27 C
Phnom Penh

ពលរដ្ឋខេត្តព្រះសីហនុ បិទផ្លូវសម្តេវសង្ឃទេពវង្ស មិនឲ្យចរាចរណ៍ឆ្លងកាត់ជាងកន្លះថ្ងៃ ដើម្បីតវ៉ាចំពោះសកម្មភាព របស់អាជ្ញាធរច្រើនគ្រឿងចក្រឈូសកំទេចផ្ទះពួកគាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងប្រជាពលរដ្ឋរាប់សិបគ្រួសារ រស់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានប្រមូលផ្តុំគ្នាតវ៉ា និងបិទផ្លូវ មិនឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ឆ្លងកាត់បានទេ នៅមុនវេលាថ្ងៃត្រង់ថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០នេះ។

តំណាងពលរដ្ឋបន្តថា ដោយសារតែពួកគេគ្មានដីសង់លំនៅដ្ឋាន និងដីកសិកម្មសម្រាប់ដាំដុះទើប នាំគ្នាមកសង់ផ្ទះនៅតាមចិញ្ចើមផ្លូវសម្តេចសង្ឃ ទេព វង្ស មានទីតាំងស្ថិតក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ។ យ៉ាងនេះក្តី សមត្ថកិច្ច នៃរដ្ឋបាលស្រុកស្ទឹងហាវ បានចាត់ទុកសកម្មភាព របស់ពលរដ្ឋខាងលើនេះ ថាជាជនអនាធិបតេយ្យ ដោយបាននាំគ្នាមកសង់ផ្ទះខ្ទមតូចៗ ហើយប៉ះពាល់ដល់ដីចំណីផ្លូវ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈធ្ងន់ធ្ងរ ទើបកម្លាំងចម្រុះ ចុះរុះរើសំណង់មិនរៀបរយខុសច្បាប់ទាំងនោះចេញ។

សមត្ថកិច្ចស្រុកស្ទឹងហាវ បានឲ្យដឹងទៀតថា ចំពោះសកម្មភាពបិទផ្លូវនេះ ធ្វើឡើងនៅមុនវេលាថ្ងៃត្រង់ ថ្ងៃទី០៨ ខែតុលាឆ្នាំ២០២០នេះ គឺបិទកំណាត់ផ្លូវសម្តេចសង្ឃ ទេព វង្ស ត្រង់ចំណុចច្រកចូលទៅទីតាំងដីសង្គមកិច្ច  ស្ថិតក្នុងភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ហើយថា សកម្មភាពបិទផ្លូវនេះ គឺក្រុមពលរដ្ឋរាប់សិបនាក់ បាននាំយកដុំថ្មធំៗជាច្រើនដុំ និងមែកឈើ ដាក់គរចោលនៅលើផ្លូវបណ្តាលឲ្យយានយន្តគ្រប់ប្រភេទ មិនអាចបើកបរឆ្លងកាត់បានឡើយ។

តំណាងពលរដ្ឋបញ្ជាក់ថា ការបិទផ្លូវសម្តេចសង្ឃ ទេព វង្ស នេះ ប្រយោជន៍ ដើម្បីតវ៉ាទៅលើវិធានការដាក់គ្រឿងចក្រឈូសកំទេចផ្ទះ របស់ពួកគាត់ ផ្តើមដោយអាជ្ញាធររដ្ឋបាលស្រុកស្ទឹងហាវ។

ទាក់ទិនបញ្ហានេះ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវបានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះសម្របសម្រួលដោះស្រាយ ដោយសន្តិវិធី រហូតមកដល់រសៀលថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែតុលានេះ។ លោកបន្តថា ចំពោះករណីពលរដ្ឋ ប្រមូលផ្តុំគ្នាបិទផ្លូវមិនឲ្យចរាចរណ៍ឆ្លងកាត់ខាងលើនេះ ក៏មានការចុះជួយអន្តរាគមន៍ពីសំណាក់ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ផងដែរ ដោយលោកបានដឹកនាំមន្ត្រីជំនាញចុះមកជួបប្រជាពលរដ្ឋ ហើយស្នើឲ្យពួកគាត់បើកផ្លូវចរាចរណ៍ឡើងវិញ។ ហើយនៅរសៀលថ្ងៃដដែលនេះ ពលរដ្ឋក៏បានយល់ព្រមជាមួយការដាក់ល័ក្ខខណ្ឌ សុំឲ្យអាជ្ញាធរផ្អាកសកម្មភាពប្រើគ្រឿងចក្រ និងកម្លាំងចុះរុះរើផ្ទះ របស់ពួកគាត់សិន។

នាឱកាសនោះដែរ ក្រុមពលរដ្ឋ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ជួយចែកដីឲ្យពួកគាត់សម្រាប់សង់ផ្ទះ និងធ្វើរបរដាំដុះ ដើម្បីរស់នៅឲ្យមានសុវត្ថិភាពផង។

ដោយឡែក ចំពោះសំណូមពរ របស់ប្រជាពលរដ្ឋ ទាំងមន្ត្រីរដ្ឋបាលស្រុកស្ទឹងហាវ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានណែនាំឲ្យប្រជាពលរដ្ឋ ដែលមិនមានដីសង់លំនៅដ្ឋាន សូមឲ្យដាក់ពាក្យស្នើសុំទៅកាន់រដ្ឋបាលខេត្ត ដើម្បីថ្នាក់ដឹកនាំខេត្តព្រះសីហនុ ពិនិត្យ និងឈានទៅរកដំណោះស្រាយជូននៅថ្ងៃខាងមុខ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស