38 C
Phnom Penh

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាអត្រាគ្រោះថ្នាក់ចរាចរណ៍៩ខែឆ្នាំ២០២០ មានការថយចុះគួរឱ្យគត់សម្គាល់បើប្រៀបធៀបឆ្នាំមុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឱ្យដឹងថា អត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ គឺមានការថយចុះគួរឱ្យគត់សម្គាល់។

លើកឡើងនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១ ខែតុលាម្សិលមិញ លោក ស ខេង បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងរយៈពេល៩ខែ គិតចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ដោយអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការថយចុះគួរឱ្យគត់សម្គាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

លោកបន្តតាមរបាយការណ៍ថា ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងសរុបចំនួនជាង២ពាន់លើក(២៤៣០)។ ចំនួននេះមានការថយចុះ ៧២៩លើក ឬស្មើជាង២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានគ្រោះថ្នាក់កើតឡើងដល់ទៅជាង៣ពាន់លើក(៣១៥៩)។

លោកបន្ថែមថា អត្រាគ្រោះថ្នាក់ចរាចរណ៍ថយចុះនេះ បានធ្វើឱ្យអត្រាអ្នកស្លាប់ក៏មានការថយចុះដែរ  ពោលគឺអត្រាអ្នកស្លាប់ ៩ខែឆ្នាំនេះវិញមានចំនួន១ពាន់ ២៥៧នាក់។ ចំនួនអ្នកស្លាប់នេះមានការថយចុះ២៦៤នាក់ ឬស្មើជាង១៧% បើធៀបនឹង៩ខែឆ្នាំមុន ដែលមានអ្នកស្លាប់ដល់ទៅ១ពាន់ ៥២១នាក់។

ដោយឡែកអ្នករបួសក្នុងរយៈពេល៩ខែឆ្នាំនេះ មានចំនួនជាង៣ពាន់នាក់(៣៦៦៣) ដែលថយចុះជាង១ពាន់នាក់(១០៨៨) ស្មើនឹងជាង              ២២% បើប្រៀបធៀបទៅនឹងអ្នករងរបួសកាលពីឆ្នាំមុន។

ក្រៅពីថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង លើការងារនេះទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ពីសំណាក់សមត្ថកិច្ច និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ លោក ស ខេង ក៏បានអំពាវនាវដល់អ្នកបញ្ជាយានយន្តទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយគោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា។

លើសពីនេះ លោក ក៏ជំរុញដល់ថ្នាក់ដឹកនាំសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តបំពេញភារកិច្ចក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ និងផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដោយស្មារតីយកចិត្តទុកដាក់ខ្ពស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស