28 C
Phnom Penh

ខួប៤១ឆ្នាំនៃចលនារណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលជាភាគីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គិតមកដល់ថ្ងៃទី៩ ខែតុលានេះ ចលនារណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលហៅកាត់ថា រ.ជ.រ.ប.ខ.  ដែលជាភាគីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានវ័យ៤១ឆ្នាំហើយ។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក មាជ សុវណ្ណារ៉ា បានឱ្យដឹងថា យុវជនត្រូវយល់ដឹងអំពីអតីតកាលប្រវត្តិសាស្ត្រកម្ពុជា។ លោកបន្តថា នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០នេះ ចលនារណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរមានអាយុ៤១ឆ្នាំ។

ចលនានេះ លោកថា ត្រូវបានបង្កើតឡើងដោយក្រុមឥស្សរជនជាន់ខ្ពស់ជំនាន់សាធារណរដ្ឋខ្មែរ និងអ្នកសង្គមរាស្ត្រនិយមកាលពីថ្ងៃទី ៩ខែតុលា ឆ្នាំ១៩៧៩ ដែលដឹកនាំដោយសម្តេចបវរសេដ្ឋា សឺន សាន លោក សក់ ស៊ុតសាខន លោក ដៀង ដែល លោក អ៊ឹម ឈូរដេត  លោកព្រំ វិត លោក កែវ ជូន ព្រមទាំងមនុស្សជាច្រើនរូបផ្សេងទៀត។

លោក មាជ សុវណ្ណារ៉ា អះអាងថា ការបង្កើតចលនានេះឡើង ក្នុងគោលបំណងតស៊ូប្រយុទ្ធប្រឆាំង ទាំងផ្នែកសង្គ្រាមក្តី និងនយោបាយ ការទូតក្តី ដើម្បីបណ្តេញចេញនូវការឈ្លានពានពីសំណាក់កងទ័ពវៀតណាម មកលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩។

លោកបន្តថា ចលនារណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរ បង្កើតឡើងបន្ទាប់ពីមានការរៀបចំកម្លាំងទ័ពជាផ្លូវការរួចរាល់ ឱ្យឈ្មោះជាកងទ័ពរំដោះប្រជាពលរដ្ឋខ្មែរ នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ១៩៧៩ ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ ដៀង ដែល ក្រោមដឹកនាំដោយឧត្តមសេនីយ៍ សក់ ស៊ុតសាខុន។

ចលនានេះ មានគោលនយោបាយក្នុងការតស៊ូប្រឆាំងដាច់ខាត ចំពោះការឈ្លានពានរបស់បរទេស តស៊ូប្រឆាំងដាច់ខាតរបបប្រល័យពូជសាសន៍ និងប្រឆាំងដាច់ខាតនូវអំពើពុករលួយ ក្រោមមាគ៌ាសង្រ្គោះ បម្រើការពារពលរដ្ឋខ្មែរ ក្រោមការជួយឧបត្ថម្ភគាំទ្រជាជំនួយសេដ្ឋកិច្ចយោធាហិរញ្ញវត្ថុ និងមនុស្សធម៌ ពីសំណាក់សហរដ្ឋអាមេរិក ចិន ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងបណ្តាប្រទេសជាច្រើនទៀត។ ការជួយជ្រោមជ្រែងរបស់បរទេសនោះ ក្នុងគោលដៅតស៊ូរំដោះប្រទេសកម្ពុជាចេញពីការឈ្លានពានរបស់កងទ័ពវៀតណាម។

លោក មាជ សុវណ្ណារ៉ា ថា ការតស៊ូ និងសកម្មភាពទាំងនេះហើយ ទើបអតីតអ្នកតស៊ូចលនារណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរ បានកសាងស្តូបមួយនៅអតីតតំបន់រំដោះមួយនាភូមិបន្ទាយមានឬទ្ធិ ស្រុកថ្មពួក ក្នុងឆ្នាំ១៩៩០ ដើម្បីរក្សាទុកបង្ហាញនូវគុណតម្លៃប្រវត្តិសាស្ត្រនៃការ តស៊ូរំដោះសេរីភាព និងសន្តិភាពសង្គម ដែលនាំមកនូវការផ្សះផ្សា បង្រួបបង្រួម ឯកភាពជាតិ ដោយមិនយកខ្មែរជាសត្រូវ។ លើសពីនេះ ព្រលឹងចលនានេះ ក៏ជាផ្នែកមួយនៃ កសាងប្រទេសជាតិ តាមបែបលទ្ធិប្រជាធិបតេយ្យ  ដោយអនុលោមទៅតាមកិច្ចព្រមព្រៀងសន្តិភាពកុ្រងប៉ារីសឆ្នាំ១៩៩១។

ក្រោយកងទ័ពវៀតណាមបានលើកមកវាយរបបខ្មែរក្រហម យកបានក្រុងភ្នំពេញនៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ក្រុមកម្លាំងខ្មែរតស៊ូប្រឆាំងនឹងការឈ្លានពាននេះ មាន៣ ក្រុម រួមក្រុមរបស់សម្តេចព្រះនរោត្តម សីហនុ ក្រុមតស៊ូរបស់លោកតា សឺន សាន និងក្រុមរបស់ពួកខ្មែរក្រហម។

ប៉ុន្តែក្រុមទាំងបីនេះ ក្រោយមកបានព្រមព្រៀងបញ្ចូលគ្នាបង្កើតជារដ្ឋាភិបាលចម្រុះត្រីភាគីមួយ ដើម្បីឈានទៅតស៊ូផ្នែកការទូត និងនយោបាយ ឈានទៅរកកិច្ចចរចាបញ្ចប់ជម្លោះជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ ដែលជារដ្ឋាភិបាលរៀបចំដោយវៀតណាម។ ដំណើរការចរចារជាច្រើន បានរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី ២៣ តុលា ឆ្នាំ១៩៩១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស