ក្រុមអ្នកឃ្លាំមើលថា កម្ពុជាប្រឹងខ្ចីលុយចិនដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច ខណៈវិស័យឯកជនបន្តបិទទ្វារជាបន្តបន្ទាប់

ក្រុមអ្នកឃ្លាំមើលសិទ្ធិការងាររិះគន់ថា រដ្ឋាភិបាលកម្ពុជាគួរប្រើប្រាស់ថវិកាជាតិដើម្បីស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាដែលកំពុងតែធ្លាក់ចុះឲ្យបានល្អប្រសើរជាងនេះ ជាជាងការចំណាថវិកាទាំងនោះទៅលើទីប្រឹក្សា និងគណៈរដ្ឋមន្ត្រីដ៏ច្រើនលើសលុប ដែលបណ្តាលឲ្យខាតបង់ថវិកាជាតិធ្ងន់ធ្ងរ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)  លោក មឿន តុលា អះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងដើរបញ្ច្រាសពីប្រទេសជឿនលឿនលើសកលលោក ក្នុងពេលប្រឈមវិបត្តិកូវីដ១៩ ដែលពួកគេបានត្រៀម និងបង្កើនការចំណាយថវិកាជាតិកាន់តែខ្លាំងដើម្បីជួយដល់វិស័យឯកជន និងពលរដ្ឋ តែផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយការចំណាយថវិកាជាតិមកនៅត្រឹមពាក់កណ្តាលទៅវិញ។ លោកបន្តថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានផែនការជួយជ្រោមដល់វិស័យឯកជនដែលកំពុងជួបវិបត្តិក្នុងអំឡុងពេលរីករាលដាលនៃជំងឺសកលនេះឡើយ។

លោកអះអាងថា ប្រសិនបើទីប្រឹក្សា និងគណៈសមាជិករដ្ឋមន្ត្រីត្រូវកាត់បន្ថយ រដ្ឋាភិបាលប្រាកដជាមានលទ្ធភាពបង្វែរថវិកាជាតិមួយភាគធំជួយទប់ទល់វិស័យឯកជនដែលកំពុងជួបវិបត្តិសកលនេះជាក់ជាពុំខាន ត្បិតវិស័យឯកជនទាំងនោះជាចង្វាក់ផលិតកម្មដ៏សំខាន់ដើម្បីជួយជុំរុញឲ្យសេដ្ចកិច្ចកម្ពុជាដំណើរការឡើងវិញគ្រប់ពេលវេលា។

ការអះអាងរបស់លោក មឿន តុលា ធ្វើឡើងក្រោយពីក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា បានសម្រេចបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ដោយសារគ្មានភ្ញៀវទេសចរណ៍ចូលទស្សនាអស់រយៈពេលជាច្រើនខែកន្លងមកនេះ។ ពួកគេត្អូញត្អែថា ដោយសារក្រុមហ៊ុនជួបវិបត្តិផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ដូច្នេះពួកគេមិនមានលទ្ធភាពផ្គត់ផ្គង់លើការចំណាយនានាជុំវិញដំណើរអាជីវកម្មនេះបន្តទៀតបាននោះទេ។

ភូមិវប្បធម៌កម្ពុជាបានបង្កើតឡើងក្នុងឆ្នាំ២០០៣ សាងសង់លើផ្ទៃដីយ៉ាងធំធេងតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទីរួមខេត្តសៀមរាបដែលបានរៀបចំ សាងសង់ជាផ្ទះបុរាណ សំណង់និមិត្តរូបនៃតំបន់ប្រវត្តិសាស្ត្រខ្មែរ ដូចជា ព្រះបរមរាជវំាង ភ្នំព្រះរាជទ្រព្យ ជាដើម ព្រមទាំងបានប្រើក្រមួនសូន្យជារូប អតីតព្រះមហាក្សត្រខ្មែរ រូបអតីតសិល្បករ និងរូបកវីនិពន្ធខ្មែរ ជាដើម។

ក្រុមហ៊ុនឯកជនមួយនេះ មានបុគ្គលិកសរុប ប្រមាណ៣០០នាក់ ក្នុងនោះពួកគេត្រូវចំណាចលើបុគ្គលិកទាំងនោះ ក្នុងមួយខែៗ មិនតិចជាង៣ម៉ឺនដុល្លារនោះឡើយ។

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ចេញរបាយការណ៍របស់ខ្លួនថា វិស័យទេសចរណ៍នៅកម្ពុជាបានធ្លាក់ចុះជាង ៩៨% ដែលបានបង្ខំឱ្យអាជីវកម្មជាង ៣ពាន់មុខ ត្រូវបិទទ្វារ ហើយកម្មករប្រមាណ ៤ម៉ឺន ៥ពាន់ នាក់បាត់បង់ការងារ និងប្រាក់ចំណូលទាំងស្រុង។

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃទី៨ ខែតុលា ថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងថមថយពីអត្រា ៦,៥%  មកនៅត្រឹម -៤,១ % សម្រាប់ឆ្នាំ២០២០ នេះ ។ ការធ្លាក់ចុះនឹងបណ្តាលឲ្យ អត្រានៃភាពក្រីក្រអាចកើនឡើងជិត២ដង ដល់ទៅ ១៧,៦% ហើយអត្រាអ្នកអត់ការងារធ្វើអាចកើនឡើងដល់ ៤,៨% ឯណោះ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីដើម ខែតុលា នេះ បានប្រកាសពីការ បង្កើនការខ្ចីលុយពីបរទេសបន្ថែមទៀតពីឆ្នាំ២០២០ដល់ឆ្នាំ ២០២៤។ ក្រសួងអះអាងថា ក្នុងឆ្នាំ ២០២០ នេះ កម្ពុជានឹងបង្កើនកម្ចីពីបរទេសដល់ទៅ ជាង៨ពាន់ លានដុល្លារអាមេរិក និងក្នុងឆ្នាំ ២០២១ រដ្ឋាភិបាលគ្រោងខ្ចីដល់ទៅជាង ១០ពាន់ លានដុល្លារអាមេរិក រីឯឆ្នាំ២០២២ គ្រោងនឹងខ្ចី ជាង ១១ពាន់ លានដុល្លារអាមេរិក ខណៈឆ្នាំ ២០២៣ គ្រោងនឹងខ្ចី ជាង ១២ពាន់ លានដុល្លារអាមេរិក និងឆ្នាំ ២០២៤ គ្រោងបង្កើនកម្ចីដល់ទៅ ជិត ១៤ពាន់ លានដុល្លារអាមេរិកឯណោះ។

បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយសង្គម បានសរសេរលើគណនីយ្យ ហ្វេស ប៊ុក របស់លោកថា រដ្ឋាភិបាលកម្ពុជាបានជំពាក់លុយចិនជាង៦ពាន់លានដុល្លារ ស្មើនឹង២៩,៥ % នៃផលិតផលក្នុងស្រុកសរុប ហើយជាភាគរយដែលខ្ពស់ជាងគេបង្អស់ក្នុងចំណោម ប្រទេសចំនួន៣០ដែលជំពាក់លុយចិន៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.