តំណាងរដ្ឋាភិបាលកម្ពុជា ប្រកាសទាត់ចោលរបាយការណ៍របស់មន្តី្រជាន់ខ្ពស់អង្គការសហប្រជាជាតិ ដែលលើកឡើងថាអ្នកចូលរួមសកម្មភាពសិទ្ធិមនុស្សជាមួយស្ថាប័នកំពូលមួយនេះ រងការគំរាមកំហែង បំភិតបំភ័យ និងសងសឹកពីអាជ្ញាធរលោក ហ៊ុន សែន។
ការច្រានចោលនេះ ធ្វើឡើងមួយថ្ងៃក្រោយពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជាហៅកាត់ថា UNHRC អះអាងនៅលើទំព័រហ្វេសប៊ុកខ្លួនថា នៅថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើបទបង្ហាញអំពីរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ក្នុងរបាយការណ៍នោះ នឹងនិយាយអំពីការបំភិតបំភ័យ និងការសងសឹក ដែលបានធ្វើឡើងប្រឆាំងអ្នកដែលបានសហការជាមួយអង្គការសហប្រជាជាតិ និងយន្តការរបស់ខ្លួន នៅក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា ។
UNHRC បានអះអាងទៀតថា កាលពីខែសីហា និងខែវិច្ឆិកា ឆ្នាំ២០១៩ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានកត់សម្គាល់តាមរយៈរបាយការណ៍ជាច្រើន អំពីរូបភាពបំភិតបំភ័យនិងយាយីដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស។
យ៉ាងណាក៏ដោយ កាលពីថ្ងៃម្សិលមិញដែរនោះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិក្នុងទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយដោយច្រានចោល និងសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការចោទប្រកាន់ទាំងនេះ ព្រោះជាការបំភ្លៃការពិតទាំងស្រុង។
សេចក្តីថ្លែងការណ៍ដដែលបានហៅរបាយការណ៍ផ្សព្វផ្សាយនោះថា បានដកស្រង់ព័ត៌មានតែមួយជ្រុង ខ្វះតុល្យភាព ដែលបញ្ហានេះធ្វើឱ្យចុះខ្សោយនូវសុចរិតភាព ឯករាជ្យភាព និងភាពទុកចិត្តបានរបស់ស្ថាប័នអង្គការសហប្រជាជាតិទៀតផង។
តែយ៉ាងណា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ក៏បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអង្គការសង្គមស៊ីវិលជួបប្រទះ តាមរយៈយន្តការជាតិ និងថ្នាក់ក្រោមជាតិ ដែលមានស្រាប់ រួមទាំង វេទិកា ភាពជាដៃគូ ដែលបានរៀបចំជាទៀងទាត់ដោយរដ្ឋាភិបាលផងដែរ។
ប្រមុខរដ្ឋាភិបាល និងមន្ត្រីតំណាងរដ្ឋាភិបាលកម្ពុជា ត្រូវបានគេមើលឃើញជាទូទៅថា តែងតែច្រានចោលរាល់របាយការណ៍អវិជ្ជមាន ពិសេសការរំលោភសិទ្ធិមនុស្សនៅកម្ពុជាជារឿយៗ ខណៈសហគមន៍លោកសេរី បានបន្តដំណើរការដាក់ទណ្ឌកម្មមកលើកម្ពុជាឥតឈប់ឈរក្នុងរយៈពេលចុងក្រោយនេះ។
ទណ្ឌកម្មទាំងនោះដូចជាការសម្រេចអនុវត្តនីតិវិធីជាផ្លូវការ ក្នុងការព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ២០% ពីសំណាក់សហភាពអឺរ៉ុបកាលពីខែសីហា។ ការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមមិនឱ្យមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួនជាន់ដីអាមេរិក រួមមានមេអង្គរក្សរបស់លោកហ៊ុន សែន គឺ លោក ហ៊ីង ប៊ុនហៀង ឈ្មួញរកស៊ីឈើដ៏ល្បីល្បាញ លោកឧកញ៉ាទ្រី ភាព អតីតមេបញ្ជាការកងទ័ពជើងគោក លោក គន់ គីម និងក្រុមគ្រួសារ ព្រមទាំងក្រុមហ៊ុនរបស់ពួកគេជាង១០ ផ្សេងទៀត រួមទាំងការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន UDG កាលពីខែកញ្ញាផងដែរ។
ទណ្ឌកម្មសេដ្ឋកិច្ច និងការបង្កកទ្រព្យសម្បត្តិមកលើមន្ត្រីជាន់ខ្ពស់ស្និតនឹងលោកហ៊ុន សែន និងក្រុមហ៊ុនទាំងនោះ បន្ទាប់ពីក្រុមប្រទេសលោកសេរី រកឃើញថារដ្ឋាភិបាលលោកហ៊ុន សែន មិនបានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនយោបាយ និងការគោរពសិទ្ធិមនុស្សនោះឡើយ។ លើសពីការប្រព្រឹត្តអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សនៅតែបន្តធ្ងន់ធ្ងរ ដែលធ្វើឡើងជាលក្ខណៈប្រព័ន្ធ៕