28 C
Phnom Penh

ក្រុមមេធាវីស្នើតុលាការបើកសវនាការជម្រះក្តីសំណុំរឿងលោក កឹម សុខា ជាលើកទី២ ក្រោយផ្អាកអស់រយៈពេលជាង៧ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសហមេធាវីការពារក្ដីឱ្យប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានស្នើជាថ្មីទៀត ទៅតុលាការក្រុងភ្នំពេញ ឱ្យបន្តបើកសវនាការជម្រះក្ដីសំណុំរឿងរបស់កូនក្តីខ្លួនឡើងវិញ។

ការស្នើនេះធ្វើឡើងជាលើកទីពីរហើយ បន្ទាប់ពីសំណុំរឿងនេះ ត្រូវបានតុលាការសម្រេចប្រកាសផ្អាកដំណើរការកាលពីខែមីនា ក្រោមហេតុផលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លិខិតរបស់សហមេធាវីការពារក្តីឱ្យលោកកឹម សុខា ទាំង៤រូបនៅថ្ងៃច័ន្ទនេះ បានដាក់ចូលទៅតុលាការ ដោយស្នើទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ឱ្យបន្តឡើងវិញនូវសវនាការជម្រះក្ដីសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស ឬត្រូវរ៉ូវជាមួយបរទេស។

ក្រុមមេធាវីបានលើកឡើងថា បច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ១៩ គឺរដ្ឋាភិបាលគ្រប់គ្រងបានទាំងស្រុង ដូចមានរបាយការណ៍របស់ក្រសួងសុខាភិបាលបញ្ជាក់រាល់ថ្ងៃ។ លើសពីនេះ តុលាការក៏បានដំណើរការនីតិវិធីជំនុំជម្រះក្ដីជាប្រក្រតីរាល់ថ្ងៃនេះផងដែរ។ ហេតុផលនេះ ពួកគេស្នើឱ្យតុលាការសម្រេចបន្តដំណើរការជំនុំជម្រះក្តី លើសំណុំរឿងព្រហ្មទណ្ឌនេះឡើងវិញ ឱ្យបានឆាប់តាមការស្នើសុំ និងតាមនីតិវិធី។

សវនាការជំនុំជម្រះក្ដីសំណុំរឿង សន្ទិដ្ឋិភាពជាមួយបរទេសឬ ត្រូវរ៉ូវជាមួយបរទេស ដែលលោកហ៊ុន សែន ហៅថាជាទោសក្បត់ជាតិនោះ បានចាប់ផ្ដើមជំនុំជម្រះកាលពីថ្ងៃទី១៥ ខែមករា ប៉ុន្តែត្រូវបានផ្អាកទៅវិញដោយគ្មានការកំណត់ កាលពីពាក់កណ្ដាលខែមីនា ដោយសារតែក្ដីបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

ថ្មីៗនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកហ៊ុន សែន លើកឡើងមុនតុលាការថាសំណុំរឿងលោក កឹម សុខា នឹងត្រូវពន្យាពេលរហូតដល់ឆ្នាំ២០២៤ ឬ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣។

ការបង្ហើបមុនតុលាការប្រកាសនោះ ត្រូវបានក្រុមអ្នកឃ្លាំមើលសង្គមថាជាការរំលោភអំណាច និងបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយរបស់បក្សកាន់អំណាចផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស