អង្គការចលនាមាតាធម្មជាតិ បានជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវរក្សានូវសតិសម្បជញ្ញៈជាខ្មែរ ដោយគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
ការលើកឡើងនេះ ក្រោយពេលអាជ្ញាធរនៃរដ្ឋាភិបាលឯកបក្សបច្ចុប្បន្ន បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន៣ រូប កាលពីខែ កក្កដា រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដោយគ្រាន់តែពួកគេចូលរួមអនុវត្តសិទ្ធិសេរីស្របតាមច្បាប់ប្រទេសប៉ុណ្ណោះ។
ទំព័រហ្វេសប៊ុកចលនាមាតាធម្មជាតិ(Mother Nature Cambodia) នៅថ្ងៃសុក្រនេះ ឱ្យដឹងថា ទំព័រហ្វេសប៊ុករបស់ខ្លួន ទើបនឹងទទួលយកមកគ្រប់គ្រង និងដាក់ឱ្យដំណើរការសារជាថ្មីឡើងវិញ។
ប្រភពដដែលថា ពួកគេមានសេចក្តីសោមន្សរីករាយ ដោយសារក្រុមហ៊ុនហ្វេសប៊ុកសម្រេចសង្រ្គោះផេកនេះមកវិញ បន្ទាប់ពីទំព័រហ្វេសប៊ុកចលនាមាតាធម្មជាតិត្រូវបានអាជ្ញាធរលោកហ៊ុន សែន បានចាប់ខ្លួនសកម្មជនរបស់ខ្លួនទាំង៣នាក់ ហើយក៏គ្រប់គ្រង និងលុបចោលទំព័រហ្វេសប៊ុកនេះទៀតផង។
ចលនាមាតាធម្មជាតិ ហួសចិត្តចំពោះការចាប់ខ្លួន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី តាមអំពើចិត្ត និងខុសច្បាប់ ដោយគ្រាន់តែពួកគេមានបំណងចង់ជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីបង្ហាញពីកង្វល់របស់ពួកគេ ចំពោះការលុបបឹងតាមោក ទៅជារឿងញុះញង់ទៅវិញ។
សកម្មជនបរិស្ថានទាំង៣រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ខែកញ្ញា ក្រោមហេតុផលថា រៀបចំដំឡើងស្ទូឌីយោផ្សាយវីដេអូ និងព័ត៌មានដោយគ្មានច្បាប់អនុញ្ញាត និងការបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធគម្រោងដើរទៅភូមិគ្រឹះនាយករដ្ឋមន្ត្រីដើម្បីសុំអន្តរាគមន៍បញ្ឈប់ការលុបបឹងតាមោក។
យ៉ាងណាចលនាមាតាធម្មជាតិ ដែលមានស្ថាបនិកជាជនជាតិអេស្ប៉ាញ និងជាអ្នកគ្រប់គ្រង់ទំព័រហ្វេសប៊ុកមួយនេះផងនោះ គឺលោក អាឡិច ហ្គន់សាឡេសដេវិតសិន អះអាងថាពួកគេ មិនសុខចិត្តឡើយចំពោះអំពើអយុត្តិធម៌មួយនេះ ហើយនឹងទាមទារឱ្យដោះលែងសកម្មជនមាតាធម្មជាតិទាំង៣រូបឱ្យមានសេរីភាពឡើងវិញជាបន្ទាន់។
អង្គការលីកាដូ កាលពីពេលថ្មីៗនេះ បញ្ជាក់ថាមានសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ សិល្បៈករ និងក្រុមយុវជនបរិស្ថានប្រមាណ២០នាក់ហើយត្រូវបានចាប់ខ្លួន ចាប់តាំងពីចុងខែកក្កដាមក។ ការចាប់ខ្លួនពួកគេទាំងនោះ លីកាដូថាដោយសារការអនុវត្តសិទ្ធិសេរីភាពស្របតាមរដ្ឋធម្មនុញ្ញរបស់ពួកគេតែប៉ុណ្ណោះ ៕