40.3 C
Phnom Penh

ពលរដ្ឋថៃប្រកាសធ្វើបាតុកម្មរំលឹកការបង្ហូរឈាមបាតុករកាលពី៤៧ឆ្នាំមុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នងការប៉ូលិសក្រុងបាងកក ប្រទេសថៃបានប្រកាសថា កម្លាំងប៉ូលិសប្រហែល៣ពាន់នាក់ នឹង ដាក់ពង្រាយ ដើម្បីជួយការពារ និងធ្វើការរក្សាសណ្ដាប់ធ្លាប់ នៅពេល បាតុករនិងក្រុមពលរដ្ឋមកពី Free People group  នឹងធ្វើការប្រមូលផ្ដុំនៅ ថ្ងៃទី១៤តុលា។

តាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយថា បាតុកម្មដែលនឹងធ្វើឡើង នៅសប្ដាហ៍ក្រោយនេះ គឺដើម្បីរំលឹកការបះបោរមួយនៅឆ្នាំ១៩៧៣ ។

ស្នងការរងប៉ូលិស ក្រុងបាងកក Jirapat Phumchit និយាយថា គំរោងធ្វើបាតុកម្មនៅមិនទាន់ទទួលបាន ការយល់ព្រមនៅឡើយ ។ លោកបន្តថា បើតាមច្បាប់ប្រឆាំងកូវិដនឹងមិនអោយមានការជួបជុំគ្នានោះទេ។ តែ យ៉ាងណា លោកថាបាតុកម្មបានប្រព្រឹត្តិទៅជាច្រើន លើកមកហើយ។ លោកបញ្ជាក់ថាចំនួនប៉ូលសិល នឹងដាក់ពង្រាយពិតមែន តែមិនប្រាកដថា មានតែ៣ពាន់នាក់នោះទេ គឺអាស្រ័យលើចំនួន  បាតុករដែរ ខណៈបាតុកម្មនេះអាចនឹងធ្វើឡើងរយៈ៧យប់ ៧ថ្ងៃ ។

ប៉ុន្តែលោកស្នងការរង រូបនេះ បាននិយាយថា សម្រាប់អ្នករក្សាសណ្ដាប់ធ្លាប់ គឺត្រូវអនុវត្តតួនាទីរបស់ខ្លួន អោយសមស្របនឹង ស្ថានភាពការណ៍ជាក់ស្ដែង ហើយ ថាអ្វីៗវាអាស្រ័យលើបាតុករ។ លោកចង់និយាយថា សកម្មភាពបាតុកម្មធ្វើដូចម្ដេចកុំអោយមានការបង្កហិង្សា។

បាតុកម្មដែលគ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី១៤តុលាសប្ដាហ៍ក្រោយនេះ មិនត្រូវបានបាតុករប្រកាសថា មានចំនួន ប៉ុន្មាននាក់នោះទេនឹងត្រូវមកប្រមូលផ្ដុំគ្នា។ តែបើមានព្រឹត្តិការណ៍នេះកើត ឡើង គឺជាព្រឹត្តិការណ៍ថ្មីចុងក្រោយមួយទៀតដែល ទីក្រុងបាងកករងនូវការ អង្រួន របស់បាតុករ ដែលរាជធានីមួយនេះ បានជួបប្រទះជាងមួយខែមកហើយគឺបាតុកកម្មរបស់សម្ព័ន្ធនិស្សិត ដើម្បីប្រជាធិបតេយ្យ ។ 

ក្រុមនិស្សិតបាតុករ បានប្រមូលផ្ដុំគ្នា ដ៏ធំរយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩និងទី២០ខែកញ្ញា នៅសួនមួយនៅក្បែរព្រះបរមរាជវាំង ដោយមានបាតុករជាង១០ម៉ឺននាក់។ បាតុកម្មនោះ បានរំសាយទៅវិញ ក្រោយពីខាងក្រុមប្រឹក្សារាជវាំងនិងរដ្ឋសភា បានមកទទួលយកញ្ញត្តិរបស់បាតុករទៅពិនិត្យ ។

ញត្តិរបស់ បាតុករ បានទាមទារអោយ រំលាយសមាជិកសភា  នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ចុះចេញពីតំណែង កាត់បន្ថយអំណាច រាជបាល្ល័ង្គ ពាក់ព័ន្ធវិស័យកងទ័ព ជាពិសេស ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ ដែលតាក់តែងឡើងដោយក្រុមប្រឹក្សាយោធា ក្រោយពី ឧត្តមសេនីយ៍ប្រាយុទ្ធ ធ្វើរដ្ឋប្រហារទំលាក់រដ្ឋាភិបាល ជាប់ឆ្នោតរបស់គណបក្សភឿថៃនៅឆ្នាំ២០១៤។

ឥឡូវនេះ សមាជិកសភា បានសម្រេចដោយអនុម័តយកញ្ញតិ្តរបស់និស្សិតបាតុករ ធ្វើការប្រជុំសភា ដើម្បីសិក្សា និងឈានដល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលនេះ គឺជាជោគជ័យមួយក្នុងដំណាក់ដំបូង របស់និស្សិតបាតុករ។

