កងទ័ពឥណ្ឌា និង ចិនទើបតែបានប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ មិថុនា ដោយបានរុញឱ្យអ្នកការទូតនិងមេបញ្ជាការតំបន់ជួបប្រជុំគ្នាជាញឹកញាប់។ ប៉ុន្ដែបានត្រឹមតែធ្វើការព្រមព្រៀងគ្នា ដោយមិនបានបញ្ចេញសកម្មភាពដើម្បីកាត់បន្ថយភាពតានតឹងឡើយ ដោយកងទ័ពនៃប្រទេសទាំងពីរនៅតែស្ថិតនៅក្នុងលេណដ្ឋានរៀងៗខ្លួន គឺមានន័យថា រង់ចាំតែការងើបឡើងពីលេណដ្ឋានដើម្បីវាយប្រយុទ្ធគ្នាឡើងវិញតែប៉ុណ្ណោះ។
នៅថ្ងៃទី១៧ វិច្ឆិកាខាងមុខនេះ ប្រធានាធិបតីចិនលោកស៊ីជីនពីងនឹងនាយករដ្ឋមន្ត្រីណារិនឌ្រាម៉ូឌី នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃប្រទេសសន្តិសុខ ៥ប្រទេស នៅប្រទេសរុស្ស៊ី ។ មេដឹកនាំទាំងពីរត្រូវគេរំពឹងថា នឹងអាចរកពេលជួបគ្នា ហើយនិយាយអំពីភាពតានតឹងតាមតំបន់ព្រំដែនរួមគ្នា។ បើមានជំនួបកំពូលនេះមែន វាគឺជាលើកដំបូងហើយ ដែល មេដឹកនាំប្រទេសមហាយក្សពីរបានជួបគ្នាចាប់តាំងពី កងទ័ពប្រទេសទាំងពីរវាយប្រុទ្ធគ្នាកាលពីពាក់កណ្តាលខែមីថុនា នៅតំបន់ឡាដាក់ ។
នៅថ្ងៃទី៦ តុលាសារព័ត៌មាន Hindustan Times បានចុះផ្សាយថា ចិនបានស្ថាបនា បារាស់ នៅតាមព្រំដែនចិនជាប់នឹងប្រទេសឥណ្ឌាក្នុងតំបន់ទីបេ និងតំបន់ដាឡាក ជាមួយនឹងការដាក់ពង្រាយរថក្រោះធុនស្រាលជាច្រើនគ្រឿង និងកងទ័ពបន្ថែមទៀតនៅតំបន់ឡាដាក់ដែលនៅតំបន់នោះ ចិនបានពង្រាយរួចហើយ នូវកាំភ្លើងត្បាល់។
ការដាក់ពង្រាយរថក្រោះរបស់ចិន ធ្វើឡើងបន្ទាប់ពីឥណ្ឌាបានដាក់ពង្រាយរថក្រោះT-70 និងT-90 នៅតំបន់នោះកាលពីសប្ដាហ៍មុន។ បើតាមសារព័ទ៌មានរបស់ចិន Global Times និង China Daily បានចុះផ្សាយថា កងទ័ពចិនបានដាក់ពង្រាយរថក្រោះT-15។ រថក្រោះT-15គឺជាប្រភេទរថក្រោះធន់ស្រាលជារថក្រោះផលិតក្នុងស្រុកប៉ុន្តែងាយបត់បែនយ៉ាងឆាប់រហ័ស។
មេទ័ពរបស់ឥណ្ឌាម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណប្រចាំការនៅតំបន់ឡាដាក់ បានអះអាងថា រថក្រោះរបស់ចិននេះមិនមានសមត្ថភាពដើម្បីប្រឈមមុខនឹងរថក្រោះរបស់ឥណ្ឌា T-70 T-90នោះទេ។ មន្រ្ដីម្នាក់នេះបានប្រាប់សាព័ត៌មាន INDIA TODAY ថា «យើងមិនឃើញចិនដាក់ពង្រាយរថក្រោះទាំងនោះចូលតំបន់របស់យើងទេ ប៉ុន្ដែពិតជាបានដាក់នៅក្នុងដែនដីភាគីរបស់ចិនពិតមែន»។
ក្នុងអំឡុងធ្វើទស្សនកិច្ចត្រួតពិនិត្យនៅតំបន់ឡាដាក់ភាគខាងកើត កាលពីថ្មីៗនេះ គឺស្របពេលនោះ កាសែតឥណ្ឌា បានចុះផ្សាយទៀតថា មេទ័ពរបស់ឥណ្ឌាជាច្រើននាក់ បានទៅដល់គោលដៅដែល រថក្រោះឥណ្ឌា T-៩០ និង T-៧០ បានដាក់ពង្រាយនៅតំបន់នោះ ជាមួយនឹងការអមដោយរថពាសដែក រាប់សិបគ្រឿងហើយអាចបើកប្រតិបត្តិការយ៉ាងរហ័សបើទោះជាតំបន់នោះធ្លាក់ព្រិលទឹកកក ខ្លាំងក្លាក៏ដោយ។
តាមសេចក្ដីរាយការណ៍របស់សាព័ត៌មាន India Today គឺកងទ័ពឥណ្ឌាបានឈរនៅទីតាំងតំបន់ទាំងនោះបានកើនឡើងដល់ទៅ៥ម៉ឺននាក់ដោយបន្ថែម១ម៉ឺននាក់ទៀតកាលពីប៉ុន្មានថ្ងៃមកនេះ។
ប៉ុន្តែទាំងឥណ្ឌា និងចិនដែលដាក់ពង្រាយនិងពង្រីកកងទ័ពទាំងសងខាងដូចគ្នានេះគឺកើតឡើងចំពេលដែលមានការព្យាការណ៍ថា ប្រទេសមហាយក្សទាំងពីរនេះ អាចនឹងបង្កសង្គ្រាមដាក់គ្នាក្នុងរដូវរងាដែលតាមទម្លាប់គឺកងទ័ពនៃប្រទេសចិនតែងតែប្រើប្រាស់ការឈ្លានពានចូលទឹកដីឥណ្ឌា។
មេបញ្ជាការកងទ័ពអាកាសរបស់ឥណ្ឌា បានបង្ហើបអោយដឹងថា ឥណ្ឌានឹងមិនផ្ដល់ឱកាសអោយកងទ័ពចិន ឈ្លានពានព្រំដែនបានមួយម៉ែត្រឡើយ នៅក្នុងរដូវរងាឆ្នាំនេះ ជាពិសេសនៅតំបន់ឡាដាក់ដែលកងទ័ពចិនជ្រៀតចូលព្រំដែនឥណ្ឌាហើយបង្កការវាយប្រុទ្ធគ្នាកាលពីថ្ងៃទី១៥មិថុនាឆ្នាំកន្លងមកនេះ។
ត្បិតថា ឥណ្ឌា និង ចិនសន្យាឈប់បញ្ជូនកងទ័ពមកកានតំបន់ព្រំដែនមែនប៉ុន្ដែនៅទីតាំងឈរជើងកងទ័ពឥណ្ឌាមិនទាន់ដកចេញ នូវកាំភ្លើងធំខ្នាតយក្ស ដែលផលិតពីសហរដ្ឋអាមេរិកបានដាក់ពង្រាយនៅ ជួរភ្នំហិម៉ាឡៃ គឺស្ថិតនៅតំបន់ចាវ៉ាប់ ជាប់នឹងប្រទេសចិននោះនៅឡើយទេ។
បើតាមប្រភពក្រសួងការពារជាតិឥណ្ឌា ការដាក់ពង្រាយ កាំភ្លើងខ្នាតធំនេះ គឺជាការបង្កើន កម្លាំងការពារប្រទេសដោយមិនថាឡើយព្រំដែនជាប់ជាមួយប្រទេសចិននោះទេ គឺប្រទេសជិតខាងឥណ្ឌាក៏ត្រូវដាក់ពង្រាយកាំភ្លើងបែបនេះដែរ។
នាយករដ្ឋមន្រ្តី ឥណ្ឌា ណារិនឌ្រាម៉ូឌី បានប្រកាសថា កងទ័ពឥណ្ឌាមិនត្រូវចូលដែនដីចិននោះទេ តែបើកងទ័ពចិន ចូលមកគឺជាការឈ្លានពានដែលឥណ្ឌាមានសិទ្ធិ វាយការពារដែនដីរបស់ខ្លួន។ លោកបានចាត់ទុកកងទ័ពឥណ្ឌាដែលបានស្លាប់ក្នុងការវាយប្រយុទ្ធនឹងកងទ័ពចិនកាលពីខែមិថុនា នៅច្រលងភ្នំ Galwan នៅតំបន់ដាឡាក់ ថាជាការបូជាជីវិតដើម្បីទឹកដីឥណ្ឌា និងជាវីរជនរបស់ឥណ្ឌា។
ភាពតានតឹងរវាងឥណ្ឌានិងចិននៅតំបន់ព្រំដែនបានធ្វើអោយល្អក់កករទំនាក់ទំនងការទូត យោធា និង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ប្រជាពលរដ្ឋឥណ្ឌាស្ទើរតែគ្រប់គ្នាៗនៅតំបន់ព្រំដែនរស់នៅដោយការភ័យខ្លាច។ ប៉ុន្ដែរស់នៅដោយការស្អប់គុំគួនចិនជាពិសេសមេដឹកនាំចិនស៊ីជិនពីងដែលពួកគាត់តែងតែ បង្ហាញអារម្មណ៍ដោយដុតរូបថតមេដឹកនាំចិនម្នាក់ទៀតផង៕