សមាជិកអាស៊ានមួយថ្លែងថា ប្រទេសតូចៗរងសម្ពាធពីមហាអំណាច តែសមាជិកអាស៊ានខ្លះទៀតស្រវ៉ាអោបអាមេរិក

នៅក្នុងសន្ទរកថា ថ្លែងទៅកាន់ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥សម្រាប់ឆ្នាំ២០២០ កាលពីចុងខែកញ្ញា   មានការអង្កេតឃើញ មេដឹកនាំនៃសមាគមអាស៊ាន មួយចំនួន បានលើកឡើងអំពីបញ្ហាតំបន់និងការព្រួយបារម្ភដែលប្រទេស ធំមួយនៅអាស៊ី គឺប្រទេសចិន ប្រើប្រាស់អំណាចកងទ័ពបង្កការបំពានលើដែនអធិបតេយ្យនៃ ប្រទេសជិតខាង។

ដោយឡែក នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុនសែន បានថ្លែង ទៅកាន់មហាសន្និបាតថា ប្រទេស ធំៗ បានកំពុងជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ ប្រទេសមួយចំនួនដែលទន់ខ្សោយជាងខ្លួន។

ការឡើកឡើង របស់នាយករដ្ឋមន្ត្រីកម្ពុជា ទំនងអាចនឹងធ្វើអោយប៉ះទង្គិចទឹកចិត្តខ្លះដែរចំពោះ សមាជិកអាស៊ាន មួយចំនួន កំពុងរងផលវិបាក ពីការវាតទីកាន់កាប់ដែនកោះរបស់ពួកគេនៅសមុទ្រចិនខាងត្បូង។

ការសម្ដែងការព្រួយបារម្ភរបស់ នាករដ្ឋមន្ត្រីកម្ពុជាទំនង ជាការឆ្លើយតប ហើយចង់ប្រាប់ពិភពលោកថា កម្ពុជាឈឺចាប់ ខ្លះដែរ ព្រោះ តែសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនមួយមកពីប្រទេសចិន គឺក្រុមហ៊ុនអភិវឌ្ឃន័ សហព័ន្ធចិន CUDG ជាក្រុមហ៊ុនអភិវឌ្ឍន៍ សំណង់ឆ្នេរដើម្បីទាក់ទាញទេសចរណ៍។

ការផ្ដល់ហេតុផល របស់ មេដឹកនាំកម្ពុជា ក៏កើតជួនពេលតំបន់ អាស៊ីអាគ្នេរត្រូវបានមើលឃើញថា មហាយក្សចិន កំពុងច្បាមយកកម្លាំងសេដ្ឋកិច្ចនយោបាយ និងវិស័យសន្តិសុខដែលមើលឃើញថាចិនពន្លឿន ជាខ្លាំងដើម្បីបំពេញមហិច្ឆិតា របស់ខ្លួនអោយបានឆាប់បំផុត ។

ប៉ុន្តែក្រុងប៉េកាំងទំនងកំពុងឆ្លាក់ត្រឹមកងទ័ពអាមេរិក បានមកដល់ដែនសមុទ្ររបស់តំបន់នេះទៅហើយ។ ការពិតអាមេរិក មានការព្រួយបារម្ភជាងប្រទេសខ្លះៗនៃសមាគមអាស៊ានទៅទៀត ដែលថាចិន កំពុងវាតទី កាន់កាប់ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងសន្តិសុខតំបន់មួយនេះ។

ការដែលក្រុងវ៉ាស៊ីនតុន បង្ហាញការព្រួយបារម្ភ ជាងគេនោះទំនង នូវការលិចលឺថា តំបន់ឆ្នេរនៃសមុទ្រប្រទេសកម្ពុជា អនាគតនឹងក្លាយជាមូលដ្ឋានកងទ័ពរបស់ចិនតាមរយៈសំណង អភិវឌ្ឍន៍របស់ក្រុមហ៊ុនចិនដែលអាមេរិក ដាក់ទណ្ឌកម្ម។

តែបែបនេះក្ដី រដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួងការពារជាតិ និងក្រសួងការបរទេសបានបដិសេធ ហើយប្រាប់ថារដ្ឋធម្មនុញ្ញកម្ពុជា មិនបានផ្ដល់អោយមានវត្តមានទ័ពបរទេសលើទឹកដីកម្ពុជាដាច់ខាត។

សមុទ្រចិនខាងត្បង  ឥឡូវនេះ ត្រូវបានទាញទម្លាក់ ក្នុងការប្រឈមដាក់គ្នារវាងកងទ័ពអាមេរិកនិង កងទ័ពចិន ដែលជាម្ចាស់តំបន់។ ប្រទេស ៥ក្នុងចំណោម១០ប្រទេស នៃសមាគមអាស៊ាន គឺប្រទេសវៀតណាម  ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងឥណ្ឌូនេស៊ី កំពុងជាប់ពាក់ព័ន្ធនឹងបញ្ហាដែនកោះរបស់ពួកគេ ដែលប្រទេសចិនកំពុងបំពារបំពាន។  

ប្រទេសខ្លះក្នុងសមាគមអាស៊ាន ពិតជាបានស្ដែងថា ខ្លួនកំពុងរងសម្ពាធ អោយជួយគាំទ្រ នូវកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការទប់ទល់ចំពោះការវាតទីនិយមពីសំណាក់ប្រទេសចិន។ប្រទេសហ្វីលីពីន និង ប្រទេសថៃ បានផ្ដល់រួចហើយ នូវមូលដ្ឋានសម្រាប់កងទ័ពអាមេរិក។

ចំណែក ប្រទេស ម៉ាឡេស៊ី គឺមូលដ្ឋានទ័ពអាកាស របស់ខ្លួនកំពុងប្រើប្រាស់ដោយ កងទ័ពអាកាស អូស្ត្រាលី ហើយមូលដ្ឋានទ័ពអាកាសសិង្ហបុរី ក៏រង់ចាំតែការមកដល់របស់កងទ័ពអាកាសអង់គ្លេស ប៉ុណ្ណោះ។ ទាំងអង់គ្លេស និងអូស្ត្រាលីសុទ្ធតែ ជាសម្ព័ន្ធមិត្តយោធាជាមួយសហរដ្ឋអាមេរិក។

ចំណែក វៀតណាម វិញ នៅសល់ពេលដែលរង់ចាំការទទួលយន្តហោះ ស៊ើបការរបស់សហរដ្ឋអាមេរិក ដើម្បីបើកហោះហើរស៊ើបការលើសមុទ្រចិនខាងត្បូងតែប៉ុណ្ណោះ។ ប្រទេសក្នុងសមាគមអាស៊ាន គឺដឹងច្បាស់ណាស់ដែលថា សម្ព័ន្ធភាពកងទ័ពជាមួយអាមេរិក ពិតជាផ្ដល់សញ្ញា អាក្រក់ទៅភាគីចិន ហើយមើលទៅ ប្រទេសក្នុងសមាគមនេះ ទំនងមិនអាច ឈរលើគោលការណ៍អព្យាក្រឹត្យបានឡើយ។

ថ្លែងទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិ មេដឹកនាំអាស៊ានភាគច្រើនបានដាក់ការព្រួយបារម្ភ អំពីជម្លោះ ក្នុងតំបន់របស់ពួកគេ។ ក្នុងនោះប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte គឺជាអ្នកផ្ដើមមុនគេ វាយប្រហារទៅលើ ប្រទេសចិន ។

នៅក្នុងសុន្ទរកថា ថ្លែងទៅកាន់ មហាសន្និបាត អង្គការសហប្រជាជាតិ លោកបាននិយាយថា រដ្ឋបាលរបស់លោក បានសច្ចាថា នៅតែប្ដេជ្ញា អនុវត្តទៅតាមសាលក្រម របស់ មជ្ឈឹត្តការអន្តរជាតិដែលផ្ដល់សិទ្ធិអោយហ្វីលីពីន ចូលទៅ ដែនទឹករបស់ខ្លួន នៅសមុទ្រហ្វីលីពីនខាងលិច ដែលគេហៅទូទៅថាសមុទ្រចិនខាងត្បូង។

លោកប្រធានាធិបតីDuterte បានចាត់ទុក សាលក្រមនៃមជ្ឈឹត្តការអចិន្ត្រៃយ៍អន្តរជាតិនេះគឺជាផ្នែកមួយនៃច្បាប់អន្តរជាតិ ដែលប្រទេសនៃសមាជិកអង្គការសហប្រជាជាតិ ត្រូវអនុវត្ត គឺគ្មានភាគីណាមួយ ប្រកែកឬបដិសេធមិនអនុវត្ត បានឡើយ។

លោកប្រធានាធិបតីហ្វីលីពីន សង្គត់ធ្ងន់ថាលោកសូមជំទាស់ជាដាច់ខាតរាល់ការប៉ុនប៉ងបំផ្លាញសេចក្តីសម្រេចរបស់សា្ថប័នតុលាការអន្តរជាតិមួយនេះ ។ លោកក៏បាន ទទូចដល់ប្រទេសជាច្រើនទៀត គាំទ្រសាលក្រមមួយនេះ ។លោកឌូទើតេ ថាការគាំទ្រសេចក្តីសម្រេចនេះ គឺប្រៀបទៅនឹងជ័យជម្នះនៃហេតុផល  លើភាពគ្មានសណ្តាប់ធ្នាប់ និងមិត្តភាព លើការចង់បានលើសលុបពីប្រទេសមួយនោះ។ 

ប៉ុន្តែប្រយោគមួយដ៏មុជស្រួចរបស់ លោកDuterteគឺ លោកចង់ប្រាប់ទៅភាគីចិនថា ហ្វីលីពីនមិនចង់ប្រឈមមុខនឹងចិនទេ។ ចំណែកចំណងទាក់ទងការទូត ត្រូវតែមានជានិច្ចជាមួយគ្នា តែបើ មហាអំណាចណាមួយបង្កអោយមានសង្គ្រាម គឺហ្វីលីពីន ត្រូវតែធ្វើសង្រ្គាមជាមួយមហាអំណាចនោះ។

ការថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ របស់មេដឹកនាំសមាគមអាស៊ាន  ត្រូវបាន កត់សំគាល់ថា មានជំហរខុសគ្នា ចំពោះគោលនយោបាយសហគមន៍ ដែលខុសពីចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២១៥ ដែលថារួមគ្នា ប្រកាន់ជំហរតែមួយ គឺសូម្បីតែ វៀតណាម ដែលធ្លាប់អាមេរិកលើកទ័ពឈ្លានពាន ក្នុងសង្រ្គាម វៀតណាម ឬសង្រ្គាមឥណ្ឌូចិន គឺនៅពេលនេះ ក្រុងហាណូយ បានស្រវ៉ាអោបអាមេរិក អោយ ជួយការពារដែនកោះរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដែលក្រុងហាណូយត្អូញត្អែលប្រាប់អាមេរិក ថា ដែនកោះរបស់ខ្លួននៅ ប្រជុំកោះប៉ារ៉ាហ្សែល កំពុងរងការចូលលុកលុយកាន់កាប់ថែមទៀតដោយកងទ័ពទឹករបស់ចិន ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.