ស្របពេលជាមួយគ្នានេះ គឺនៅថ្ងៃទី៧តុលានេះ កាសែតបាងកងប៉ុស្តិ៍ បានស្រង់ សំដី មេបញ្ជាការកងទ័ព ឧត្តមសេនីយ៍ Narongpan Jittkaewtae,  មកថា លោកបានសន្យាថានឹងមិនមានរដ្ឋប្រហារកើតឡើងទេ ទោះ ជាមានការធ្វើបាតុកម្មញឺកញាប់ក៏ដោយ។ តែលោកទទូចសុំអោយបាតុកម្ម មានរបៀបរៀបរយ គឺកុំបង្កហិង្សាគឺគ្មានអ្វីដែលត្រូវបង្ក្រាបបាតកម្មឡើយ។ លោកសង្គត់ធ្ងន់ថា បញ្ហានយោបាយ គឺត្រូវតែដោះស្រាយដោយមធ្យោបាយ នយោបាយ ។

តែអ្នកសង្កេតការណ៍ព្រមានថា ហានិភ័យដែលអាចកើតមានហិង្សា គឺបាតុកម្មរបស់ ក្រុម Free People group  ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤តុលា ព្រោះក្រុមនេះ អាចរុញអោយស្ថានការណ៍នយោបាយនៅថៃកាន់តែផុយស្រួយ ដែលគេអាចបង្ខំអោយ រំលាយសភាមុនអាណត្តិទោះបី បាតុកម្ម របស់ក្រុមនេះ មានគោលដៅរំលឹកព្រឹត្តិការណ៍                    បះបោរនៅកាលពីថ្ងៃទី១៤តុលា ឆ្នាំ១៩៧៣ ក៏ដោយ។

តើព្រឹត្តិការណ៍ថ្ងៃទី១៤តុលាឆ្នាំ១៩៧៣មានអ្វីកើតឡើង?

ព្រឹត្តិការណ៍នៅថ្ងៃទី១៤ ខែតុលាឆ្នាំ១៩៧៣ គឺព្រឹត្តិការណ៍ដ៏មានប្រជាប្រិយ៍ ព្រោះវាបានទាក់ទាញ មហាជនចូលរួមរហូតដល់ទៅជាង៥០ម៉ឺននាក់ ។ ការពិតបាតុកម្មនៅពេលនោះ បានផ្ទុះឡើងកាន់តែ ខ្លាំងបន្ទាប់ពីទទួលដំណឹងថា មេចលនានិស្សិត ១០នាក់ដំបូងត្រូវបានចាប់ខ្លួន នៅថ្ងៃទី៦តុលានៅពេលពួកគាត់ដឹកនាំបានតុកម្មរបស់និស្សិត ទាមទារអោយ បញ្ចប់រដ្ឋាភិបាលគ្រប់គ្រងបែបផ្ដាច់ការ និងយោធានិយម។ ក្រោយមកទៀតមានការចាប់ខ្លួនមេដឹកនាំបាតុកម្ម ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១៤ ខែតុលា ចំនួនមេដឹកនាំបាតុករត្រូវបានចាប់ខ្លួនបានឡើងដល់ ៣០នាក់ ។

អំពើហិង្សា បង្កឡើងដោយការបង្រ្កាបពីសំណាក់ប៉ូលិស និងពួកយោធា ដែលឈានដល់ការ ប្រើប្រាប់ឧទ្ធម្ភាកចក្រចុះចាប់បាតុករ ។ អំឡុងការបង្រ្កាបនេះ ការបំផ្ទុះគ្រាប់បែកនៅខាងក្រៅរបងព្រះបរមរាជវាំងក៏លាន់លឺ ខណៈ បាតុករបានរុលដល់ របងរាជ វាំងទៅហើយ។

ក្នុងព្រឹត្តិការណ៍វាយបង្រ្កាបពីសំណាក់ប៉ូលិស គឺ យ៉ាងតិចមនុស្សស្លាប់ ជាង៧០នាក់ និងរបួសជាង៨៥០នាក់។តែ បែបនេះក្ដី គឺ បាតុកម្មកាន់តែមានទំហំធំឡើងៗ គឺមានប្រហែលជា៥០ម៉ឺននាក់។

ក្នុងចំនួនបាតុករដ៏មហាសម្បើងនេះ  គឺនៅទីបំផុត ព្រះមហាក្សត្រ ថៃភូមិពុលអាឌុលយ៉ាដេ ដែលមើលទៅ មានភាពការឈឺចាប់ ក៏បានសម្រេច អោយមេដឹកនាំបាតុករចូលគាល់ព្រះអង្គ ហើយ ព្រះអង្គក៏ចេញសេចក្ដីណែនាំអោយនិស្សិតស្ងប់ស្ងាត់ ។ នៅទីបំផុត ព្រះអង្គបាន ចេញព្រះភ័ក្រ ក្នុងទូរទស្សន៍ បញ្ជាអោយមេទ័ពនិងមេប៉ូលិសដែលពាក់ព័ន្ធនឹងការបង្រ្កាបបាតុករ ត្រូវតែលាលែងពីតំណែង។

សរុបទៅ សមរភូមិរវាងបាតុករ និស្សិត មកពីសាកលវិទ្យានានា នៅក្រុងបាងកក និង ចលនាប្រជាជនដើម្បីប្រជាធិបតេយ្យ បានបិទបញ្ចប់ នៅថ្ងៃទី១៤ ខែតុលា បន្ទាប់ពីរដ្ឋាភិបាលបែបយោធានិយមត្រូវបានរំលាយ ហើយរដ្ឋធម្មនុញ្ញ ថ្មីមួយត្រូវ បានបង្កើតឡើងនៅឆ្នាំ១៩៧៤៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស