27 C
Phnom Penh

លោក ហ៊ុន សែន ថាកំពង់ផែយោធារាម មិនមែនសម្រាប់តែចិនប្រើទេ ប្រទេសដទៃក៏មានសិទ្ធិប្រើដែរ ឱ្យតែមានការអនុញ្ញាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានប្រកាសថា កំពង់ផែយោធារាមនៅខេត្តព្រះសីហនុ មិនមែនគ្រាន់តែប្រទេសកុម្មុយនីស្តចិនអាចប្រើប្រាស់បាននោះទេ ប៉ុន្តែបណ្តាប្រទេសផ្សេងទៀតក៏មានសិទ្ធិប្រើប្រាស់ផងដែរ ដោយគ្រាន់តែពួកគេសុំការអនុញ្ញាតពីកម្ពុជាតែប៉ុណ្ណោះ។

ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែតុលា លោក ហ៊ុន សែន បានអួតសរសើរមិនដាច់ពីមាត់អំពីគុណសម្បត្តិរបស់ចិន ទាំងជំនួយ និងកម្ចីរបស់ចិន ព្រមទាំងការជួយផ្សេងៗ ដែលផ្តល់មកកម្ពុជា ខណៈលោកបានមើលរំលងការជួយរបស់បណ្តាប្រទេសលោកសេរីជាច្រើនផ្សេងទៀត។ មេដឹកនាំដែលកាន់អំណាចជិត៤០ឆ្នាំរូបនេះ អះអាងថា  បើចិនមិនជួយ តើប្រទេសណាជួយ? ។

ជាងនេះទៅទៀត លោក ហ៊ុន សែន ក៏បានច្រានចោលជាថ្មីទៀត ចំពោះការចោទប្រកាន់កម្ពុជាថាបានផ្តល់សិទ្ធិផ្តាច់មុខទៅឱ្យប្រទេសចិនក្នុងការប្រើប្រាស់មូលដ្ឋានយោធារាម ក្នុងខេត្តព្រះសីហនុនោះ។

លោកអះអាងថា កំពង់ផែយោធានេះ ប្រសិនបើប្រទេសណាមួយចង់ចូលចត ឬចាក់សាំង ឬប្រើប្រាស់ដើម្បីសមយុទ្ធជាមួយកម្ពុជាបម្រើវិស័យយោធា ឬវិស័យផ្សេងទៀត កម្ពុជាស្វាគមន៍ ដោយគ្រាន់តែមានការអនុញ្ញាតពីកម្ពុជាប៉ុណ្ណោះ ។

ការបញ្ជាក់របស់បុរសខ្លាំងនៅកម្ពុជាអំពីភាពចម្រូងចម្រាសនៃមូលដ្ឋានយោធារាមជាថ្មីទៀតនេះ បន្ទាប់ពីមានការចោទប្រកាន់កម្ពុជាជាបន្តបន្ទាប់ថា បានប្រគល់មូលដ្ឋានទ័ពជើងទឹករាម ឱ្យទៅចិនគ្រប់គ្រងផ្តាច់មុខ។

បញ្ហានេះកក្រើកឡើងវិញ បន្ទាប់ពីមានជំនួបរវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជាមួយឯកអគ្គរដ្ឋស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy  កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ដោយអាមេរិកបានចោទសួរកម្ពុជាអំពីបញ្ហាមូលដ្ឋានយោធាចិននៅតំបន់រាមជាថ្មីទៀត។

លោក ទៀ បាញ់ ពេលនោះ បានអះអាងប្រាប់ទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា មូលដ្ឋានយោធាជើងទឹករាម គឺ រៀបចំឡើងសម្រាប់ប្រើប្រាស់ឱ្យវិស័យយោធាកម្ពុជាតែប៉ុណ្ណោះ មិនមែនជាមូលដ្ឋានកងទ័ពបរទេសនោះឡើយ។

ការចោទសួរបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនេះ ក្រោយពេលមានសេចក្តីរាយការណ៍ថាកម្ពុជា បានកម្ទេចចោលនូវអគារហ្វឹកហ្វឺនមួយ របស់មជ្ឈមណ្ឌលលំហសមុទ្រ ដែលជាជំនួយរបស់អាមេរិក។

ជាការឆ្លើយតបបញ្ហានេះ លោក ហ៊ុន សែន បញ្ជាក់ថា វាយកម្ទេចចោលអគារនោះមិនមែនចង់ផ្គាប់ចិត្តចិននោះឡើយ ប៉ុន្តែកម្ពុជាសិក្សាទៅឃើញថាអគារនោះត្រូវបានកសាងឡើងដោយខុសក្បួនខ្នាត ហើយដែលគប្បីធ្វើនៅកន្លែងផ្សេង។

កាលពីខែមិថុនា ឆ្នាំ២០២០ លោក ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព កម្ពុជាមិនអនុញ្ញាឱ្យមានទីតាំងយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួនឡើយ។  សម្តីរបស់លោកពេលនោះ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជានៅព្រឹកថ្ងៃពុធនេះ ឱ្យមានការផ្សាយឡើងវិញនូវជំហរបស់លោកពេលនោះ និងបកប្រែជាភាសាអង់គ្លេសដើម្បីផ្ញើទៅតាមបណ្តាស្ថានទូតនៅកម្ពុជាទៀតផង។

យ៉ាងណាក៏ដោយ កាលពីខែកក្កដាឆ្នាំមុន កាសែតអាមេរិក The Wall Street Journal បានចុះផ្សាយថា កម្ពុជានិងចិនបានចុះហត្ថលេខាជាសម្ងាត់លើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យចិនមានសិទ្ធិផ្ដាច់មុខចូលទៅប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងរយៈពេល៣០ឆ្នាំ ដោយអាចបន្តឡើងវិញនៅរៀងរាល់១០ឆ្នាំម្ដង។

លើសពីនេះ ក្នុងសេចក្តីរាយការណ៍សង្កត់ធ្ងន់ថា កម្ពុជាក៏នឹងអនុញ្ញាតឱ្យចិនដាក់ពង្រាយបុគ្គលិកយោធា រក្សាទុកសព្វាវុធ និងអនុញ្ញាតឱ្យនាវាចម្បាំងចិនចូលចតបាននៅតំបន់នោះផងដែរ។ ប៉ុន្តែព័ត៌មាននេះត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធរហូតមក។

ទំនោររបស់កម្ពុជាត្រូវបានក្រុមអ្នកតាមដានសង្គមមើលឃើញថា បានផ្អៀងខ្លាំងទៅរករដ្ឋាភិបាលក្រុងប៉េកាំង ហើយបានបង្ហាញជំហបែរខ្នងទៅរកប្រទេសលោកសេរីវិញ។

ជាក់ស្តែង សមយុទ្ធយោធាប្រចាំឆ្នាំរវាងកម្ពុជា-អាមេរិកដែលមានឈ្មោះហៅថា «ឆ្មាំអង្គរ» ធ្លាប់ធ្វើជារៀងរាល់ឆ្នាំនោះ គឺមានរយៈពេល៧ឆ្នាំហើយ ដែលលោកហ៊ុន សែន សម្រេចផ្អាកទាំងស្រុងចាប់តាំងពីដើមឆ្នាំ២០១៧មក។

នៅដើមឆ្នាំ២០១៧ដដែលនោះ កម្ពុជាក៏បានសម្រេចផ្អាកសមយុទ្ធយោធាជាមួយប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា «ដោនគោព្រៃ» ផងដែរ ក្រោមហេតុផលដូចគ្នាថា កម្ពុជាត្រូវត្រៀមខ្លួនរក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ និងចូលរួមយុទ្ធនាការបោសសម្អាតគ្រឿងញៀនរបស់រដ្ឋាភិបាល។

ផ្ទុយស្រឡះពីហេតុផលនេះ រដ្ឋាភិបាលកម្ពុជា បានយល់ព្រមធ្វើសមយុទ្ធយោធារួមគ្នាជាមួយរដ្ឋាភិបាលកុម្មុយនីស្តចិន ដែលមានឈ្មោះថា «សមយុទ្ធនាគមាស»រយៈពេល៤ឆ្នាំជាប់គ្នាមកហើយ  ចាប់តាំងពីឆ្នាំ២០១៦មក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស