34 C
Phnom Penh

ពលរដ្ឋរស់នៅក្រុងព្រះសីហនុ ចោទលោក គួច ចំរើន អនុញ្ញាតឲ្យគេចាក់ដីលុបស្រះទឹកមុខរោងចក្រស្រាបៀអង្គរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បន្តបង្ហាញការព្រួយបារម្ភខ្លាចបាត់បងស្រះទឹកធម្មជាតិ ឬបឹងទឹកសាប មានទីតាំងនៅទុលមុខរោងចក្រស្រាបៀអង្គរ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលឈ្មួញរកស៊ីដីកំពុងឃុបឃិតជាមួយមន្ត្រីស្ថាប័នជំនាញមួយចំនួន ក្នុងខេត្តនេះ រំលោភយកធ្វើកម្មសិទ្ធិឯកជន។

ក្រុមប្រជាពលរដ្ឋនៅទីនោះ បាននាំគ្នាទាមទារឲ្យលោក ហ៊ុន សែន ជួយសង្គ្រោះ ឬថែរក្សាស្រះទឹកសាបនេះឲ្យបានគង់វង្សសំរាប់ជា ប្រយោជន៍ដល់សាធារណជនទូទៅដើម្បីប្រើប្រាស់។

អ្នកភូមិបាននាំគ្នាបានចោទ លោក ប៉ុល សារឿន អតីតប្រធានក្រុមការងារថ្នាក់ជាតិ នៃគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តព្រះសីហនុ, លោក ស្បោង សារ៉ាត់ អតីតអភិបាលខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបច្ចុប្បន្នថា ជាប់ពាក់ព័ន្ធសកម្មភាពបំផ្លាញស្រះទឹកសាបនេះ។

ពួកគេនាំគ្នារិះគន់ចំពោះទង្វើ និងសកម្មភាព របស់លោក គួច ចំរើន ដែលលោកមកទទួលតំណែងជាអភិបាលខេត្តព្រះសីហនុ មិនទាន់បានមួយខែផង បែរជាបានចុះហត្ថលេខាអនុញ្ញាត ឲ្យម្ចាស់ប័ណ្ណកម្មសិទ្ធិមួយកន្លែង ដឹកដីចាក់លុបស្រះទឹកមុខរោងចក្រស្រាបៀអង្គរ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ អស់មួយចំហៀងទៅហើយនោះ។

ស្រះទឹកនេះ មានទំហំជិតកន្លះហិចតា នៃទំហំទាំងមូល ដែលអតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត បានធ្វើផែនការ ចេញជាគម្រោងរៀបចំធ្វើជាសួនច្បារសាធារណៈព័ទ្ធជុំវិញស្រះទឹកនេះ សម្រាប់ប្រជាពលរដ្ឋដើរហាត់ប្រាណ ឬ អង្គុយលេងលំហែរកាយ។  

យ៉ាងនេះក្តីកន្លងមក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបច្ចុប្បន្ន ធ្លាប់ឲ្យដឹងថា ឲ្យតែដីមានប័ណ្ណកម្មសិទ្ធិ ទោះបីប័ណ្ណនោះ ចេញនៅលើបឹង ឬស្រះទឹក និងទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ បែបណាក្តី គឺលោកមិនខ្វល់ឡើយ ពោលគឺឲ្យតែម្ចាស់កម្មសិទ្ធិដី ទាំងនោះ ដាក់ពាក្យស្នើសុំចាក់ដី ឬអភិវឌ្ឍន៍អ្វីមួយ លោកមិនជំទាស់ទេ។

ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម ប្រចាំខេត្តព្រះសីហនុ អះអាងថា រដ្ឋបាលខេត្តព្រះសីហនុ គួរតែប្ដឹងស្នើសុំនិរាករណ៍ប័ណ្ណកម្មសិទ្ធិ ដែលមិនប្រក្រតី ក្នុងបឹង ឬស្រះទឹកធម្មជាតិ មានទីតាំងនៅទល់មុខរោងចក្រស្រាបៀអង្គរចោល ហើយរឹបអូសមកដាក់ជាសម្បត្តិសាធារណៈ របស់រដ្ឋវិញ។ ប៉ុន្តែផ្ទុយទៅវិញ លោក គួច ចំរើន បែរជាបានចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែកក្កដា ២០១៩  យល់ព្រមឲ្យភាគីម្ចាស់ប័ណ្ណកម្មសិទ្ធិ ក្នុងស្រះទឹក ឬបឹងធម្មជាតិ  មានទីតាំងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុនេះ ចាក់ដីលុបស្រះទឹកនោះទៅវិញ។

ចំពោះការអនុញ្ញាត ច្បាប់ឲ្យបុគ្គលចាក់លុបស្រះទឹកមុខរោងចក្រស្រាបៀអង្គរនេះ គឺលោក គួច ចំរើន ទទួលបានសំណូកពុករលួយចន្លោះពី ២០ម៉ឺន ទៅ រាប់សិបម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ។

ក្នុងប័ណ្ណកម្មសិទ្ធិដែលចេញនៅលើផ្ទៃស្រះទឹក ឬបឹងធម្មជាតិនោះ ត្រូវគេសរសេរថា ជាដីចម្ការ ហើយចេញនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៧ ចុះហត្ថលេខាដោយ លោក លឹម វ៉ាន់ ប្រធាននាយកដ្ឋាន សុរិយាដី ស្តីទីនាពេលនោះ។

ទាក់ទិនបញ្ហានេះ ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម ប្រចាំខេត្តព្រះសីហនុ បង្ហាញទស្សនថា រដ្ឋបាលខេត្តព្រះសីហនុ គួរតែប្ដឹងស្នើសុំនិរាករណ៍ប័ណ្ណកម្មសិទ្ធិ ដែលមិនប្រក្រតី ប៉ះពាល់លើស្រះទឹកធម្មជាតិ មានទីតាំងនៅទល់មុខរោងចក្រស្រាបៀអង្គរនេះចោល ហើយរឹបអូស យកមកដាក់ជាសម្បត្តិសាធារណៈ របស់រដ្ឋវិញ។ 

ក្នុងប័ណ្ណកម្មសិទ្ធិដែលចេញនៅលើផ្ទៃស្រះទឹក ឬបឹងធម្មជាតិ នៅមុខរោងចកហរស្រាបៀអង្គរ នៅក្នុងក្រុងព្រះសីហនុនេះ មន្ត្រីជំនាញសរសេរថា ជាដីចម្ការ ហើយប័ណ្ណនេះ ចេញនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៧ ចុះហត្ថលេខាដោយ លោក លឹម វ៉ាន់ ប្រធាននាយកដ្ឋាន សុរិយាដី ស្តីទីនាពេលនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស