27.5 C
Phnom Penh

អ្នកវិភាគមើលឃើញថា វប្បធម៌នយោបាយខ្មែរឈានដល់ដំណាក់កាលលែងឱ្យមានការប្រើប្រាស់សេរីភាពបញ្ចេញមតិបាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយចាស់វស្សានៅកម្ពុជា លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា បច្ចុប្បន្នវប្បធម៌នយោបាយខ្មែរ ឈានដល់ដំណាក់កាលមួយ ដែលលែងឱ្យមានការប្រើប្រាស់សេរីភាពបញ្ចេញមតិបាន។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះថា សេរីភាពបញ្ចេញមតិមិនអាចប្រើប្រាស់បាន សូម្បីតែនៅទីលានប្រជាធិបតេយ្យដែលច្បាប់បានកំណត់ថាជាទីកន្លែងសាធារណៈសម្រាប់ឱ្យប្រជាពលរដ្ឋជួបជុំគ្នាដើម្បីបញ្ចេញមតិក្តី។

អ្នកវិភាគជើងចាស់រូបនេះ លើកឡើងដោយប្រៀបធៀបរវាងពលរដ្ឋកម្ពុជា និងថៃ ថា និស្សិតថៃអាចធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គេបាន គឺពុំមែនដោយសារពួកគេសកម្ម និងក្លាហានជាងនិស្សិតខ្មែរនោះទេ។ ប៉ុន្តែគឺដោយសារប្រទេសថៃមានវប្បធម៌ នយោបាយមួយដែលនៅមានលំហខ្លះសម្រាប់ឱ្យពលរដ្ឋគេចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយរបស់ប្រទេសគេបាន តាមរយៈការបញ្ចេញមតិជាសាធារណៈ។

លោកមើលឃើញទៀតថា មេដឹកនាំ ឬថ្នាក់ដឹកនាំថៃ ក៏ដូចជាពលរដ្ឋថៃផ្សេងទៀតដែរ បានបដិបត្តិធម៌របស់ព្រះពុទ្ធច្រើនមានចិត្តធម៌ច្រើន មានក្តីអត់ឱនច្រើន ហើយបើកទូលាយច្រើន។ លើសពីនេះ ពួកគេមានសមត្ថកិច្ច និងការជឿទុកចិត្តលើខ្លួនឯងច្រើន ជាពិសេសការស្រលាញ់ជនរួមជាតិរបស់គេច្រើនជាងមេដឹកនាំខ្មែរ។

ការលើកឡើងរបស់លោកបណ្ឌិតឡៅ ម៉ុងហៃ ស្របពេលដែលរដ្ឋាភិបាលបានហាមឃាត់ការជួបជុំ ឬប្រមូលផ្តុំគ្នាតវ៉ាដោយសន្តិវិធី ពិសេសនៅទីលានប្រជាធិបតេយ្យក៏មិនត្រូវបានអនុញ្ញាតឱ្យមានការជួបជុំដើម្បីសម្តែងមតិផ្សេងៗនោះឡើយ ក្នុងរយៈពេលចុងក្រោយនេះ។

ក្រៅតែពីមិនអនុញ្ញាត អាជ្ញាធរលោកហ៊ុន សែន ក៏បានចាប់ខ្លួនយុវជនជាច្រើននាក់ទៀត ស្របពេលដែលពួកគេមានគម្រោង និងបានចូលរួមធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គម និងទាមទារឱ្យដោះលែងអ្នកជាប់ឃុំមុនៗ ពិសេសលោក រ៉ុង ឈុន និងយុវជនសិទ្ធិមនុស្ស និងបរិស្ថានជាច្រើននាក់ទៀត។

កាលពីថ្ងៃទី២២ ខែកញ្ញា អង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញរបាយការណ៍មួយបញ្ជាក់ថា ចាប់តាំងពីខែកក្កដាមកអាជ្ញាធរលោកហ៊ុន សែន បានចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ហើយបានចាប់ខ្លួន អ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ និងសិល្បករចំនួន១៩នាក់ហើយ។

អ្នកទាំង១៩នាក់នោះ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារជាបណ្តោះអាសន្នដោយតុលាការចោទប្រកាន់ពួកគេពីបទញុះញង់ ដែលអាចប្រឈមជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ប្រសិនបើរកឃើញថាមានទោស។ លីកាដូ អះអាងថាការចាប់ខ្លួនពួកគេទាំងនោះ ដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជួបជុំគ្នាដោយសន្តិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ។

កាលពីថ្ងៃទី២៩ ខែកញ្ញា អង្គការសង្គមស៊ីវិលចំនួន៤ តាមរយៈការអនុវត្តគម្រោងឃ្លាំមើលសេរីភាពជាមូលដ្ឋានរបស់ខ្លួន បានចេញផ្សាយសលាកប័ត្រព័ត៌មានមួយដោយរកឃើញថា យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ ប្រឆាំងនឹងការចូលរួមជាសាធារណៈ គឺជាបណ្តឹងធ្វើឡើងដោយចេតនា ដើម្បីបំបាក់ស្មារតី បំភិតបំភ័យ រំខាន និង បំបិទសំឡេងរិះគន់ផងដែរ។

លើសពីនេះ ពួកគេថា យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ ត្រូវបានប្រើប្រាស់ដោយស្ថាប័នមានអំណាច ដូចជា រាជរដ្ឋាភិបាល ឬអ្នកមានអំណាច ដែលធ្វើឱ្យការចូលរួមរបស់ពលរដ្ឋក្នុងសង្គមកាន់តែធ្លាក់ចុះ។

អង្គការសង្គមស៊ីវិលទាំងនេះ បានប្រើពេលមួយឆ្នាំក្នុងការអនុវត្ត គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន ដោយផ្តោតទៅលើ យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ គឺចាប់ពីថ្ងៃទី១ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ។

ក្នុងរយៈពេល១ឆ្នាំមកនេះ ក្រុមអង្គការសង្គមស៊ីវិលដដែលរកឃើញថា យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ ប្រឆាំងនឹងការចូលរួមជាសាធារណៈ ឬយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់នេះ  មានចំនួន១៣២ករណី ដែលមានមនុស្សជិត៤រយនាក់(៣៧៩) ។

ក្នុងនោះ មានមនុស្ស១៧២នាក់ ត្រូវបានកោះហៅ ហើយមនុស្សចំនួន១៣៧នាក់ទៀត ត្រូវបានចាប់ខ្លួន ដោយឡែកមនុស្សចំនួន១៦៨នាក់ ត្រូវបានចោទប្រកាន់ និង ៧នាក់ ត្រូវបានផ្តន្ទាទោស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស