34.8 C
Phnom Penh

តំណាងសិទ្ធិមនុស្សកម្ពុជាថា អន្តរជាតិមួយចំនួនយកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាលេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃពុធនេះ បានអះអាងថា មានប្រទេស និងស្ថាប័នអន្តរជាតិមួយចំនួន បានយកបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រាន់តែជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាប៉ុណ្ណោះ។

លិខិតបំភ្លឺ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្តីពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់បច្ចុប្បន្ន ក្នុងការលើកស្ទួយប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា បានឱ្យដឹងថា វិធានការរបស់ប្រទេស និងស្ថាប័នអន្តរជាតិមួយចំនួន បានធ្វើមកលើកម្ពុជា គឺមានភាពលម្អៀង អយុត្តិធម៌ មានស្តង់ដារពីរ និងធ្វើឡើងក្រោមហេតុផលនយោបាយ។

លើសពីនេះ ស្ថាប័នដែលជាសេនាធិការការពាររដ្ឋាភិបាលលោកហ៊ុន សែន មួយនេះ បន្តទៀតថាពួកគេទាំងនោះ បានយកបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រាន់តែជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៀតផង។

ទោះបីជាដឹងយ៉ាងច្បាស់បែបនេះក្តី គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមិនបានបង្ហាញពីជំហក្នុងការប្តឹងប្រទេស ឬស្ថាប័នអន្តរជាតិទាំងនោះ ចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជានោះទេ។ ផ្ទុយទៅវិញស្ថាប័ននេះ នៅតែអះអាងថាកម្ពុជានៅតែបន្តកិច្ចសហការជាមួយគ្រប់យន្តការអន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេស សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃឡើយ។

បន្ថែមពីនេះ កម្ពុជាក៏ប្តេជ្ញាការពារនិងថែរក្សាសន្តិភាព អធិបតេយ្យភាព ឯករាជ្យភាព និងតម្កល់ផលប្រយោជន៍ជាតិជាធំ តាមរយៈយន្តការនៃការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ និងគ្មានការលើកលែង តាមយៈគោលការណ៍ និងបែបបទប្រជាធិបតេយ្យនីតិរដ្ឋ។ 

លិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើឡើងដើម្បីបំភ្លឺជុំវិញ របាយការណ៍របស់ក្រុម និង អង្គការស្ថាប័នមួយចំនួន ដែលបានចោទប្រកាន់មកលើរដ្ឋាភិបាលឥតឈប់ឈរ ចំពោះការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តទៅលើក្រុមអ្នករិះគន់រដ្ឋាភិបាល សង្គមស៊ិវិល និងកុ្រមគណបក្សប្រឆាំងជាដើម។

ប្រភពដដែលបញ្ជាក់ថា ការចាប់ខ្លួនទៅលើក្រុមទាំងនោះធ្វើឡើងតាមផ្លូវច្បាប់ មិនមាននិន្នាការនយោបាយ គ្មានភាពមានលំអៀង ហើយការចោទប្រកាន់រដ្ឋាភិបាលទាំងឡាយជាការធ្វើឡើងដោយគ្មានមូលដ្ឋាន និង មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជា។

កាលពីថ្ងៃទី ២ខែតុលា ក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ   អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទួលបន្ទុកនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) បានលើកឡើងនូវរបាយការណ៍របស់ខ្លួនថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តធ្លាក់ចុះខ្លាំង។ ដោយឡែកសិទ្ធិនយោបាយ គឺមានការរីកចម្រើនតិចតួចប៉ុណ្ណោះ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សពេលនោះ ព្រះតេជព្រះគុណ លួន សុវ៉ាត ក៏បានបង្ហាញពីរបាយការណ៍រំលោភសិទ្ធិមនុស្សជាប្រព័ន្ធ បញ្ហានយោបាយធ្លាក់ចុះ ភាពអយុត្តិធម៌សង្គម និងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តទៅលើក្រុមប្រឆាំងពីសំណាក់រដ្ឋាភិបាល កាន់តែអាក្រក់ក្នុងរយៈពេលចុងក្រោយនេះ។

អ្នកវិភាគនយោបាយលោក គឹម សុខ ធ្លាប់លើកឡើងថាកម្ពុជាមិនមែនជារដ្ឋនីតិរដ្ឋទេ ប៉ុន្តែជារដ្ឋដឹកនាំបែបនីតិមាត់ ពីសំណាក់ក្រុមជនផ្តាច់ការកំពុងកាន់អំណាចនៅកម្ពុជា។ 

កាលពីខែមីនាឆ្នាំ ២០២០ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញរបាយការណ៍សន្ទស្សន៍នីតិរដ្ឋមួយបង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាក្នុងចំណោមប្រទេស និងដែនដីសរុប ១២៨ កម្ពុជាជាប់លេខ១២៧ ស្ទើរតែអាក្រក់ជាងគេបំផុតក្នុងលោក ពោលគឺល្អជាងប្រទេសវេណេហ្ស៊ុយអេឡាតែមួយប៉ុណ្ណោះ។

កាលពីសម័យខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥ ដល់ខែមករាឆ្នាំ១៩៧៩ ដោយសារគោលការណ៍មិនជ្រៀតជ្រែកផ្ទៃពីសំណាក់បរទេស និងស្ថាប័នអន្តរជាតិនេះហើយ ទើបបណ្តាលឱ្យមានការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ក្នុងទម្រង់អាក្រក់បំផុត។ ការជម្លៀសពលរដ្ឋដោយបង្ខំ ការបង្អត់អាហារពលរដ្ឋ ការកាត់ក្តីដោយមាត់ហើយយកទៅសម្លាប់ចោល ការយកឈ្មោះប្រជាធិបតេយ្យទៅគ្របលើប្រទេសដែលដឹកនាំដោយជនកុម្មុយនីស្ត និងផ្តាច់ការ  ទើបបណ្តាលឱ្យមនុស្សជិត២លាននាក់ត្រូវបានសម្លាប់យ៉ាងរង្គាល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស