31.8 C
Phnom Penh

សហរដ្ឋអាមេរិកស្នើឱ្យកម្ពុជាពិនិត្យលទ្ធផលបន្តដំណើរការទទួលពលរដ្ឋខ្មែរដែលត្រូវបញ្ជូនពីអាមេរិកឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិក តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំកម្ពុជា បានស្នើរដ្ឋាភិបាលខ្មែរ ឱ្យពិនិត្យលទ្ធភាពដើម្បីបន្តដំណើរការទទួលពលរដ្ឋ   អាមេរិកាំងដែលមានដើមកំណើតខ្មែរ ដែលនឹងត្រូវបណ្តេញចេញពីប្រទេសលោកសេរីមួយនេះឡើងវិញ។

ការស្នើនេះ ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy កាលពីថ្ងៃពុធម្សិលមិញ។

ទំព័រហ្វេសប៊ុករបស់លោក ស ខេង ដែលបង្ហោះការពីយប់ថ្ងៃពុធថា ក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់នោះ ភាគីទាំងពីរបានជជែកគ្នាច្រើនអំពីទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក និងកិច្ចពិភាក្សាការងារធំៗជាច្រើនទៀត ព្រមទាំងការប្តេជ្ញាកសាងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

ក្នុងចំណោមកិច្ចពិភាក្សាលើការងារធំៗ ទាំងនោះ លោក ស ខេង បញ្ជាក់ថា លោក Patrick Murphy បានលើកឡើងពីកិច្ចការសំខាន់មួយ គឺពាក់ព័ន្ធនឹងការងារមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកមកកាន់កម្ពុជា ក្រោយពេលការងារនេះ ត្រូវបានផ្អាកមួយរយៈពេលដោយសារវិបត្តិជំងឺកូវីដ១៩។

ប្រភពដដែលបន្តថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានស្នើឱ្យភាគគី កម្ពុជា និងស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពរិះរកវិធីសាស្ត្រក្នុងការបន្តជំរុញអនុវត្តការងារនេះឱ្យមានដំណើរការឡើងវិញ។

ជាការឆ្លើយតប លោក ស ខេង ក៏បានប្រាប់ទៅលោក Patrick Murphy វិញថា ជាគោលការណ៍ និងឆន្ទៈនយោបាយ គឺកម្ពុជាមិនមានអ្វីប្រែប្រួលនោះទេ គឺនៅតែបន្តអនុវត្តនូវអ្វីដែលរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាព និងព្រមព្រៀងគ្នាកាលពីពេលកន្លងទៅ។ លើសពីនេះ លោកអះអាងថា ទោះបីមានការខកខានដោយសារជំងឺកូវីដ១៩ក្តី ប៉ុន្តែគោលការណ៍ និងឆន្ទៈនយោបាយមិនមានអ្វីប្រែប្រួលនោះឡើយ។

ការលើកឡើងពីបញ្ហាពលរដ្ឋខ្មែរ ដែលត្រូវបញ្ជូនមកកម្ពុជាវិញ ទាំងក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩នេះ ស្របពេលមានសេចក្តីរាយការណ៍ពីការវាយកម្ទេចអាគារមួយដែលជាជំនួយសហរដ្ឋអាមេរិកនៅមូលដ្ឋានយោធារាម ក្នុងខេត្តព្រះសីហនុ។ លើសពីនេះ បញ្ហាទំនាក់ទំនងកម្ពុជា-អាមេរិក នៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។

កាលពីឆ្នាំ២០០២ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល អាមេរិក បានចុះកិច្ចព្រមព្រៀងមួយ ដោយសម្រេចបញ្ជូននិងទទួលយកពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលរដ្ឋខ្មែរណា ដែលប្រព្រឹត្តបទឧក្រិដ្ឋ ឱ្យត្រឡប់មកមាតុភូមិវិញ ក្រោយពេលអនុវត្តទោសរួចរាល់។

បើតាមអង្គការសេរ៉ាក់ (SEARAC) បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ មានពលរដ្ឋខ្មែរជិត៩០០នាក់ហើយ ត្រូវបានបញ្ជូនចេញពីសហរដ្ឋអាមេរិក ចាប់តំាងពីប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០២មក។

ដោយឡែក តាមរបាយការណ៍របស់នាយកដ្ឋានអន្តោប្រវេសអាមេរិក កាលពីខែកញ្ញា ឆ្នាំ២០១៨ ឲ្យដឹងថា មានពលរដ្ឋខ្មែរជិត២ពាន់នាក់(១៨៥៥) ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរអាមេរិក ហើយក្នុងនោះមានពលរដ្ឋចំនួន ១៣៦២ នាក់រកឃើញថា បានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌប្រឈមនឹងការបញ្ជូនមកកម្ពុជាវិញ។

ពលរដ្ឋខ្មែរដែលត្រូវគេបណ្តេញចេញពីសហរដ្ឋអាមេរិកខ្លះ ពួកគេបានចាកចេញពីប្រទេសកម្ពុជាជាមួយនឹងឪពុកម្តាយតាំងពីនៅកុមារ គេចពីរបបខ្មែរក្រហម ហើយអ្នកខ្លះទៀតបានកើតនៅក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសថៃ។

ពួកគេត្រូវបានទទួលឱ្យមករស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់ជាជនភៀសខ្លួន ប៉ុន្តែច្បាប់របស់សហរដ្ឋអាមេរិកត្រូវបណ្តេញចេញជនទាំងឡាយណា ដែលល្មើសច្បាប់ហើយនៅមិនទាន់បានចូលសញ្ជាតិអាមេរិកាំង។ អ្នកខ្លះបានប្រព្រឹត្តកំហុសតាំងពីពួកគេនៅក្មេង ហើយអ្នកខ្លះទៀតបានចេញពីពន្ធនាគារជាច្រើនឆ្នាំ និងរស់នៅកសាងជីវភាពជាពលរដ្ឋធម្មតាមានមុខរបរត្រឹមត្រូវនិងក្រុមគ្រួសារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស