លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុប គង់តែនឹងបាត់បង់ ប៉ុន្តែ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឬ FTA នឹងមានជាអមតៈ។
ការលើកឡើងនេះក្រោយពេល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងឯកសារចំនួន៣ទៀតរវាងរដ្ឋាភិបាភិបាលកម្ពុជា និងមហាមិត្តចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី នៅវិមានសន្តិភាពក្រុងភ្នំពេញ។
ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃច័ន្ទនេះ គឺមានសារៈសំខាន់ណាស់។ លោកបញ្ជាក់ថា EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននេះ គឺនៅជារៀងរហូត។
ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១២ខែតុលានេះ គឺមានកិច្ចព្រមព្រៀង និងឯកសារចំនួន៣ទៀត រួមមានកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសសម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង ទឹកប្រាក់ ៩៥០លានយ័ន។
ការចុះហត្ថលេខាលើលិខិតប្តូរឯកសារស្តីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងចុងក្រោយលិខិតប្តូរសារស្តីពី ការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។
លោក វ៉ាង យី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស កម្ពុជា គឺថ្ងៃទី ១១ និង១២ ខែតុលា ។
អំឡុងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ លោក វ៉ាង យី បានចូលជួបលោកនាយករដ្ឋមន្ត្រីនៃកម្ពុជា ហ៊ុន សែន ។
ក្រៅពីនេះលោក ជួបពិភាក្សាជាមួយ លោក ហោ ណាំហុង និងជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន។
កាលពីថ្ងៃទី ១២ ខែសីហា សហភាពអឺរ៉ុប បានសម្រេចអនុវត្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%ពីកម្ពុជា លើការនាំមុខទំនិញប្រមាណ៤០ប្រភេទ ចូលទឹកដីខ្លួន ដែលមានទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ការសម្រេចនេះ នឹងធ្វើឱ្យកម្ពុជាត្រូវខាតប្រាក់បង់ពន្ធប្រមាណ១រយលានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ប៉ុន្តែអឺរ៉ុបបង្ហើបថាកម្ពុជានឹងមានវាសនាទទួលបានភាពអនុគ្រោះពន្ធនេះពេញលេញវិញ ប្រសិនបើស្ថានភាពនយោបាយ និងការគោរពសិទ្ធិមនុស្សមានភាពប្រសើរពិតប្រាកដ។
សម្រាប់លោក ហ៊ុន សែន ហាក់បង្ហាញពីភាពមិនព្រួយបារម្ភចំពោះការបាត់បង់EBA ខណៈសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានផ្ញើលិខិតទៅសហភាពអឺរ៉ុបម្តងជាពីរដង ដោយស្នើឱ្យពន្យារពេលក្នុងការអនុវត្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធមួយនេះ។
GMAC មើលឃើញថាការដកប្រព័ន្ធអនុគ្រោះពន្ធEBA ២០%នឹងធ្វើឱ្យវិស័យកាត់ដេរនៅកម្ពុជារង្គោះរង្គើល ត្បិតអ្នកបញ្ជាទិញនឹងងាកទៅរកប្រទេសដែលមានលក្ខខណ្ឌអនុគ្រោះពន្ធប្រសើរជាងកម្ពុជា។
លើសពីនេះ កម្មកររាប់សិបម៉ឺននាក់នឹងរងផលប៉ះពាល់ដោយផ្ទាល់ ដោយពួកគេនឹងធ្លាក់ទៅរកភាពគ្មានការងារធ្វើ រីឯសមាជិកកុ្រមគ្រួសាររបស់ពួកគេរាប់លាននាក់ទៀត នឹងរងផលប៉ះពាល់ដោយប្រយោល៕