31 C
Phnom Penh

ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២០ អត្រានាំអង្ករចេញមានការកើនឡើង ប៉ុន្តែនាំចេញស្រូវធ្លាក់ចុះទៅវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២០ ការនាំអង្ករចេញរបស់កម្ពុជាទៅអន្តរជាតិសម្រេចបានជិត៥០ម៉ឺនតោន( ៤៨៨ ៧៧៥)។ ចំនួននេះ មានការកើនឡើងជាង ២២% បើធៀបទៅនឹងរយៈពេល៩ខែ ដើមឆ្នាំ២០១៩ ដែលកាលនោះការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចំនួន៦០ មានចំនួនជិត៤សែនតោនប៉ុណ្ណោះ (៣៩៨ ៥៨៦ តោន)។

យ៉ាងណារបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះកាលពីថ្ងៃពុធ ឱ្យដឹងដែរថាការនាំស្រូវចេញរបស់កម្ពុជាក្នុងរយៈពេល៩ខែឆ្នាំនេះ គឺសម្រេចបានជាង១លាន៣សែនតោន( ១ ៣៩២ ៣០៦)  ដោយចំនួននេះមានការថយចុះប្រមាណ១៧% បើធៀបប្រៀបទៅឆ្នាំ២០១៩ ដែលជាការនាំចេញទៅកាន់ប្រទេសវៀតណាម។ លោក វេង សាខុន បញ្ជាក់ថា សម្រាប់លទ្ធផលនៃការងារបង្កបង្កើនផលស្រូវវស្សានៅឆ្នាំ២០២០នេះ ដោយគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ក្នុងក្របខណ្ឌទូទាំងប្រទេស គឺសម្រេចបានការស្ទូង និងព្រួសសរុបចំនួនជាង២លាន ៧សែនហិកតា ឬស្មើជាង១០៤% ក្នុងគម្រោងផែនការជាង២លាន ៥សែនហិកតា ដែលលើសពីគម្រោងឆ្នាំ២០១៩ ជាង៧ម៉ឺនហិកតា។

ក្នុងនោះ ស្រូវស្រាលមានចំនួនជាង៨សែនហិកតា ស្រូវកណ្តាលមានចំនួនជាង១លានហិកតា ស្រូវធ្ងន់មានចំនួនជាង៤៤ម៉ឺនហិកតា ស្រូវចម្ការជាង២ម៉ឺនហិកតា និងស្រូវឡើងទឹកចំនួនជាង៣ម៉ឺនហិកតា ។

ជាមួយគ្នានេះ លោក ថា កសិករកម្ពុជាបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាជាបណ្តើរៗ លើទំហំផ្ទៃដីជាង៤៣ម៉ឺនហិកតា ដែលទទួលផលសរុបចំនួនជាង ១លាន៦សែនតោន ហើយចំនួននេះលើសពីឆ្នាំមុន ចំនួនជាង២៤ម៉ឺនតោន ដោយគិតជាមធ្សមទិន្នផលស្រូវទទួលបានជិត៤តោន ក្នុងមួយហិកតា។

រដ្ឋមន្ត្រីក្រសួងកសិកម្មដដែល ឲ្យដឹងថា នៅរយៈពេល៩ខែ ឆ្នាំ២០២០នេះ ការនាំចេញផលិតផលកសិកម្មជាង១០ប្រភេទ ដែលកម្ពុជាផលិតបានជារួម គឺសម្រេចបានចំនួនជិត៦លានតោន។

ផលិតផលទាំងនោះ កម្ពុជាបាននាំចេញទៅប្រទេសជាច្រើននៅលើពិភពលោករួមមាន វៀតណាម ជប៉ុន រុស្សី ចិន ហុងកុង បារាំង កូរ៉េខាងត្បូង តួគី បង់ក្លាដេស ថៃ និងបណ្តាប្រទេសជាច្រើនទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស