40.9 C
Phnom Penh

ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនព្រួយបារម្ភចំពោះការយាយីពីសំណាក់សមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអង្គការ សមាគម និងសហជីព ចំនួន៦ បានបង្ហាញក្តីព្រួយបារម្ភជាខ្លាំង ចំពោះការរំខាន និងយាយី ពីសំណាក់មន្ត្រីនគរបាលនិងអាជ្ញាធរថ្នាក់ក្រោមជាតិ មកលើស្ថានប័នរបស់ពួកគេ ក្នុងការណីមានការស្នើសុំដែលផ្ទុយពីគោលការណ៍ច្បាប់។

ក្នុងលិខិតរួមមួយរបស់អង្គការសង្គមស៊ីវិលចំនួន៦កាលពីចុងខែកញ្ញា រួមមាន សហភាពការងារកម្ពុជា សម្ព័ន្ធសហជីព C.CAWDU អង្គការសង់ត្រាល់ សហព័ន្ធសហជីពកម្ពុជា សមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានស្នើសុំអន្តរាគមន៍ឱ្យបញ្ឈប់ការចុះស្រង់បច្ចុប្បន្នភាពស្ថិតិបុគ្គលិក និយោជកខ្មែរ និងបរទេស ដែលកំពុងបំរើការងារក្នុងស្ថាប័នរបស់ពួកគេ។

ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានហៅសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាននេះថា កំពុងដើរផ្ទុយពីគោលការណ៍ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងស្រុង។

ការលើកឡើងនេះ បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ទទួលបានលិខិតជូនដំណឹងដាច់ដោយឡែកពីគ្នា ពីសំណាក់មន្ត្រីនគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីដើមខែកញ្ញា ស្តីពីការស្រង់បច្ចុប្បន្នភាពបុគ្គលិក និយោជកខ្មែរ និងបរទេស ទាំងអស់ដែលកំពុងបម្រើការងារនៅស្ថាប័នរបស់ពួកគេ។

ក្នុងលិខិតនោះបញ្ជាក់ថា កម្លាំងសមត្ថកិច្ចខណ្ឌ និងកម្លាំងសាលាសង្កាត់ នឹងចុះមកស្នាក់ការអង្គការ សមាគម សហជីពទាំង៦នេះ ដោយតម្រូវស្ថាប័នអង្គការសង្គមស៊ីវិលផ្តល់ជូននូវទិន្នន័យដូចជា                 អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែនបុគ្គលិកខ្មែរ ទិដ្ឋាការរបស់ជនបរទេស  ប័ណ្ណព័ត៌មានផ្សេងៗទៀតរបស់ស្ថាប័ន រចនាសម្ព័ន្ធរបស់ស្ថាប័ន ព្រមទាំងរូបថតបុគ្គលិកខ្មែរ និងបរទេសទេសផងដែរ។

ប្រភពដដែល យល់ឃើញថាបេសកកម្មរបស់សមត្ថកិច្ចខណ្ឌមានជ័យ និងអាជ្ញាធរមូលដ្ឋាន ផ្ទុយពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះ ព្រោះមានតែក្រសួងមហាផ្ទៃ ក្រសួងការងារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ ដែលច្បាប់តម្រូវឲ្យពួកគេផ្តល់ព័ត៌មាន អំពីការកែប្រែ ការផ្លាស់ប្តូរនូវទិន្នន័យដែលតម្រូវដោយច្បាប់។

យ៉ាងណាការស្នើសុំនេះ នៅមិនទាន់មានការឆ្លើយតបពីខាងក្រសួងមហាផ្ទៃនៅឡើយទេ គិតត្រឹមថ្ងៃអង្គារ៍នេះ។

ទោះបីជាយ៉ាងនេះក្តី ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានសម្តែងនូវការព្រួយបារម្ភពីការរំខាន យាយីពីសំណាក់អាជ្ញាធរថ្នាក់ក្រោមជាតិ មកលើស្ថាប័នរបស់ពួកគេដែលស្របច្បាប់ក្នុងការការពារនូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលដដែល សង្កេតឃើញថាបេសកកម្មធ្វើបច្ចុប្បន្នភាពរបស់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យនេះ គឺគ្រោងធ្វើឡើងតែទៅលើសហជីព អង្គការ និងសមាគមដែលខ្លួនជ្រើសរើសតែប៉ុណ្ណោះ ជាពិសេសទៅលើតែសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលមានបេសកកម្មលើវិស័យសិទ្ធិមនុស្សតែប៉ុណ្ណោះ។  លិខិតដដែលបន្ថែមថា ការសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបញ្ឈប់ការចុះស្រង់បច្ចុប្បន្នភាពស្ថិតិបុគ្គលិក និយោជកខ្មែរ និងបរទេសនេះ គឺជាផ្នែកមួយដើម្បីលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបង្កើត និងការប្រព្រឹត្តទៅនៃសហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយអង្គការក្រៅរដ្ឋាភិបាលផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស