អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចោទប្រកាន់រដ្ឋាភិបាលចិន ថាបានកំពុងធ្វើអាណានិគមនិយមមកកម្ពុជា ហើយនឹងបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសន្តិភាពសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
សេចក្តីថ្លែងការណ៍ជាចំហមួយ របស់ក្រុមលោក សម រង្ស៊ី កាលពីថ្ងៃ ទី៧ ខែតុលា ម្សិលមិញលើទំព័រហ្វេសប៊ុករបស់លោក ដោយអះអាងថា ចិនកំពុងតែពង្រឹងឥទ្ធិពលខ្លួននៅលើពិភពលោក ដោយពឹងផ្អែកទៅលើប្រទេសក្រីក្រ ដែលមានមេដឹកនាំផ្តាច់ការ និងពុករលួយ ដូចលោក ហ៊ុន សែន បច្ចុប្បន្ន។
ជាមួយគ្នានេះ លោកថា ចិនក៏ប្រើប្រាស់ឱកាសបែបនេះ ដើម្បីដាក់អាណានិគមមកលើកម្ពុជា បង្កឱ្យមានបញ្ហាដល់សន្តិសុខតំបន់ផងដែរ។
អតីតមេបក្សប្រឆាំងដែលកំពុងរស់នៅទិរទេសខ្លួនឯងនៅស្រុកបារាំងរូបនេះ បានចោទប្រកាន់រដ្ឋអំណាចលោកហ៊ុន សែន ចំពោះទំនាក់ទំនងជាមួយប្រទេសចិន ជាពិសេស បញ្ហាពាក់ព័ន្ធមូលដ្ឋានយោធាចិននៅកម្ពុជា។
លើសពីនេះ ក្រុមរបស់លោកមិនទទួលនោះឡើយ នូវរាល់កិច្ចសន្យាខុសច្បាប់ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលចិន ក្នុងវិស័យយោធា និងហិរញ្ញវត្ថុ។
លោក សម រង្ស៊ី អះអាងទាំងដែលខ្លួនឯងធ្លាប់បរាជ័យក្នុងការវិលចូលប្រទេសកម្ពុជាម្តងរួចទៅហើយ ថាគណបក្សប្រឆាំងរបស់លោកនឹងលុបចោលរាល់កិច្ចសន្យាទាំងនោះ នៅពេលក្រុមខ្លួនបានមកដឹកនាំប្រទេស។ អតីតមេបក្សប្រឆាំងរូបនេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាជួយទប់ស្កាត់កុំឲ្យប្រទេសចិនរំលោភបំពានលើអព្យាក្រិតភាពរបស់ប្រទេសកម្ពុជា។
យ៉ាងណា កាលពីថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសពីឯករាជ្យភាពរបស់កម្ពុជា ដោយកំពុងដើរលើបន្ទាត់ដ៏ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនតម្រូវឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្មែរនោះឡើយ។
លោកហ៊ុន សែន បញ្ជាក់ថា កំពង់ផែរាម ជាមូលដ្ឋានយោធារបស់កម្ពុជា ប៉ុន្តែមិនត្រឹមតែចិនអាចប្រើប្រាស់កំពង់ផែនេះ ដើម្បីចត ចាក់សាំង សមយុទ្ធ ឬ សកម្មភាពនានាប៉ុណ្ណោះទេ ប៉ុន្តែបណ្តាប្រទេសផ្សេងក៏មានសិទ្ធិប្រើប្រាស់ដែរ ដោយគ្រាន់តែមានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។
បុរសខ្លាំងនៅកម្ពុជារូបនេះ ក៏បានអួតសរសើរមិនដាច់ពីមាត់អំពីគុណសម្បត្តិរបស់ចិន ទាំងជំនួយ និងកម្ចីរបស់ចិន ព្រមទាំងការជួយផ្សេងៗ ដែលផ្តល់មកកម្ពុជា ខណៈលោកបានមើលរំលងពីការជួយជ្រោមជ្រែងកម្ពុជាពីសំណាក់បណ្តាប្រទេសលោកសេរីជាច្រើនផ្សេងទៀត ចាប់តាំងពីកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១មក៕