32.9 C
Phnom Penh

អាមេរិកបើកនាវាចម្បាំងចូលដែនទឹកចិន ធ្វើអោយចិន ប្រតិកម្មជាខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានភាពនៅសមុទ្រចិនខាងត្បួងពិតជាមិនថប់ថយឡើយ អស់ពី រឿងមួយចូលរឿងមួយទៀត។ កាលពីថ្ងៃអាទិត្យទី ១១តុលា សារព័ត៌មាន South Morning Post ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបានធ្វើសេចក្ដីរាយការណ៍ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ប្រចាំការនៅសមុទ្រហ្វីលីពីន បានបញ្ចូននាវាចម្បាំងមួយគ្រឿង ដែលគេហៅថានាវាពិឃាត USS John S. McCain បើកបណ្ដែតខ្លួននៅសមុទ្រចិនខាងត្បូង។

ប្រភពដដែលឲ្យដឹងថា នាវាសហរដ្ឋអាមេរិក មួយគ្រឿងនេះ បានបើកនិងបណ្ដែតខ្លួននៅ ក្នុងតំបន់ប្រជុំកោះប៉ារ៉ាហ្សែល កាលពីថ្ងៃទី១០តុលា ដែលទីក្រុងប៉េកាំងបានហៅសកម្មភាពរបស់នាវាចម្បាំងរបស់អាមេរិកគឺ ជាការបង្កការប្រទុសារាយ ។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោកវរៈសេនីយ៍ឯក Zhang Nandong, បាននិយាយថាកងទ័ពរំដោះប្រជាជនចិន បានចាប់រូបភាពបាន នាវា ចម្បាំង USS John McCain  ដោយបានឃើញនាវានេះ បណ្ដែតខ្លួន ក្នុងដែនទឹកនៃប្រជុំកោះប៉ារ៉ាហ្សែល កាលពីថ្ងៃសុក្រទី៩តុលាហើយ រហូតដល់ថ្ងៃសៅរ៍ ទី១០តុលា ។

បន្ទាប់ពីនាវាអាមេរិក បានបើកទៅដល់ ប្រជុំកោះ ប៉ារ៉ាហ្សែល បញ្ចាការដ្ឋាននៃកងទ័ពរំដោះ ប្រជាជនចិន បានហៅ សកម្មភាពរបស់ នាវា USS John McCain ថានាវាពិឃាតមួយនេះ គឺជាមុខសញ្ញាបង្កគ្រោះថ្នាក់ជាខ្លាំង។

នៅក្នុងសេចក្ដីថ្លែងការណ៍ របស់កងទ័ពរំដោះប្រជាជនចិន ប្រតិកម្មថា កងទ័ពចិន ត្បិតមិនបានធ្វើសកម្មភាពភ្លាមៗ ប្រឆាំងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ក៏ដោយតែអះអាងថាចិនបានបញ្ចូននាវាចម្បាំងជាច្រើនគ្រឿងតាមដានសកម្មភាពរបស់នាវា USS John McCain។

លោកវរៈសេនីយ៍ឯក Zhang Nandong បានចោទថា នាវានោះបានចូលខាងក្នុងដែនអធិបតេយ្យ របស់ចិន យ៉ាងពិតប្រាកដ ហើយបានទទូចសុំអោយសហរដ្ឋអាមេរិកដាក់វិន័យ កងនាវា  USS John McCain ដោយមិនត្រូវអោយមាន ទង្វើបែបនេះឡើយ។

ទីក្រុងប៉េកាំងបានប្រកាសថារាល់ដែនទឹកនិងដែនកោះទាំងអស់នៅ សមុទ្រចិនខាងត្បូង គឺជារបស់ចិន។ ទាំងកោះប៉ារ៉ាហ្សែល និងកោះ ស្រ្ពាតលី គឺជារបស់ចិន។ ប្រជុំកោះធំ២នេះ ត្រូវបានចិនលើកទ័ពចូលកាន់កាប់ ក្នុងសង្រ្គាម ឆ្នាំ១៩៧៤ ដោយដណ្ដើមបានពីប្រទេសវៀតណាម។

លោកវរៈសេនីយ៍ឯក Zhang Nandong បាននិយាយថា សហរដ្ឋអាមេ រិក ជារឿយៗ បានបើកនាវា ទៅកាន់សមុទ្រចិនខាងត្បូង ដែលជាការបង្ហាញថាខ្លួនចង់ត្រួតត្រាតំបន់នោះ ទោះជាដឹងថា ជាដែនអធិបតេយ្យ របស់ចិនក៏ដោយ។

ទំនាក់ទំនង សហរដ្ឋអាមេរិក និងចិន បានធ្លាក់ចុះ ជាខ្លាំងចាប់តាំងពី ឆ្នាំ២០១៧ ដែល ប្រទេសមហាអំណាច សេដ្ឋកិច្ចទាំង២នេះ ផ្ទុះសង្រ្កាមពាណិជ្ជកម្ម។ នៅដើមឆ្នាំ ២០២០ សហរដ្ឋអាមេរិក ក្រោមរដ្ឋការរបស់ លោកប្រធានាធិបតី ដូណាល់ត្រាំក៏សម្រេច បញ្ជូននាវា ចម្បាំង នាវាផ្ទុកយន្តហោះ និងយន្តហោះចម្បាំងបើកបរហោះហើរ លើលំហសមុទ្រចិនខាងត្បូង ដែលនាំអោយចិន ប្រតិកម្ម ហើយគំរាមបាញ់កំទេច នាវាសហរដ្ឋអាមេរិក ។

ការដែលសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធទ័ពជើងទឹក ដោយ អូសនាវា ផ្ទុកយន្តហោះ ចម្បាំង USS Nimitz and USS Ronald Reagan,កាលពីខែមិថុនានៅសមុទ្រចិនខាងត្បូង គឺបន្ទាប់ពី ប្រទេសនៃសមាគមអាស៊ាន ដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី សម្ដែងការព្រួយបារម្ភ ជាខ្លាំង ដោយសារតែ នាវាល្បាតនិងនាវាចម្បាំងប្រទេសចិន ធ្វើសមយុទ្ធ ហើយ បានចូលកាន់កាប់ ដែនកោះរបស់ពួកគេ។

ដោយមើលឃើញដូចនេះ សហរដ្ឋអាមេរិក តែងតែចេញមុខជំនួស ប្រទេសទាំង៤ ថ្កោលទោស ចិន ដោយបានជំរុញអោយចិន បញ្ឈប់សកម្មភាព វាតទីតំបន់សមុទ្រចិនខាងត្បូង ហើយស្វែងរកដំណោះស្រាយ ជាមួយប្រទេសពាក់ព័ន្ធ។

ក្នុងជម្លោះដ៏តានតឹងនៃសមុទ្រចិនខាងត្បូងគេឃើញថា ក្រៅតែពីអាមេរិកដែលតាំងនាវាចម្បាំងបញ្ឈរលើលំហនៅសមុទ្រមានទំហំ៣លានគីឡូម៉ែត្រក្រឡា គឺប្រទេសអូស្ដ្រាលី ដែលបានប្ដឹងចិនទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិជំនួសប្រទេសវិវាទក្នុងតំបន់ក៏បានអូសនាវាចម្បាំងរបស់ខ្លួនបើកឆ្លងកាត់សមុទ្រនេះជារឿយៗដែរ។

សេចក្ដីរាយការណ៍ចុងក្រោយក៏បានឱ្យដឹងថា  ប្រទេសកាណាដាបានសម្រេចបញ្ជូននាវាចម្បាំងរបស់ខ្លួនអោយបើកចូលសមុទ្រចិនខាងត្បូងមុនទៅកាន់ច្រកសមុទ្រតៃវ៉ាន់កាលពីប៉ុន្មានថ្ងៃមុននេះ ស្របពេលអង់គ្លេស និងហូឡង់ ប្រកាសថា នឹងបញ្ជូន នាវាចម្បាំង របស់ពួកគេ អោយបើកឆ្លងកាត់សមុទ្រ ចិនខាងត្បូង នៅពេលឆាប់នេះដែរ។ 

បើសិនជានាវាចម្បាំង អង់គ្លេស និងហូឡង់ធ្វើដំណើរមកកាន់សមុទ្រចិនខាងត្បូងដែរ គឺអង់គ្លេស និងហូឡង់គឺជាប្រទេស២នៅអឺរ៉ុប សម្រេចចូលខ្លួនពាក់ព័ន្ធនឹងជំលោះជាមួយចិន។ ពួកគេចង់បញ្ជាក់ជំហរទៅកាន់ចិនថា សមុទ្រចិនខាងត្បូងគឺជាដែនទឹកអន្ដរជាតិដែលត្រូវបើកឆ្លងកាត់ដោយសេរីនិងដោយចំហ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស