27 C
Phnom Penh

ក្រសួងសុខាភិបាលហាមមិនឱ្យមានការប្រមូលផ្ដុំមនុស្សច្រើនអំឡុងពិធីបុណ្យអុំទូក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលបានហាមប្រាមមិនឱ្យមានការប្រមូលផ្ដុំមនុស្សជាទ្រង់ទ្រាយធំ ក្នុងអំឡុងកម្ពុជាប្រារព្ធព្រះរាជពិធីបុណ្យអុំទូក  នៅចុងខែតុលាខាងមុខនេះ។

កាលពីថ្ងៃទី ៩ខែតុលា ម្សិលមិញ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងមួយ ដោយបានក្រើនរំឭកទៅដល់សាធារណៈជន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងសុវត្ថិភាពសុខភាពពលរដ្ឋ  ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លើសពីនេះ ក្រសួងបានជំរុញទៅស្ថាប័នពាក់ព័ន្ធឱ្យបន្តអនុវត្តវិធានការអនាម័យ និងសុវត្ថិភាពចាំបាច់មួយចំនួន ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋពីវិធីបង្ការទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមមួយនេះ។

វិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងអំឡុងបុណ្យអុំទូក រួមមាន ការរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន សន្តិសុខ និងសុវត្ថិភាពនៅវត្តអារាម និងទីលានប្រណាំងទូក។

ការផ្សព្វផ្សាយពីវិធានសុខាភិបាលក្នុងការបង្ការជំងឺកូវីដ១៩ ដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំឱ្យមានកន្លែងពិនិត្យសុខភាព វាស់កម្តៅ មុនពេលចូលក្នុងទីធ្លាវត្តអារាម ឬទីលានប្រណាំងទូក និងត្រូវមានអាល់កុលឬជែលសម្រាប់លាងដៃជាប្រចាំផងដែរ។

ក្រសួងសុខាភិបាល ក៏បានណែនាំឱ្យកំណត់ចំនួនកីឡាករអុំទូកមិនឱ្យលើសពី១០នាក់ ដោយអ្នកចូលរួមទស្សនាមិនឱ្យលើសពី៦០នាក់ ហើយចំនួនទូកចូលរួមប្រណាំងមិនឱ្យលើសពី៦ទូកនោះឡើយ។ តាមការគ្រោងទុកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងរៀបចំធ្វើនៅថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែ  វិច្ឆិកាក្នុងឆ្នាំ២០២០។ យ៉ាងណាក៏ដោយព្រះរាជពិធីបុណ្យជាតិមួយនេះ ត្រូវបានរដ្ឋាភិបាលសម្រេចផ្អាកទៅវិញកាលពីថ្ងៃទី១៣ ខែសីហា ដោយរក្សាការឈប់សម្រាកជាធម្មតា។

ការសម្រេចផ្អាកពិធីបុណ្យអុំទូកនេះ រដ្ឋាភិបាលបញ្ជាក់ថា ដោយសារតែក្ដីបារម្ភជុំវិញការឆ្លងរីករាលដាលនៃ វីរុស កូរ៉ូណា ឬជំងឺកូវីដ១៩ ប៉ុន្តែពិធីបុណ្យប្រពៃណីជាតិមួយនេះ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំនៅតាមបណ្ដាខេត្តដដែល។

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ២៨២នាក់ ដោយក្នុងនោះអ្នកជំងឺ២៧៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ នៅឡើយសល់អ្នកជំងឺ៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស