព ឬមិនគោរពសិទ្ធិមនុស្សតាមការសន្យារបស់រដ្ឋាភិបាលកម្ពុជានោះទៅ។

លោកបណ្ឌិតបន្ថែមថា ជាប្រជាជាតិមួយដែលមានអធិបតេយ្យភាពឯករាជ្យ ត្រូវធ្វើតាមការសន្យានោះ ហើយឈប់រស់នៅក្រោមអាណាព្យាបាលរបស់អង្គការសហប្រជាជាតិក្នុងវិស័យសិទ្ធិមនុស្សនោះតទៅទៀតទៅ។

ការលើកឡើងនេះ ក្រោយពេលឧត្តមស្នងការអង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការកំពូលមួយនេះ អ្នកស្រី រ៉ូណា ស្មីត បានលើកឡើងបន្តបន្ទាប់ថា ពួកគេនឹងបង្ហាញរបាយការណ៍របស់ខ្លួនអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៅថ្ងៃម្សិលមិញ និងនៅថ្ងៃព្រហស្បតិ៍នេះ។

របាយការណ៍របស់អ្នកជំនាញសិទ្ធិមនុស្ស ដែលបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស កន្លងមកតែងរៀបរាប់ពីភាពអវិជ្ជមានស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដូចជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅលើក្រុមប្រឆាំង ការក្តោបក្តាប់អំណាចផ្តាច់មុខរបស់ក្រុមគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរដ្ឋាភិបាល ការគៀបសង្កត់លើសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងការបំភិតបំភ័យទៅក្រុមអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្សនៅកម្ពុជាជាដើម។ យ៉ាងរបាយការណ៍ទាំងនោះ តែងត្រូវបានរដ្ឋាភិបាលច្រានចោលជារឿយៗ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស