33 C
Phnom Penh

ក្រសួងការងារព្រមានចាត់វិធានការច្បាប់ចំពោះ ប្រធានសហជីពមួយរូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតព្រមានមួយ ទៅលើប្រធានសហជីពមួយរូប ពាក់ព័ន្ធនឹងសកម្មភាពធ្វើកូដកម្មរបស់ក្រុមកម្មករប្រមូលសំរាមស៊ីនទ្រី។

ក្នុងលិខិតព្រមានរបស់ប្រធាននាយករដ្ឋានវិវាទការងារនៃ ក្រសួងការងារ លោក ជ្រូន ថេរ៉ាវង្ស នៅថ្ងៃទី ៨ខែតុលានេះ បានបញ្ជាឱ្យប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល ឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការធ្វើសកម្មភាពសហជីពដោយល្មើសច្បាប់។

មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះ បានចោទ លោក ទូច កុសល ថាបានដឹកនាំកម្មករប្រមូលសំរាមធ្វើកូដកម្មខុសច្បាប់ ធ្វើសកម្មភាពផ្ទុយពីលក្ខន្តិកៈរបស់សហជីព និងដឹកនាំកម្មករធ្វើសកម្មភាពខុសច្បាប់ផ្សេងៗទៀត។

ជាមួយគ្នានេះ ក្រសួងការងារបានព្រមានរំលោយសហជីពនេះចោលនិងចាត់វិធានផ្សេងៗទៀតតាមច្បាប់ ប្រសិនបើលោក ទូច កុសល មិនមានការកែប្រែ ហើយធ្វើសកម្មភាពផ្គើនចំពោះការព្រមាននេះ។

លិខិតព្រមាននេះ ធ្វើឡើងស្របពេលក្រុមកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី បាននាំគ្នាបន្តធ្វើកូដកម្មមិនចូលធ្វើការងាររយៈពេលមួយសប្ដាហ៍កន្លងមកហើយ។

ការតវ៉ារបស់ក្រុមកម្មករក្រុមហ៊ុនស៊ីនទ្រី ឡើងក្នុងគោលបំណងដើម្បីទាមទារឱ្យថៅកែទូទាត់អត្ថប្រយោជន៍៥ចំណុច រួមមានប្រាក់អតីតភាពការងារ ប្រាក់ជំងឺចិត្ត ប្រាក់ជួសឱ្យការជូនដំណឹងមុន ប្រាក់ដំណាច់ឆ្នាំដែលនៅសល់ និងប្រាក់ខែខុងក្រោយ។

ការធ្វើកូដកម្មរបស់ក្រុមកម្មករប្រមូលសំរាមក្នុងរយៈពេល១សប្តាហ៍មកនេះ បានធ្វើ សំរាមរាប់ម៉ឺនតោនកកស្ទះ និង គរនៅតាមគេហដ្ឋាន តាមផ្លូវឬ កន្លែងសាធារណៈ ក្នុងរាជធានីភ្នំពេញ បណ្តាលឱ្យទីក្រុងស្ទើទាំងមូលពោលពេញទៅដោយក្លិនស្អុយរបស់សំរាម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស