34 C
Phnom Penh

កាណាដាស្នើអោយអង្គការយោធាណាតូ ពិនិត្យមើលសកម្មភាពចិន នៅសមុទ្រចិនខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើយើងក្រឡែកមើលទៅលំហសមុទ្រចិនខាងត្បូង  ត្បិតវាមានផ្ទៃក្រឡា ៣លានគីឡូម៉ែត្រក្រឡា គឺមហាធំធេងណាស់ ។ វាមានកោះទាំងតូច ទាំងធំ ២៥០កោះ។ ប៉ុន្តែកាសែតរបស់អាមេរិក The National Interest  បានធ្វើសេចក្ដីរាយការណ៍ កាលពីថ្មីៗនេះថាចិនបានវាតទីកាន់កាប់ ផ្ទៃទឹក និងកោះទាំងនោះបានប្រហែល ជិត៨០%ទៅហើយនៅក្នុងរយៈពេល១០ឆ្នាំមកនេះ។

ក្នុងស្ថានភាពដែលមហាយក្សចិន វាតទីកាន់កាប់បានដូច The National Interest  ថាមែននោះ ក៏អាចមកពី ចិន គំរាមនិងលុកលុយកាន់កាប់ដែនទឹក និងដែនកោះរបស់ប្រទេសជិតខាងផងដែរ។

មកទល់នឹងពេលនេះ ចិន នៅតែមិនទុកចិត្តថាខ្លួនគេ អាចគ្រប់គ្រងបានរឹងមាំឡើយ នូវដែនកោះទាំងនោះ ដែលធ្វើអោយក្រុងប៉េកាំងតែងតែធ្វើសមយុទ្ធនាវាជើងទឹក និងជើងអាកាស ជាញឹកញាប់ នៅតំបន់នោះ។

តំបន់ដែលសំបូរដោយ ឧស្ម័នធម្មជាតិ ប្រេងកាត ផ្កាថ្ម និង ជីវៈចម្រុះផ្សេងៗទៀត មានតម្លៃរយពាន់លានដុល្លារ កំពុងប្រទាញប្រទង់ដណ្ដើមយកមកវិញ ដោយប្រទេសក្នុងសមាគមអាស៊ាន ចំនួន៥ និងដែនកោះតៃវ៉ាន់។  ប៉ុន្តែ លំហសមុទ្រចិនខាងត្បូង គឺជាផ្លូវនាវាចរណ៍អន្តរជាតិ ដែលនាវាប្រទេសណា ក៏មានសិទ្ធបើកឆ្លងកាត់ដែរ ។

សម្រាប់ចិនត្រូវបានរាយការណ៍មកថា កំពុងធ្វើផែនការនិងយុទ្ធសាស្ត្រ កងទ័ពកាន់កាប់ផ្លូវនាវានោះទាំងស្រុង ហើយបើចិនកាន់កាប់បាន គឺគ្រប់នាវាទាំងអស់ត្រូវតែសុំការអនុញ្ញតពីចិន ជាមុនសិន ដែលកត្តានេះហើយ បានជា ប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង ហូឡង់ ប្រកាសថា ត្រូវចូលពាក់ព័ន្ធករណីសមុទ្រចិនខាងត្បូង គឺដូចសហរដ្ឋអាមេរិក ដែលបានបញ្ជូននាវាផ្ទុកយន្តហោះ និងនាវាចម្បាំង ជាច្រើនគ្រឿង ទៅដាក់ពង្រាយនៅតំបន់នោះរួចទៅហើយ ដែលរឿងនេះធ្វើឲ្យចិន មិនពេញចិត្តឡើយ។

តែពេលនេះ ប្រទេសកាណាដា ដែលជាសមាជិកមួយរបស់អង្គការយោធាណាតូ មានសមាជិករបស់ខ្លួន ៣០ប្រទេស  តាមរយៈរដ្ឋមន្ត្រីការពារជាតិ បានស្នើសុំអោយអង្គការនេះ ពិនិត្យនិងឃ្លាំមើល សកម្មភាពរបស់ចិន ដែលកំពុងវាតទីកាន់កាប់ផ្លូវនាវាអន្តរជាតិ យកមកធ្វើជាកម្មសិទ្ធផ្ដាច់មុខរបស់ខ្លួន ។ 

លោករដ្ឋមន្រ្តី Harjit Sajjan បាននិយាយថា ណាតូត្រូវតែចូលពាក់ព័ន្ធក្នុងរឿងនេះ ព្រោះ សកម្មភាពរបស់កងទ័ពចិន គឺជាក្ដីបារម្ភអំពីការប្រើប្រាស់ ដែនទឹកអន្តរជាតិ ។ បើតាម សារព័ត៌មាន របស់ ឥណ្ឌា ឈ្មោះថា Hindustan  Times បានចុះផ្សាយនៅថ្ងៃទី៨តុលានេះថា លោកSajjan  បានធ្វើការកត់សំគាល់ដូចនេះ នៅឯវេទិកាមួយនៅ ប្រទេស្លូវ៉ាគី ស្ដីពីសមត្ថភាពនិងអំណាចរបស់ អង្គការណាតូជួយការពារសន្តិសុខពិភពលោក។

លោករដ្ឋមន្ត្រីការពារជាតិកាណាដា បានថ្លែងចេញពី ទីក្រុងអូតាវ៉ា តាមរយៈវិដេអូដោយបានចោទ ចិន ថាសកម្មភាពការទូត តានតឹងគឺដោយសារតែ ចិន មានមហិច្ឆតា វាតទីកាន់កាប់ដែនទឹកអន្តរជាតិ។

ក្នុងហេតុផលនេះ សម្រាប់ លោក Sajjan  បានទទូចថាអង្គការណាតូត្រូវតែត្រៀមខ្លួន ដើម្បីឆ្លើយតប នឹងសភាពការណ៍យោធានៅសមុទ្រចិនខាងត្បូង ហើយត្រូវលើករបៀបវារៈរឿងនេះ ដាក់នៅលើតុរបស់ ណាតូ។លោកថានេះ គឺជាសាររបស់ណាតូដ៏ខ្លាំងមួយ ឆ្លើយតបនឹងជម្លោះនៅសមុទ្រចិនខាងត្បូង។  ណាតូជា កម្លាំងយោធាកម្រិតអន្តរជាតិធំបំផុតនៅ អឺរ៉ុប ដែលមានប្រទេស ជាសមាជិក ៣០ ប្រទេសនិងប្រទេសដៃគូរបស់ខ្លួនជាច្រើនទៀត មានទាំងអូស្ត្រាលី  ជាដើមដែលកំពុង មានជម្លោះជាមួយចិន ជុំវិញ ដែនទឹកអន្តរជាតិ នៅសមុទ្រចិនខាងត្បូង។

សម្រាប់អូស្ត្រាលីបានប្រកាសមុនគេ ថាក្រុងកង់បេរ៉ា បានសម្រេចប្រាប់ទៅអគ្គលេខាធិការ អង្គការសហប្រជាជាតិ អង់តូនីញ៉វ ហ្គោតតារ៉េស ថា អូស្រ្តាលី ក៏មានចំណែកផងដែរ ពាក់ព័ន្ធនឹងសិទ្ធិប្រើប្រាស់ លំហសមុទ្រចិនខាងត្បូង ព្រោះវាជាផ្លូវនាវាចរណ៍អន្តរជាតិ ហើយអូស្ត្រាលី ចាំបាច់ត្រូវបញ្ជូននាវា ទាំងនាវាស៊ីវិល និងយោធាបើកឆ្លងកាត់តំបន់នោះ។  អូស្រា្តលី តែងបើកនាវាចម្បាំងឆ្លងកាត់សមុទ្រចិនខាងត្បូង ទោះជាចិន ថ្កោលទោស និងគំរាមក៏ដោយ។

បែបណា ក៏ដោយ សម្រាប់ អង់គ្លេស និងហូឡង់ ដែលជាសមាជិករបស់អង្គការណាតូបានប្រកាសរួមគ្នា ហើយថា នឹងបញ្ចូននាវាចម្បាំងបើកឆ្លងកាត់សមុទ្រចិនខាងត្បូងនៅពេលឆាប់ៗនេះ ។ ប្រទេសទាំងពីរនេះ ក៏បានចាត់ទុក ដែនទឹកនាវាចរណ៍នៅសមុទ្រចិនខាងត្បូង គឺជារបស់ពិភពលោក ដែលគ្រប់នាវាទាំងអស់ អាចប្រតិបត្តិបានដោយសេរី។

ចិន នៅពេលនេះ ក៏កំពុងរងសម្ពាធ ពីសមាគមអាស៊ាន ផងដែរ ដែលទាមទារអោយ ចិន មកចរចា នឹងសមាគមន៍នេះ ដើម្បីរកដំណោះស្រាយ ចំពោះ ដែនទឹកនៅសមុទ្រចិនខាងត្បូង ដែលចិនអះអាងថា ក្រុងប៉េកាំងមានសិទ្ធកាន់កាប់ដល់ទៅ៩០ភាគរយ ព្រោះ ជាដែនសមុទ្ររបស់ចិនមានតាំងពីរាប់ពាន់ឆ្នាំមកហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស