34 C
Phnom Penh

លោក ស ខេង សម្រេចដាក់ពិន័យលើមន្ត្រីកាន់កាប់ដីព្រៃខុសច្បាប់ ខណៈសកម្មជនព្រៃឈើថាឈ្មួញឈើគឺសុទ្ធតែជាអ្នកធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង បានព្រមានដាក់ពិន័យមន្ត្រីយោធា និងមន្ត្រីស៊ីវិល ដែលបានពាក់ព័ន្ធក្នុងការកាប់រុករានទន្ទ្រាន់កាន់កាប់ដីព្រៃខុសច្បាប់ នៅខេត្តមណ្ឌលគិរី នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នេះ។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានស្នើទៅលោក ទៀ បាញ់ ឲ្យដាក់ពិន័យលើឧត្តមសេនីយ៍យោធាកងយោធពលខេមរភូមិន្ទ ព្រមទាំងកូនចៅ ១២ នាក់ដែលបានបង្កឱ្យមានភាពអនាធិបតេយ្យ និងរំលោភទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅខេត្តមណ្ឌលគីរី កាលពីពេលថ្មីៗនេះ។ ជាងនេះទៀត លោក ស ខេង ក៏បានសម្រេចដាក់ពិន័យមេឃុំ៣រូប ១៖អ្នកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ២៖លោក ពឿប ពេ មេឃុំស្រែព្រះ ៣៖លោក ប៊ុត សំអ៊ែល មេឃុំស្រែ     ខ្ទុម ដែលនឹងត្រូវអនុវត្តទណ្ឌកម្មវិន័យ ស្របតាមបញ្ញត្តិមាត្រ ៨៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលបានពាក់ព័ន្ធនឹងការកាប់រានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅខេត្តមណ្ឌលគីរីនេះផងដែរ។

លោកបញ្ចាក់ថា ការអនុវត្តទោសទណ្ឌទៅតាមច្បាប់ចំពោះមន្ត្រីទាំងឡាយ ដែលបានប្រព្រឹត្តខុសនឹងច្បាប់របស់រដ្ឋគឺជាការបង្ហាញឱ្យឃើញពីវិធានការដ៏ម៉ឺងមាត់ របស់រាជរដ្ឋាភិបាលកម្ពុជា និងមេរៀនសម្រាប់មន្ត្រីមួយចំនួនតូច ដែលមិនបម្រើផលប្រយោជន៍ពលរដ្ឋ ដោយស្មោះត្រង់ និងមិនបំពេញតួនាទីភារកិច្ចឱ្យបានត្រឹមត្រូវ ហើយវិធានការនេះក៏ទទួលបាននូវការសាទរពីពលរដ្ឋផងដែរ។

ការដាក់ដាក់ពិន័យនេះធ្វើឡើងក្រោយពីមានរបាយការណ៍របស់ក្រសួងបរិស្ថាន ស្តីពីការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិកែវសីមាថា មានការពាក់ព័ន្ធនឹង ថ្នាក់ដឹកនាំ និងមន្ត្រី មួយចំនួន នៃខេត្តមណ្ឌលគិរី គឺឧត្តមសេនីយ៍យោធាកងយោធពលខេមរភូមិន្ទ ព្រមទាំងកូនចៅ ១២ នាក់ និងមេឃុំ៣រូប ប៉ុន្តែពួកគេបានសារភាពកំហុសថា ខ្លួនពិតបានកាប់ទន្ទ្រាន់ដីព្រៃខុសច្បាប់ និងបានធ្វើកិច្ចសន្យាប្រគល់ជូនរដ្ឋវិញ ព្រមទាំងសន្យាថា នឹងចូលរួមការពារព្រៃឈើថែមទៀតផង។

ប៉ុន្ដែពាក់ព័ន្ធករណីនេះ លោក ហ៊ុន សែន បានសម្រេចប្រគល់សមត្ថកិច្ចជូនក្រសួងការពារជាតិ ដើម្បីមានវិធានការស្របតាមច្បាប់ និងវិន័យកងយោធពលខេមរភូមិន្ទ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការរុនរានកាន់កាប់ដីព្រៃនេះ លោក ណយ ស្រូន សមាជិកព្រឹទ្ធសគណបក្សប្រជាជនកម្ពុជា ដែលរកឃើញថាបានកាន់កាប់ដីព្រៃដោយខុសច្បាប់ស្ថិតក្នុងខេត្តមណ្ឌលគិរី ដោយបានប្រាស់តួនាទី អំណាច និងឥទ្ធិពលរបស់ខ្លួនជាសមាជិកព្រឹទ្ធសភា គម្រាមមន្ត្រីមូលដ្ឋានឱ្យចុះហត្ថលេខាលើឯកសារដីធ្លីដែលពុំស្របច្បាប់របស់ខ្លួន គឺមិនបានទទួលរងពិន័យទៅតាមច្បាប់នោះទេ ផ្ទុយទៅវិញត្រឹមតែធ្វើការអប់រំ ណែនាំ ពីក្រសួងមហាផ្ទៃតែប៉ុណ្ណោះ នៅថ្ងៃទី៦ ខែតុលា នេះ។

ក្រុមអង្គការសង្គមស៊ីវិលរិះគន់ថាការអនុវត្តច្បាប់នេះគ្មានតម្លាភាព និងគ្មានយុត្តិធម៌នោះទេ រវាងមន្ត្រីថ្នាក់ទាប និងមន្រ្តីថ្នាក់ខ្ពស់។ ពួកគេនិយាយថា មន្រ្តីរូបណាក៏ដោយ ឲ្យតែល្មើសច្បាប់ត្រូវទទួលទោសតាមបទល្មើសរបស់ពួកគេដែលបានប្រព្រឹត្តដោយគ្មានការលើកលែងជាដាច់ខាត ព្រោះច្បាប់មានអំណាចសម្រាប់អនុវត្តលើមនុស្សគ្រប់រូបដោយមិនប្រកាន់ឋានៈ ឬតួនាទីឡើយ។

ចំណែកក្រុមសកម្មជនការពារបរិស្ថានអះអាងថា បទល្មើសព្រៃឈើទាំងនេះកើតឡើងព្រោះមានក្រុមឈ្មួញព្រៃឈើដែលមានងារជាឧកញ៉ា និងជាមន្ត្រីធំៗរបស់រដ្ឋ បានប្រើតួនាទី និងអំណាច គ្រប់មធ្យោបាយដើម្បីប្រមូលឈើខុសច្បាប់ធំៗធ្វើអាជីវកម្មជាទ្រង់ទ្រាយធំក្នុងតំបន់អភិរក្ស។ ពួកគេអះអាងថាប៉ុន្មានឆ្នាំចុងក្រោយនេះ ការឈូសឆាយបំផ្លាញព្រៃឈើពីសំណាក់អ្នកវិនិយោគ និងអ្នកមានអំណាច តាមរយៈការទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល និងឈ្មួញរកស៊ីព្រៃឈើ កំពុងបំផ្លាញព្រៃឈើកម្ពុជាយ៉ាងអាក្រក់ជាទីបំផុត។

ដែនជម្រកសត្វព្រៃកែវសីមា ដែលមានផ្ទៃដីសរុបទំហំជិត ៣សែនហិកតា (២៩២,៦៩០)ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី ដែលជាដែនជម្រកសត្វព្រៃទទួលរងការកាប់ឈើមានតម្លៃជាប្រព័ន្ធ។ ពលរដ្ឋនិងសង្គមស៊ីវិលមានការព្រួយបារម្ភខ្លាំងចំពោះបទល្មើសព្រៃឈើក្នុងដែនជម្រកកែសីមានេះ។

ប្រជាសហគមន៍ការពារព្រៃឈើបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាយកចិត្តដាក់ខ្ពស់ និងពិនិត្យឲ្យបានច្បាស់លាស់ពីការសម្បទានដីព្រៃទៅឈ្មូញធំៗ ព្រមទាំងពិនិត្យមើលមន្ត្រីរដ្ឋាភិបាលរបស់ខ្លួនដែលប្រើអំណាចប្រមូលដីរបស់រដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនឲ្យបានហ្មត់ចត់ផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស