អ្នកវិភាគថា លោក ហ៊ុន សែន កំពុងទ័លច្រកក្រោមវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលប្រឈមនឹងគ្មានលទ្ធភាពបើកប្រាក់ខែសម្រាប់មន្ត្រីរាជការតែម្តង

អ្នកឃ្លាំមើលទាត់ចោលការលើកឡើងរបស់លោក ហ៊ុន សែន ពីការប្រកាសផ្អាកតម្លើងប្រាក់ខែដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជាការស៊ីវិលថា គ្រាន់តែជាលេសបិទបាំងភាពកំសោយនៃរដ្ឋាភិបាលរបស់ខ្លួនដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរតែប៉ុណ្ណោះ។ អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ រិះគន់ថា ការកុហកភូតភររបស់លោក ហ៊ុន សែន ចំពោះពលរដ្ឋខ្លួនឯង គឺដើម្បីលាក់បាំងវិបត្តិចំពោះមុខ ដែលគ្មានលុយចិញ្ចឹមរដ្ឋាភិបាលរបស់ខ្លួន។ លោកបន្តថា សូម្បីតែប្រាក់ខែមន្ត្រីរាជការក៏ប្រឈមនឹងការជាប់គាំងផងដែរ ប្រសិនបើមិត្តដែកថែបចិនមិនបន្តផ្តល់កម្ចីរបន្ថែមទៀតទេនោះ។

លោក អះអាងថា ដង្ហើមលុយធំៗដែលបានមកពីកម្ចីរបស់ចិនសម្រាប់ចិញ្ចឹម អំណាច បក្ខពួក និងក្រុមគ្រួសាររបស់ខ្លួន ក៏កំពុងតែមានភាពរអាក់រអួលផងដែរ ជាងនេះទៀត មហាអំណាចអាមេរិក និងសហគមអឺរ៉ុប ក៏កំពុងតែបន្តដាក់ទណ្ឌកម្មរដ្ឋាភិបាល និងបង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលធំៗ ជាបន្តបន្ទាប់ដែលនឹងធ្វើឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឈានទៅរកភាពទ័លច្រក ជាពុំខាន។

អ្នកវិភាគនយោបាយរូបនេះ អះអាងថា សូម្បីតែការរៃលុយដើម្បីរៀបចំធ្វើមហាសន្និបាតប្រចាំឆ្នាំរបស់បក្ស និងខួប៧មករាដើម្បីឲ្យពលរដ្ឋដឹងគុណ គណបក្សរបស់ពួកគេក្នុងពេលខាងមុខនេះ ក៏គ្មានលុយដើម្បីដំណើរការផង ដូច្នេះមានតែបង្ខំចិត្តលុបចោលក្រោមលេសបង្ការជំងឺកូវី១៩តែប៉ុណ្ណោះ។

ការរិគន់នេះធ្វើឡើងក្រោយលោក ហ៊ុន សែន ប្រកាសក្នុងកម្មវិធីសម្ភោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ម្សិលម៉ិញនេះ។

លោក អះអាងថា ដោយសារតែស្ថានការណ៍សេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការដំឡើងប្រាក់ខែ សម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងឆ្នាំ ២០២១។ ប៉ុន្ដែរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាចំនួន ១០ លានដុល្លារក្នុង ១ ឆ្នាំ ដើម្បីបង្វែរទៅឱ្យមន្ដ្រីចូលនិវត្ដន៍ជំនួសវិញ។

កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន សែន បានចុះហត្ថលេខា លើសារាចរណែនាំស្ដីពីការរៀបចំផែនការ យុទ្ធសាស្ត្រថវិកាឆ្នាំ២០២១ ដល់ឆ្នាំ២០២៣  ដែលគ្រោងនឹងកាត់បន្ថយចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ មកនៅក្រោម ៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ គឺស្មើនឹងការបន្ថយចំណាយដល់ទៅជាងពាក់កណ្តាល បើប្រៀបធៀបនឹងឆ្នាំ២០២០ មុនពេលមានវិបត្តិកូវីដ-១៩ ដែលស្មើនឹងជិត ៨ពាន់លានដុល្លារអាមេរិក។

យ៉ាងនេះក្តីហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលរបស់លោកមិនមានការភ័យព្រួយនោះទេ ត្បិតកម្ពុជានៅមានមាសតម្កល់នៅធនាគារប្រទេសអង់គ្លេសដល់ទៅ ១៥ តោន ឯណោះ។

បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគចាស់វស្សា បានសរសេរលើគណនីយ្យ ហ្វេស ប៊ុក របស់លោកថា រដ្ឋាភិបាលកម្ពុជាបានជំពាក់លុយចិន៥ពាន់លានផោន (ជាង៦ពាន់លានដុល្លារ) ស្មើនឹង២៩,៥ ភាគរយនៃផលិតផលក្នុងប្រទេសសរុប (ផ.ស.ស) ហើយជាភាគរយដែលខ្ពស់ជាងគេបង្អស់ក្នុងចំណោម ប្រទេសចំនួន៣០ដែលជំពាក់លុយចិន។

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ UNDP បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងថមថយពីអត្រា ៦,៥% មកនៅត្រឹម -៤,១ % ក្រោមសូន្យ សម្រាប់ឆ្នាំ២០២០ នេះ ។ ក្រោមសេណារីយ៉ូនេះ អត្រានៃភាពក្រីក្រអាចកើនឡើងជិត២ដង ដល់ទៅ ១៧,៦% ហើយអត្រាអ្នកអត់ការងារធ្វើអាចកើនឡើងដល់ ៤,៨% ឯណោះ។

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ធនាគារអភិវឌ្ឍន៍អាស៊ីបានចេញរបាយរបស់ខ្លួនថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២០ នេះ នឹងធ្លាក់ចុះលើវិស័យឧស្សាហកម្មកាត់ដេរ សំណង់ និងកសិផលខ្មែរជាដើម ជាងនេះទៀត ក៏មានការធ្លាក់ចុះយ៉ាងខ្លាំងពីការបញ្ជាទិញពីសហគមអឺរ៉ុប និងអាម៉េរិកខាងជើងផងដែរ  ដែលបណ្តាលឲ្យបិទទ្វាររោងចក្រសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងប្រហែល ១ភាគ៣ ក្នុងឆមាសទី១ នៃឆ្នាំ ២០២០ នេះ ក្នុងនោះវិស័យទេសចរណ៍នៅកម្ពុជាបានធ្លាក់ចុះជាង ៩៨% ដែលបានបង្ខំឱ្យអាជីវកម្មជាង ៣ពាន់ ត្រូវបិទទ្វារ ហើយកម្មករប្រមាណ ៤ម៉ឺន៥ពាន់ នាក់បានបាត់បង់ការងារទាំងស្រុង។

ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមបានអះអាថាដើម្បីរក្សាសេដ្ឋកិច្ចឲ្យបានល្អប្រសើរប្រកបដោយចីរភាព រដ្ឋាភិបាលកម្ពុជាត្រូលើកស្ទួយសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីទទួលបានការអនុគ្រោះពន្ធពីសហគមអ៊ឺរ៉ុប និងអាមេរិកឡើងវិញ ត្បិតប្រទេសលោកសេរីទាំងនោះតែងគិតគូរពីផលប្រយោជន៍របស់ប្រជាពលរដ្ឋចម្បង៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.